ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទឹក​ជំនន់​សម្លាប់​មនុស្ស​១៩​នាក់​ហើយ​បន្ត​ឡើង​ទៀត


ស្រ្តី​ម្នាក់​នេះ យោល​អង្រឹង​កូន​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​គាត់​ដែល​លិច​ទឹក​ នៅ​ក្នុង​ខេត្ត​កណ្តាល​នៃ​ប្រទេស​កម្ពុជា នៅ​ខែតុលា ឆ្នាំ២០១៣។

មនុស្ស​ចំនួន​១៩នាក់​បាន​ស្លាប់ក្នុង​គ្រោះ​ទឹក​ជំនន់​ដែល​កំពុង​លិច​លង់​ក្នុង​ខេត្ត​មួយ​ចំនួនក្នុងប្រទេស​កម្ពុជា​មក​ទល់​ពេល​នេះ​ក្នុង​នោះ​ពាក់​កណ្តាល​នៃ​អ្នក​ស្លាប់​គឺជា​កុមារ។

ទឹក​ជំនន់​ទឹក​ទន្លេមេគង្គបាន​ជន់​លិច​ខ្លាំងនៅ​តាម​បណ្តាខេត្តរួម​មាន​ដូច​ជាខេត្ត​កំពង់​ចាម​ ត្បូងឃ្មុំ​កណ្តាល​និងខេត្ត​ព្រៃវែង។ រីឯ​កម្រិតទឹក​នៅ​ខេត្ត​ក្រចេះ រតនៈគីរី​និង​ខេត្ត​ស្ទឹងត្រែង​បាន​ស្រក​បនិ្ត​ច​ហើយ។

ទឹក​ជំនន់ទន្លេ​មេគង្គ​ឆ្នាំ​២០១៤​នេះ​កើត​មាន​ឡើង​ដោយសារ​កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​ខ្យល់​ព្យុះរ៉ាមាន់សាន់​ទី​៩ ​និង​រង​សម្ពាធ​ទាប​ បូក​រួម​ទាំង​ខ្យល់​មូសុង​។​នេះ​បើ​តា​មការ​បញ្ជាក់របស់​មន្ត្រី​នៃ​គណៈ​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

លោក​ញឹម​ វណ្ណដា​ អនុប្រធាន​ទី​១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​មានប្រសាសន៍​ថា​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ​ទឹក​ជំនន់​នៅ​បន្ត​ជន់​លិច​ខេត្ត​កំពង់​ចាម​ធ្ងន់ធ្ងរ​ជាង​គេ។

​«ឥឡូវ​នេះ​ខែ​៨​ទឹក​ឡើង​ហើយ​ទំរាំ​ដល់​ខែ​៩​ទៀតទឹក​ឡើង​ថែម​ទៀត​អាច​ថា​ទឹក​វា​មិនដឹង​ស្រក​ទៅ​ណា​អីចឹង​ការ​ខូច​ខាតស្លាប់​ច្រើន​ជាង​នេះ។​ក្រចេះ ​ស្ទឹងត្រែង​ ​រតនៈគីរីស្រក​ហើយ​ប៉ុន្តែ​ខេត្តកណ្តាល​ព្រៃវែងនិង​រាជធានី​ភ្នំពេញ​កំពុង​ទទួល​សម្ពាធ​ពី​ខេត្ត​កំពង់​ចាម​អី​ចឹង​មិនស្រក​ទេមានតែ​ឡើង»។

ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​មាន​៣នាក់​នៅ​ខេត្ត​ក្រចេះ ​៣នាក់​ នៅខេត្តស្ទឹង​ត្រែង​ ​ខេត្ត​កំពង់​ចាម៨​នាក់​ ​ខេត្តត្បូង​ឃ្មុំមានជន​រងគ្រោះ​ស្លាប់១​នាក់​ ​ខេត្ត​ព្រៃវែងសម្លាប់​២​នាក់និង​ខេត្តកណ្តាល​២នាក់។​នេះ​បើយោងតាម​ព័ត៌មាន​ចុងក្រោយ​ដែល​VOA​សំឡេងសហរដ្ឋ​អាមេរិក​ទទួលបាន​ពី​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

លោក​ផៃ​ ប៊ុន​ឈឿន​អភិបាល​ខេត្ត​កណ្ដាល​ថ្លែង​ថា​ទឹក​ជំនន់​បាន​ជន់​លិច​ផ្នែក​ខ្លះ​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តក៏ប៉ុន្តែ​លោក​បញ្ជាក់ថា​ការ​ជន់​លិច​នេះ​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ។

