ក្រសួងរតនាគារសហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាលពីថ្ងៃសុក្រប្រឆាំងនឹងធនាគាររុស្ស៊ីចំពោះការជួយកូរ៉េខាងជើងឲ្យបញ្ចៀសចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីទប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចឆ្លងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ព្រឹត្តិការណ៍នេះកើតមានឡើងនៅពេលលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ត្រូវគេរំពឹងនឹងជំរុញពួកមេដឹកនាំប្រទេសតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃសៅរ៍នេះ ឲ្យរក្សាការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលកំពុងចរចាជាមួយសហរដ្ឋអាមេរិកដើម្បីរុះរើកម្មវិធីអាវុធរបស់ខ្លួន។
ក្រសួងរតនាគារអាមេរិកបានប្រាប់ឲ្យដឹងថា ធនាគារពាណិជ្ជកម្ម Agrosoyuz ដែលមានទីតាំងនៅក្នុងទីក្រុងមូស្គូបានធ្វើពាណិជ្ជកម្មយ៉ាងច្រើនជាមួយបុគ្គលដែលសហ រដ្ឋអាមេរិកបានដាក់ចូលក្នុងបញ្ជីខ្មៅចំពោះការពាក់ព័ន្ធនៅក្នុងកម្មវិធីអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង។
ក្រសួងរតនាគារអាមេរិកប្រាប់ឲ្យដឹងទៀតថា ធនាគាររុស្ស៊ីបានរកស៊ីជាមួយ លោក Hang Jang Su ដែលជាប្រធានធនាគារពាណិជ្ជកម្មបរទេសរបស់កូរ៉េខាងជើងមានទីតាំងក្នុងទីក្រុងមូស្គូដែលជាធនាគារប្តូររូបិយវត្ថុដ៏សំខាន់មួយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក Ri Jong Won ដែលជាអនុប្រធានរបស់លោក Han ដែលមានទីតាំងស្ថិតក្នុងទីក្រុងមូស្គូក៏ជាទីដៅនៃការទណ្ឌកម្មនោះដែរ។ ក្រសួងរតនាគារអាមេរិក បានប្រាប់ឲ្យដឹងថា ទាំងលោក Han និងលោក Ri ត្រូវតែបណ្តេញចេញពីប្រទេសរុស្ស៊ីនៅក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលធ្វើឡើងដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងចំពោះកម្មវិធីអាវុធរបស់ខ្លួន៕