ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាប្រទេសអាស៊ាន «គួរមានជំហររឹងមាំ» ក្នុងការចរចាគម្រោងវិនិយោគជាមួយចិន


រូប​ឯកសារ៖ មន្ត្រី​ម្នាក់​រៀប​ចំ​ទង់​ជាតិ​ចិន​ មុន​ពេល​​លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​ខាង​កើត នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា២០១២។ (REUTERS/Damir Sagolj)
រូប​ឯកសារ៖ មន្ត្រី​ម្នាក់​រៀប​ចំ​ទង់​ជាតិ​ចិន​ មុន​ពេល​​លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​ខាង​កើត នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា២០១២។ (REUTERS/Damir Sagolj)

ទី​បំផុត វា​អាស្រ័យ​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នីមួយៗ ក្នុង​ការ​ទាមទារ​បង្កើន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា និង​សម្រេច​ចង់​បាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ក្រុម​អ្នក​ឯកទេស​និយាយ​ថា ​ប្រទេស​អាស៊ាន​ទាំង​អស់ គួរ​តែ​ប្រកាន់​ជំហរ​រឹងមាំ​ នៅ​ពេល​ចរចា​កិច្ច​ព្រមព្រៀង​វិនិយោគ​របស់​ចិន ពីព្រោះ​វិនិយោគិន​ចិន​ចង់​ក្លាយ​ជា​ភាគី​ដែល​មាន​ការទទួលខុសត្រូវ​នៅ​ក្នុង​តំបន់។

កិច្ចពិភាក្សា​មួយ ​រៀបចំ​ដោយ​មជ្ឈមណ្ឌល Stimson កាល​ពី​ថ្ងៃទី១១ ខែឧសភា ពិនិត្យ​មើល​លើ​ការ​វិវត្តន៍​នៃ​ការ​អនុវត្ត​អាជីវកម្ម​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍ ឬ ​«ទម្លាប់ចិន» ដែល​ជា​វិធីសាស្ត្រ​វិនិយោគ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង និង​ការ​ផ្លាស់​ប្ដូរ​តួនាទី​របស់​សង្គម​ស៊ីវិល​ក្នុង​វិស័យ​វិនិយោគ​បរទេស។

លោក Kavi Chongkittavorn ដែល​ជា​សមាជិកទស្សនកិច្ច​សិក្សា​តំបន់​អាស៊ី​នៅ​មជ្ឈមណ្ឌល East West Center និង​ជា​អតីត​អ្នកកាសែត​មាន​បទពិសោធន៍​ការងារ​ជាង​បួនទសវត្សរ៍នៅ​តំបន់​អាស៊ីអាគ្នេយ៍ និយាយ​ថា​ ការ​វិនិយោគ​របស់​ចិន គឺ​មាន​ភាព​បត់​បែន​ខ្លាំង ហើយ​វិធីសាស្ត្រ​ចរចា​រឹងមាំ​ នឹង​ផ្ដល់​ផលប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ជាម្ចាស់​ផ្ទះ។

លោក Kavi Chongkittavorn ថ្លែង​ថា៖

«នៅ​ក្នុង​ការ​ចរចា​ជាមួយ​ចិន​អំពី​រថភ្លើង​ល្បឿន​លឿន យើង [ប្រទេស​ថៃ] បាន​ពង្រឹង​លក្ខខណ្ឌ​របស់​យើង។ ប្រទេស​ចិន​បាន​ឆ្លើយ​តប។ ដំបូង​វា​ដូច​ជា​ការ​ចរចា​ជាមួយ​ប្រទេស​ឡាវ​ដែល​មាន​លក្ខខណ្ឌ​មូលដ្ឋាន​ធម្មតា​ទាំងអស់ ហើយ​បន្ទាប់​មក​ ប្រទេស​ថៃ​និយាយ​ថា ទេ ទេ! នេះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន។ ហើយ​បន្ទាប់​មក វិនិយោគិនចិន​និយាយ​ថា យល់​ព្រម»។

លោក Chongkittavorn ពន្យល់​ថា​ នេះ​ជា​ឧទាហរណ៍​មួយ​ ដែល​ថា​ប្រទេស​ចិន​អាច​ទទួល​យក​ការ​ទាមទារ​តឹង​រ៉ឹង​ក្នុង​កិច្ច​ចរចា​វិនិយោគ ពីព្រោះ​ចិន​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ទំនាក់ទំនង​របស់​ខ្លួន​ ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​លោក Chongkittavorn ហៅ​តំបន់​នេះ​ថា​ជា «ទីធ្លាមុខផ្ទះ‍» របស់​ចិន។