«ការ​ពិត​ទឹក​វាឡើង​តាម​ទំហំ​ទឹក​ឡើង​ធម្មតា​ទេ​មិនមែន​ជា​ទឹក​ឡើងឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់​នោះ​ទេ។ វា​មិនទាន់​ជារបៀប​ប្រកាស​អាសន្នជា​ទឹក​ជំនន់​នោះ​ទេ។ ជា​ទូទៅ​អ្នក​មាត់​ទន្លេ​ទឹក​វា​លិច​ក្រោម​ផ្ទះ​លិច​ក្នុង​ភូមិ​លិច​ធម្មតា​អីចឹង»។

​លោក​រី ដា​វិន​ប្រធាន​ការិយាល័យ​ពេទ្យសត្វខេត្ត​ត្បូង​ឃ្មុំ​ថ្លែង​ថា​រហូត​មកទល់​ថ្ងៃ​សុក្រ​នេះ​ស្រុក​ចំនួន​ពីរ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ជន់​លិច​នៃ​ទឹក​ជំនន់។ លោក​បន្ថែម​ថាប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវបាន​ជម្លៀស​ ហើយ​ដីស្រែ​ចម្ការ​ជាច្រើន​ហិកតា​ត្រូវ​បាន​ជន់លិច។

«ខ្ញុំគិតថា​ប្រហែល​ជា​មិន​អាច​ជួយ​បានទេ​ដីស្រែ​ដែល​បាន​លិច​លង់​ហ្នឹង ដូច​ខ្ញុំ​ជម្រាប​មិញ​ហ្នឹង​ខ្ញុំ​ជិះ​ទូក​កាត់​ទៅ​មើល​ជាមួយ​លោក​ប្រធាន​មន្ទីរ​ជាមួយ​លោក​មេឃុំ​ហ្នឹង​វា​លិច​រហូត​ដល់​៣​ម៉ែត្រ​រហូត​ដល់​៤​ម៉ែត្រ​ឯ​ណោះ។​យ៉ាង​ហោច​ណាស់​ក៏​មួយ​អាទិត្យ​ទើប​ទឹក​ស្រក​ទៅវិញ​ ក៏ប៉ុន្តែ​មួយ​អាទិត្យ​ហ្នឹង​ស្រូវ​វាប្រហែល​រលួយ»។

​លោក​ប៉ែនលីណាតប្រធា​ន​លេខា​ធិការ​រដ្ឋា​ន​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រចាំ​ខេត្តក្រចេះ​ថ្លែង​ថា​រយៈ​ពេល​ជាងមួយ​សប្តាហ៍​ហើយ​ដែល​ទឹក​ជំនន់​បាន​ជន់​លិចផ្នែក​ខ្លះ​នៃ​ទីប្រជុំ​ជន​ក្នុង​ខេត្ត​ និង​ស្រុកចំនួន​៤​ទៀត។ លោក​បន្ថែម​ថាប្រជាពលរដ្ឋ​ប្រហែល​ជិត​២ពាន់​គ្រួសារ ​និងផ្ទៃ​ដី​ស្រូវ​វស្សា​ប្រហែល​ជាង​៦ពាន់​ហិកតា​បាន​រងការ​ប៉ះពាល់ដោយទឹក​ជំនន់។​

​«អតិបរមាវា​២២​ម៉ែត្រ​៨០ហើយ​វា​នៅ​ក្នុង​ដើម​រដូវ​ទៀត។​ កន្លង​មកទឹក​ឡើង​នៅ​ចុង​ខែ​៨​ចុង​ខែ​៩​ឯណោះ​បាន​វា​ឡើង​ដល់​កម្រិត​អីចឹង​ក៏​ប៉ុន្តែ​ឆ្នាំ​នេះវា​ឡើង​នៅចុង​ខែ​៧​ដើម​ខែ​៨»។​

យោង​តាម​របាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​បាន​ឲ្យ​ដឹង​ថា មនុស្ស​១៦៨​នាក់​បាន​ស្លាប់​ និង​មនុស្ស​ប្រមាណ​ជិត​១​លាន​៨​សែន​នាក់​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០១៣។​

ដោយ​ឡែក​របាយ​ការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា(UNDP)​ បាន​ឲ្យ​ដឹង​ថា​ ស្រូវ​សរុប​ជាង​៣៨៥​.០០០​ហិកតា​ត្រូវ​បាន​ជន់​លិច​ ហើយ​ជាង​១២៥.០០០​ហិកតា​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១៣​ ហើយ​ទឹក​ប្រាក់​ខូចខាត​ដោយសារ​ទឹក​ជំនន់​សរុប​ប្រហែល​៣៦៥​លាន​ដុល្លារ​អាមេរិក។

ឆ្នាំ​២០១១​កម្ពុជា​បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទីហ្វុង​ ក្នុង​នោះ​ខេត្ត​ចំនួន​១៨​ត្រូវ​បាន​ជន់​លិច​ និង​មនុស្ស​យ៉ាង​តិច​២៥០​នាក់​បាន​បាត់​បង់​ជីវិត៕

XS
SM
MD
LG