ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹកជំនន់​សម្លាប់​មនុស្ស​​យ៉ាងតិច​៨​នាក់​​មក​ទល់​នឹង​ថ្ងៃ​នេះ


យោង​​​តាម​​​របាយ​ការណ៍​​​របស់​​​​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​មនុស្ស​​​១៦៨​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​មនុស្ស​​​ប្រមាណ​​​ជិត​១លាន​៨​​​សែន​​​នាក់​​​បាន​​​រង​​​ការ​​​ប៉ះពាល់​​​ដោយសារ​​​ទឹក​​​ជំនន់​​​ក្នុង​​​ឆ្នាំ​​​២០១៣។​
យោង​​​តាម​​​របាយ​ការណ៍​​​របស់​​​​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​មនុស្ស​​​១៦៨​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​មនុស្ស​​​ប្រមាណ​​​ជិត​១លាន​៨​​​សែន​​​នាក់​​​បាន​​​រង​​​ការ​​​ប៉ះពាល់​​​ដោយសារ​​​ទឹក​​​ជំនន់​​​ក្នុង​​​ឆ្នាំ​​​២០១៣។​

មនុស្ស​ចំនួន​ប្រាំបី​នាក់​បាន​ស្លាប់ក្នុង​គ្រោះ​ទឹក​ជំនន់​ដែល​កំពុង​លិចលង់​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ក្នុង​ប្រទេស​កម្ពុជា​មក​ទល់​ពេល​នេះ។​

ទឹក​ជំនន់​ទឹក​ទន្លេ​មេគង្គបាន​ជន់លិច​ខេត្តទាំងប្រាំ រួម​មាន​ខេត្ត​កំពង់​ចាម​ខេត្ត​ត្បូងឃ្មុំ ​ខេត្ត​កណ្តាល​ ខេត្ត​ក្រចេះ​និង​ស្ទឹងត្រែង​អស់​រយៈ​ពេលជាង​មួយ​សប្តាហ៍​មក​ហើយ។

លោក​ញឹម​ វណ្ណដា​ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ទឹក​ជំនន់​ឆ្នាំ​២០១៤​នេះ​កើត​មាន​ឡើង​ដោយសារ​កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​ខ្យល់​ព្យុះ​រ៉ាមាន់សាន់​ទី​៩ ​និង​រង​សម្ពាធ​ទាប​ បួករួម​ទាំង​ខ្យល់​មូសុង។​ ប៉ុន្តែ​លោក​រំពឹង​ថា ​ទឹក​ជំនន់​នឹង​ស្រក​ទៅវិញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។​

«យើង​និយាយ​ថា ​ទឹក​ជំនន់​នឹង​ចាប់​ផ្តើម​ស្រក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ហើយ​យើង​កំពុង​តាម​ដាន​ពិនិត្យ​មើល​នូវ​ការ​ប៉ះពាល់​ និង​ការ​ខូចខាត»។​

ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​នោះ​មាន​២​នាក់​នៅ​ខេត្ត​ក្រចេះ ​៣​នាក់​នៅ​ខេត្តស្ទឹង​ត្រែង​ ​ម្នាក់​ក្នុង​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​ត្បូង​ឃ្មុំមាន​ជន​រងគ្រោះ​ស្លាប់​ម្នាក់​ និង​ខេត្ត​កណ្តាល​ម្នាក់។​ នេះ​បើ​យោងតាម​ព័ត៌មាន​ចុងក្រោយ​ដែល​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ទទួល​បាន​ពី​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

លោក​សរ​ ចំរុង​ អភិបាល​ខេត្ត​ក្រចេះ ថ្លែងប្រាប់​វីអូអេ​សំឡេងសហរដ្ឋ​អាមរិក​តាម​ទូរស័ព្ទថា ស្ថាន​ភាព​ទឹក​ជំនន់​ស្ថិត​ក្នុង​កម្រិតប្រកាស​អាសន្ននៅ​ឡើយ។​

«អញ្ចឹងឥឡូវ​នេះ​ទឹក​លិច​ផ្លូវ​ពី​ក្រចេះ​មក​ឆ្លូង។​ ខ្ញុំ​បាន​បិទ​មិន​ឲ្យ​ឡាន​ធំធ្វើ​ដំណើរ​ទេ កុំ​ឲ្យខូច​ថ្នល់ និង​ដើម្បីការ​ពារ​សុវត្ថិភាព​ ទី​ប្រជុំ​ជន់​ក៏​លិចដែរ។​យើង​បានដាក់លូ និង​ម៉ាស៊ីន​ពីរ​ដើម្បី​បូម​ទឹក​ចេញ។​ ​ព្រឹក​មិញ​នេះ​ ខ្ញុំ​បាន​ទៅ​មើល​នៅ​ទីទួល​សុវត្ថិភាព​គឺយើង​បាន​អប់រំ​គាត់​ឲ្យ​ដឹង​ពី​ជំងឺ​របស់​សត្វ​ ​បាន​ចាក់​ថ្នាំ​ការពារ​សត្វ​ទាំង​នោះ»។​ ​

ឡោយ​ឡែក លោក​ លន់​ លឹមថៃ ​អភិបាល​ខេត្ត​កំពង់​ចាម​ ថ្លែង​ថា​ រហូត​មក​ទល់​ថ្ងៃ​អង្គារ​នេះ​ដែរ ​កម្រិត​កម្ពស់​ទឹកក្នុង​ទន្លេ​មេគង្គ​បាន​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន។​

«ឥឡូវ​នេះ​យើង​ឃើញ​ថា​ ក្នុង​ខេត្ត​ស្ទឹង​ត្រែងមាន​ការ​ស្រក​ចុះ​បន្តិច​ ក៏​ប៉ុន្តែ​នៅ​កំពង់​ចាម​នៅ​កើន​ឡើង​ ឡើង​ក្នុង​កម្រិត​តិច។​ ​ទឹក​នេះ​ប្រៀបធៀង​នឹង​ឆ្នាំ​មុន​ វា​មិនកាច​សាហាវ​នោះ​ទេ»។​

យោង​តាម​របាយ​ការណ៍​របស់គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​បាន​ឲ្យ​ដឹង​ថា មនុស្ស​១៦៨​នាក់​បាន​ស្លាប់​ និង​មនុស្ស​ប្រមាណ​ជិត​១លាន​៨​សែន​នាក់​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០១៣។​

ដោយឡែក​របាយ​ការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ UNDP​ បាន​ឲ្យ​ដឹង​ថា​ ស្រូវសរុប​ជាង​៣៨៥​០០០​ហិកតា​ត្រូវ​បាន​ជន់​លិច​ ហើយ​ជាង​១២៥០០០​ហិចតា​ត្រូវ​បានបំផ្លាញ​ដោយសារ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១៣​ ហើយ​ទឹក​ប្រាក់​ខូចខាត​ដោយសារ​ទឹក​ជំនន់​សរុប​ប្រហែល​៣៦៥​លាន​ដុល្លារ​អាមេរិក។​

ក៏​ប៉ុន្តែ​រហូត​ពេល​នេះ ​លោក​ញឹម វណ្ណដា​បញ្ជាក់​ថា លោក​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ការខូច​ខាត​ដោយ​សារ​ទឹក​ជំនន់នៅ​ឆ្នាំ​នេះ​នៅ​ឡើយ​ទេ។​

គួរ​រឭកផង​ដែរ​ថា​ ឆ្នាំ​២០១១​កម្ពុជា​បានរង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ទឹក​ជំនន់​ដែល​បង្ក​ឡើងដោយ​ទឹកភ្លៀង​ និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទីហ្វុង​ ក្នុង​នោះ​ខេត្ត​ចំនួន​១៨​ត្រូវ​បាន​ជន់​លិច​ និង​មនុស្សយ៉ាងតិច​២៥០​នាក់​បាន​បាត់​បង់​ជីវិត៕

XS
SM
MD
LG