លោក Chongkittavorn ថ្លែង​ថា៖

‍«ប្រទេស​ចិន​នឹង​មាន​អាកប្ប​កិរិយា​ផ្អែក​តាម​ស្ថានភាព​ជាក់​ស្ដែង​ ព្រមទាំង​សម្រប និង​ពង្រឹង​ខ្លួន​ ទៅតាម​កាលៈទេសៈ។ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ចិន​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង។ ប្រសិន​បើ​អ្នក​មាន​កំហុស ហើយ​អ្នក​មិន​កែ វា​នឹង​មាន​ផល​វិបាក​យ៉ាង​ធំ​ធេង ព្រោះ​បើ​អ្នក​ប៉ះ​ពាល់​ដល់​ប្រទេស​អាស៊ាន​មួយ ឧទាហរណ៍​ថា​ប៉ះ​ពាល់​ប្រទេស​ថៃ វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រទេស​អាស៊ាន​ដទៃ​ទៀត»។

លោក Kavi Chongkittavorn ជា​សមាជិកទស្សនកិច្ច​សិក្សា​តំបន់​អាស៊ី​នៅ​មជ្ឈមណ្ឌល East West និង​ជា​អតីត​អ្នកកាសែត​មាន​បទពិសោធន៍​ការងារ​ជាង​បួនទសវត្សរ៍នៅ​តំបន់​អាស៊ីអាគ្នេយ៍។ (សាយ មុន្នី/VOA)
លោក Kavi Chongkittavorn ជា​សមាជិកទស្សនកិច្ច​សិក្សា​តំបន់​អាស៊ី​នៅ​មជ្ឈមណ្ឌល East West និង​ជា​អតីត​អ្នកកាសែត​មាន​បទពិសោធន៍​ការងារ​ជាង​បួនទសវត្សរ៍នៅ​តំបន់​អាស៊ីអាគ្នេយ៍។ (សាយ មុន្នី/VOA)

ទីធ្លា​មុខ​ផ្ទះ​របស់​ចិន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០៣០ សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​កំពុង​ងើប​ឡើង​នានា នឹង​ត្រូវ​ការ​ប្រាក់​វិនិយោគ​ប្រហែល ២៦​លាន​លាន​ដុល្លារ ឬ ១,៧​លាន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​រក្សា​ល្បឿន​អភិវឌ្ឍន៍​តាម​គោលដៅ។

ប្រទេស​ចិន​ចាត់​ទុក​តំបន់​អាស៊ីអាគ្នេយ៍​ថា​ជា​ទិសដៅសំខាន់​ជៀស​មិន​បានសម្រាប់​ការ​វិនិយោគ ពីព្រោះ​ឱកាស​វិនិយោគ​ក្នុង​ស្រុក​របស់​ខ្លួន​ចាប់ផ្ដើម​កល់​មិន​សូវរីក​លូតលាស់​ទៅ​មុខ​ទៀត។ ការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​លំហូរ​ចូល​នៃ​ការ​វិនិយោគរបស់​ចិន​ទៅ​កាន់​អាស៊ី​អាគ្នេយ៍​ដែល​នៅ​ឆ្នាំ ២០១៥ មាន​ប្រហែល ៥,៣៦ភាគរយ នៃ​ចំនួន​វិនិយោគ​បរទេស​សរុប​ក្នុង​តំបន់ ប៉ុន្តែ​បាន​កើន​ឡើង​ទៅ​ដល់​ជិត១០ភាគរយ​នៅ​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ ASEAN។

លំហូរ​នៃការវិនិយោគបរទេសចូលអាស៊ានឆ្នាំ 2012-2016។ (ចាប ចិត្រា/VOA)
លំហូរ​នៃការវិនិយោគបរទេសចូលអាស៊ានឆ្នាំ 2012-2016។ (ចាប ចិត្រា/VOA)

លោក Chongkittavorn ថ្លែងថា៖

«ប្រទេស​ចិន​ត្រូវ​ការ​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី ប្រើប្រាស់​លុយ​ដែល​ខ្លួន​សល់​ច្រើន​ពេកនិង​ដើម្បី​វិនិយោគ​បង្កើន​ទុន​សេដ្ឋកិច្ច​និង​ផលិតភាព ជាពិសេស​លើ​វិស័យ​រថភ្លើង​ល្បឿន​លឿន»។

គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ ឬ Belt and Road Initiative ហៅ​កាត់​ថា BRI ដែល​ដឹក​នាំ​ដោយ​ប្រទេស​ចិន ក្នុង​គោល​បំណង​កសាង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​ទ្វីប​អាស៊ីនិង​អឺរ៉ុប បាន​បង្កើន​វត្តមាន​វិនិយោគទុន​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ គម្រោង​ផ្លូវ​ដែក​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​ថៃ​ឡាវ​និង​ឥណ្ឌូណេស៊ី និង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ថ្មី ដែល​រត់​ពី​ភាគ​ខាងត្បូង​ប្រទេស​ចិន កាត់​ប្រទេស​ឡាវ ទៅ​កាន់​ប្រទេស​ថៃ ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​នៅ​ក្រោម​គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ ​BRI នេះ។

យ៉ាង​ណា​មិញ ការ​វិនិយោគ​ចិន​ក្នុង​អាស៊ី​អាគ្នេយ៍​គ្រប់​ដណ្ដប់​លើ​វិស័យ​ផ្សេងៗ​លើស​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ។

អ្នកស្រី Courtney Weatherby អ្នក​វិភាគ​ការសិក្សា​ស្រាវជ្រាវ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson និយាយ​ថា ប្រទេស​ចិន​គឺ​ជា​អ្នកវិនិយោគទុន​ដ៏​ធំ​បំផុត ​លើ​វិស័យ​សំខាន់ៗ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងរ៉ែ ដោយ​មាន​គម្រោង​ជាច្រើន​រាប់​បញ្ចូល​ទាំង ផ្លូវថ្នល់ ផ្លូវដែក ទំនប់​វារីអគ្គិសនី និង​បំពង់​បង្ហូរ​ប្រេង​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន។ អ្នក​ស្រី Weatherbyបន្ថែម​ថា​ វិស័យ​ផលិតកម្ម​ក៏​ជា​វិស័យ​ចម្បង​សម្រាប់​ប្រទេស​ចិន​ធ្វើ​ការ​វិនិយោគ​ផង​ដែរ។

អ្នកស្រី Weatherby ពន្យល់​ថា៖

«វិស័យ​ផលិតកម្ម​ច្បាស់​ជា​វិស័យ​សំខាន់មួយ នេះ​បើ​ផ្អែក​ទៅ​លើ​សក្ដានុពល​របស់​ប្រជាជននា​ពេល​បច្ចុប្បន្ន ដែល​ពួកគេ​មាន​ជំនាញ​ផ្នែក​ផលិតកម្ម​រួចស្រាប់ នៅ​តាម​បណ្ដា​ប្រទេសអាស៊ី​អាគ្នេយ៍​ជា​ច្រើន»។

អ្នក​ស្រី Weatherby បន្ថែម​ថា​ កំណើន​តម្លៃ​ពលកម្ម​ក្នុង​ស្រុក ក៏​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិនជា​ច្រើន​ក្នុង​វិស័យផលិតកម្ម​ ចេញ​ពី​ប្រទេស​ចិន​ទៅ​រកស៊ី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

អ្នកស្រី Weatherby និយាយ​ថា៖

«ហើយ​ជា​ពិសេស​ការ​ផ្លាស់​ប្ដូរ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ការផលិត​កំពុង​ឡើង​ថ្លៃ​ខ្លាំង​ពេក ដោយសារ​កំណើន​ប្រាក់ឈ្នួល។ ដូច្នេះ​ហើយ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស»។

Courtney Weatherby អ្នក​វិភាគ​ការ​សិក្សាតំបន់អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson។ (ហុង ចិន្តា/VOA)
Courtney Weatherby អ្នក​វិភាគ​ការ​សិក្សាតំបន់អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson។ (ហុង ចិន្តា/VOA)

ហានិភ័យ​នៃ​ការ​វិនិយោគ​ចិន

វិស័យ​នានា​ដូចជា​ថាមពល​វារីអគ្គិសនី ដែល​ប្រទេស​ចិន​បាន​វិនិយោគនៅ​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈ​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ប៉ុន្តែ​វា​ក៏​នាំ​មក​នូវ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​យ៉ាង​ខ្លាំង​ផង​ដែរ។

អ្នកស្រី Weatherby និយាយ​ថា​ប្រទេស​អាស៊ាន​ទាំង ១០ មាន​សមត្ថភាព​តិចតួច​ក្នុង​ការ​រក្សា​បទដ្ឋាន​ផ្លូវ​ច្បាប់ ការ​វាយ​តម្លៃ​ហានិភ័យ និង​ការ​អនុវត្ត​ច្បាប់ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​បរិស្ថាន​និង​សង្គម ពី​គម្រោង​វិនិយោគ​របស់​ចិន។

អ្នកស្រី Weatherby បក​ស្រាយ​ថា៖

«ប្រទេស​ឡាវ កម្ពុជា មីយ៉ាន់ម៉ា គឺ​ជា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ស្តង់ដារ​ច្បាប់​ទាប​បំផុត​ សម្រាប់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ និង​ការ​ដាក់​កំហិត​កម្រិត​នៃ​ការ​បំពុល។

