ប្រជាពលរដ្ឋប្រមាណជាង២៧ម៉ឺននាក់នៅទូទាំងពិភពលោកក្នុងនោះមានប្រជាពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺន២ពាន់នាក់បានធ្វើញត្តិរួមគ្នាដើម្បីអំពាវនាវឲ្យក្រុមហ៊ុនមេហ្កាហ្វើស (Mega First ) របស់ប្រទេសម៉ាឡេស៊ី ផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅក្នុងប្រទេសឡាវ នៅលើដងទន្លេមេគង្គដែលមានរឿងដ៏ចម្រួងចម្រាស់។
ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវអាចជាសញ្ញាអវិជ្ជាមានមួយពីការបាត់បង់នូវធនធានជលផល និងសត្វផ្សោតប្រមាណ៨៥ក្បាល ដែលជិតផុតពូជ ហើយកំពុងរស់នៅប្រមាណចម្ងាយ១៩០គ.ម.ភាគខាងត្បូងប្រទេសឡាវ និងភាគឦសានក្នុងប្រទេសកម្ពុជា និងពូជត្រីជាច្រើនប្រភេទដែលកំពុងរស់នៅក្នុងទឹកទន្លេមេគង្គ។
លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា មានប្រសាសន៍ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍នេះថា ញត្តិដែលប្រមូលបាននេះបានប្រើពេលវេលាប្រមាណជាង៤ខែតាមបណ្តាញអ៊ីនធឺណិតនៅជុំវិញពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។ ហើយលោកនឹងដាក់ញត្តិនេះទៅក្រុមហ៊ុនមេហ្កាហ្វើសក្នុងពេលឆាប់នេះដើម្បីឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ។
លោកមានប្រសាសន៍ថា ទន្លេមេគង្គជាទន្លេប្រកបទៅដោយធនធានត្រីប្រមាណជាង៨៥០ប្រភេទ និងជីវចម្រុះ បន្ទាប់ពីទន្លេអាម៉ាហ្សូន ហើយប្រសិនបើគេសាងសង់ទំនប់វារីអគ្គិសនីនេះ វានឹងធ្វើឲ្យត្រីមិនអាចធ្វើចរាចរណ៍ពីទឹកផ្នែកខាងក្រោមឡើងទៅផ្នែកខាងលើ និងពីផ្នែកខាងលើមកផ្នែកខាងក្រោមបានទេ ដែលធ្វើឲ្យត្រីងាយផុតពូជ។
លោកនិយាយថា៖ «ថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយលទ្ធផលនៃញត្តិដែលយើងទទួលបាន ដើម្បីបញ្ជូនទៅដល់អ្នកធ្វើការសាងសង់ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសនៅតាមដងទន្លេមេគង្គ ឲ្យគិតគូរពិចារណាឲ្យបានស៊ីជម្រៅទៅលើការព្រួយបារម្ភដែលប្រជាជន២៧ម៉ឺននាក់នៅលើពិភពលោកនិង១ម៉ឺន២ពាន់នាក់នៅក្នុងស្រុកខ្មែរយើងនេះ មានការលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ»។
ទន្លេមេគង្គហូរកាត់ប្រទេសចំនួនបួនគឺប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ និងមានប្រវែងប្រមាណជាង៤.៥០០គ.ម.។ ទន្លេនេះហូរកាត់ប្រទេសកម្ពុជាតាមខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ទីក្រុងភ្នំពេញ និងជាព្រំដែនរវាងកណ្តាល និងខេត្តព្រៃវែង។
លោក អាន ហូរ តំណាងសហគមន៍មកពីខេត្តក្រចេះមានប្រសាសន៍ថា គម្រោងទំនប់វារីអគ្គិសនីនេះអាចប៉ះពាល់ដល់មុខរបរនេសាទត្រី និងកសិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះ និងសហគមន៍ផ្សេងៗទៀត។
លោកនិយាយថា៖ «បញ្ហាគឺសត្វផ្សោតទាំងមូលតែម្តង ដែលជាមុខរបរគូបផ្សំពីភ្ញៀវទេសចរណ៍ ដែលជាប្រភពចំណូលសំខាន់បំផុតនៃខេត្តក្រចេះយើងទាំងមូល»។
លោកតឹក វណ្ណារ៉ា នាយកប្រតិបតិ្តវេទិកានៃអង្គការសហគមន៍មិនមែនរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ប្រទេសឡាវជាប្រទេសខ្ពង់រាបនិងជាតំបន់ភ្នំ ដូច្នេះមិនខ្វះកន្លែងទេ ក្នុងការសាងសង់ទំនប់វារីអគ្គិសនី។
លោកមានប្រសាសន៍ថា ប្រទេសឡាវគួរតែទុកឲ្យទន្លេមេគង្គហូរដោយសេរី តាមលក្ខណៈធម្មជាតិ ដើម្បីផ្តល់ភោគផលដល់ប្រជាជន៦០លាននាក់នៅលើពិភពលោក។
លោកនិយាយថា៖ «ទាក់ទងការអភិវឌ្ឍទំនប់ វាគួរតែស្តាប់មតិយោបល់របស់ប្រជាជន ដែលកំពុងរស់នៅពឹងអាស្រ័យលើអាងទន្លេមេគង្គ...គួរតែបញ្ឈប់»។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវនៅមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយទេ ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងថៃទាមទារឲ្យប្រទេសឡាវផ្អាកគម្រោងសាងសង់ទំនប់ដែលមានតម្លៃជាង៣.៨០០លានដុល្លារនេះជាបណ្តោះអាសន្នសិន។
ទំនប់វារីអគ្គិសនីដនសាហុង ដែលមានកម្រិតថាមពលប្រមាណ២៦០ម៉េហ្គាវ៉ាត់នេះស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសកម្ពុជា៕