អ្នក​ស្រី Weatherby បន្ត​ថា៖

«សូម្បី​តែ​បណ្ដា​ប្រទេស​ដែល​បាន​ចង់​ក្រង​ច្បាប់​វិនិយោគ​បរទេស​ក៏​ដោយ ក៏​សមត្ថភាព​ក្នុង​ការ​តាមដាន​និង​ពិនិត្យ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន​និង​សង្គម​មាន​កម្រិត​ទាប​នៅ​ឡើយ។ ហើយ​សំខាន់​ជាង​នេះ ការ​អនុវត្ត​ច្បាប់​មាន​កម្រិត​ទាប និង​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ»។

ទាមទារ​ស្តង់​ដា​ខ្ពស់

មាន​ការ​យល់​ឃើញ​ជា​ទូទៅ​ថា ​ក្រុមហ៊ុន​ចិន​តែងតែ​មាន​ផ្នត់​គំនិត ‍«បំពុល​បរិស្ថាន​ជាមុន​សិន ហើយ​សម្អាត​តាម​ក្រោយ»។ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​ធំៗ​ជា​ច្រើន​ មាន​ឆន្ទៈ​គោរព​តាម​ផែន​ការ​ដែល​ធានា​ថា ពួកគេអាច​សម្រេច​កិច្ចការ​តាម​ស្តង់ដារ​ ហើយ​ថា​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ជា​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង​ដែល​អាច​ចរចា​បាន​យ៉ាង​សម​ហេតុ​សម​ផល»។ នេះ​បើ​យោង​តាម​អ្នក​ស្រី Weatherby។

​អ្នក​ស្រី Weatherby ថ្លែង​ថា៖

«ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខាត​បង់​ជា​ខ្លាំង ដោយសារ​កំហុស​ផ្សេងៗ ហើយ​ពួកគេ​កំពុង​តែ​ចាប់​ផ្ដើម​កែ​លម្អ​អាកប្បកិរិយា​របស់​ពួកគេ។ ពួកគេ​ប្រាកដ​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​មតិ​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​វិនិយោគ​របស់​ពួក​គេ»។

ទី​បំផុត វា​អាស្រ័យ​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នីមួយៗ ក្នុង​ការ​ទាមទារ​បង្កើន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា និង​សម្រេច​ចង់​បាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

អ្នកស្រី Yun Sun ដែល​ជា​សហ​ប្រធាន​នៃ​កម្មវិធី​សិក្សា​តំបន់​អាស៊ី​បូព៌ា​នៅ​មជ្ឈមណ្ឌល Stimson។ ​(សាយ​ មុន្នី/VOA)
អ្នកស្រី Yun Sun ដែល​ជា​សហ​ប្រធាន​នៃ​កម្មវិធី​សិក្សា​តំបន់​អាស៊ី​បូព៌ា​នៅ​មជ្ឈមណ្ឌល Stimson។ ​(សាយ​ មុន្នី/VOA)

អ្នកស្រី Yun Sun ដែល​ជា​នាយក​រង​កម្មវិធី​សិក្សា​តំបន់​អាស៊ី​បូព៌ា​នៅ​មជ្ឈមណ្ឌល Stimson និយាយ​ថា​ ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​នេះ គឺ​តួនាទី​របស់​ប្រទេស​ម្ចាស់​ផ្ទះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​បង្កើត​ស្តង់ដារ​ដែល​ធានា​នូវ​ការ​អនុវត្ត​អាជីវកម្ម​ល្អ និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​តាម​ដាន​និង​ពិនិត្យ​មើល​ឥរិយាបថ​របស់​ក្រុមហ៊ុន​ចិន និង​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន​ទាំង​នោះ​ជាមួយ​មន្ត្រី​មូលដ្ឋាន​នានា។

អ្នកស្រី Sun និយាយ​ថា៖

«រដ្ឋាភិបាល​ដែល​ទទួល​គម្រោង​វិនិយោគ​ចិន​ទាំងឡាយ ត្រូវ​តែ​មាន​ជំហរ​រឹង​មាំ។ ប្រសិន​បើ ពួកគេ​ទទូច​ចង់​បាន​ឲ្យ​ធ្វើ​តាម​ស្តង់ដារ​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​ទទូចឲ្យ​មាន​កិច្ច​ព្រមព្រៀងយុត្តិធម៌​មួយ​នោះ ចិន​នឹង​ធ្វើ​សម្បទាន​ និង​យក​ព្រម​ធ្វើ​តាម»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG