ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកទេសចរចិនធ្វើឲ្យក្រុងដែលជិតផុតរលត់នានានៅអឺរ៉ុបមានដង្ហើមរស់ឡើងវិញ


លំហូរ​នៃ​ទេសចរ​ចិន​ទៅ​កាន់​ទីក្រុង Bagnoregio គឺ​ជំរុញ​ទឹក​ចិត្ត​ដោយ​សារ​ភាពយន្ត​របស់​ជប៉ុន​មួយ​ដឹក​នាំ​ដោយ​លោក Hayao Miyazaki ដែល​បាន​យក​​ភ្នំ Civita ដាក់​បញ្ចូល​ក្នុង​ភាព​យន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ។
លំហូរ​នៃ​ទេសចរ​ចិន​ទៅ​កាន់​ទីក្រុង Bagnoregio គឺ​ជំរុញ​ទឹក​ចិត្ត​ដោយ​សារ​ភាពយន្ត​របស់​ជប៉ុន​មួយ​ដឹក​នាំ​ដោយ​លោក Hayao Miyazaki ដែល​បាន​យក​​ភ្នំ Civita ដាក់​បញ្ចូល​ក្នុង​ភាព​យន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ។

សព្វ​ថ្ងៃ​នេះ ​មាន​អ្នក​ទេសចរ​ចិន​ជា​ច្រើន​បាន​សម្រុក​ទៅ​ទស្សនា​ក្រុង​នានា​ដែល​ស្ទើរតែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទៅ​ហើយ​នៅ​ទ្វីប​អឺរ៉ុប ជាពិសេស​គឺ​ក្រុង ​Civita di Bagnoregio នៃ​ប្រទេស​អ៊ីតាលី។ លំហូរ​នៃ​អ្នក​ទេសចរ​ចិន​ទាំង​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ផង និង​ការ​សប្បាយ​រីករាយ​ផង។

ដំបូង​គេ​ឃើញ​មាន​អ្នក​ទេសចរ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ក្រុង Civita di Bagnoregio នៃ​ប្រទេស​អ៊ីតាលី ដែល​ជា​ក្រុង​ដែល​ស្ទើរតែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទៅ​ហើយ។ បន្ទាប់​មក លំហូរ​អ្នក​ទេសចរ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ។

ក្រុង Civitaដែល​ជា​ក្រុង​មាន​ដើម​កំណើត​តាំង​ពី​សម័យ​អារ្យធម៌​តំបន់ Etruria មក និង​ជា​ក្រុង​ដែល​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដ៏​តូច​មួយ​នៃ​តំបន់​ផ្ទាំង​ថ្ម​ភ្នំ​ភ្លើង​ដែល​សឹករិចរិល​ខ្លាំង​មួយ​កន្លែង នឹង​ទំនង​ជា​ទាក់ទាញ​អ្នក​ទេសចរ​បាន​ចំនួន​ប្រហែល ៨ សែន​នាក់ នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ភាគ​ច្រើន​នៃ​អ្នក​ទេសចរ​ទាំង​នោះ​គឺ​ជា​ជនជាតិ​ចិន។

នៅ​ពេល​ដែល​អ្នក​ទេសចរ​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​នោះ​ជា​លើក​ដំបូង ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​នៃ​ក្រុង​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​រដ្ឋបាល Lazio នៃ​ប្រទេស​អ៊ីតាលី​នេះ មាន​ការ​ភ្ញាក់ផ្អើល។

អ្នក​ទេសចរ​ចិន ក៏​ដូចជា​អ្នក​ទេសចរ​តៃវ៉ាន់ និង​អ្នក​ទេសចរ​កូរ៉េ​ខាង​ត្បូង​ក្នុង​ចំនួន​តិចតួច​ផង​ដែរ​នោះ បាន​ធ្វើ​ឲ្យ​ក្ដី​រំពឹង​សេដ្ឋកិច្ច​នៃ​ទីក្រុង​នោះ​មាន​ការ​ផ្លាស់ប្ដូរ។ អ្នក​ក្រុង​នោះ​បាន​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ថា សេដ្ឋកិច្ច​ក្នុង​ក្រុង​របស់​ពួកគេ​មិន​សូវ​រីក​ចម្រើន​ប៉ុន្មាន​ទេ​បើ​ប្រៀប​ជាមួយ​នឹង​សេដ្ឋកិច្ច​សាកលលោក ហើយ​ពួកគេ​ស៊ាំ​ទៅ​ហើយ​ក្នុង​ការ​ឃើញ​យុវជន​ក្មេងៗ​ចាកចេញ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេងៗ។

ឥឡូវ​នេះ យុវជន​ក្មេងៗ​បាន​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​ណា​នោះ​ទេ ដោយសារតែ​រលក​ភ្ញៀវ​ទេសចរ​មិន​គួរ​ឲ្យ​នឹង​ស្មាន​ដល់​ដែល​ហូរ​ចូល​មក​ក្នុង​ក្រុង​នេះ។

ចាប់​ពី​ភូមិ​នានា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​រហូត​ទៅ​ដល់​រដ្ឋធានី​ធំៗ​ដូចជា​ទីក្រុង​ឡុងដ៍ ទីក្រុង​ប៉ារីស និង​ទីក្រុង​រ៉ូម​ជា​ដើម គេ​ឃើញ​មាន​កំណើន​អ្នក​ទេសចរ​ចិន​ជា​ច្រើន ដែល​នេះ​ជា​សញ្ញា​យ៉ាង​ច្បាស់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ជា​សញ្ញា​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​សប្បាយ​រីករាយ​ផង និង​ការ​ភ័យ​ខ្លាច​ផង។

របាយការណ៍​មួយ​របស់​បណ្ឌិត​សភា​ទេសចរណ៍​ចិន និង​ក្រុមហ៊ុន Ctrip ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ ២០១៧ អ្នក​ទេសចរ​ចិន​ជាង ៦ លាន​នាក់​បាន​ទៅ​ទស្សនា​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប។ ប៉ុន្តែ អាជ្ញាធរ​អឺរ៉ុប​វិញ បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​ទេសចរ​ចិន​គឺ​ខ្ពស់​ជាង​នេះ ដែល​មាន​ចំនួន​ប្រហែល ១០ លាន​នាក់​ឯ​ណោះ។

អ្នក​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​បណ្ដា​ប្រទេស​នានា​នៃ​សហភាព​អឺរ៉ុប​បាន​កើន​ឡើង ៣ ដង នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ និង​បាន​កើន​ឡើង​លើស​អ្នក​ទេសចរ​ដែល​មក​ពី​បណ្ដា​ប្រទេស​ធំៗ​ផ្សេង​ទៀត​ដែល​មិន​ស្ថិត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ដូចជា​សហរដ្ឋ​អាមេរិក ប្រទេស​រុស្ស៊ី ឬ​ក៏​ប្រទេស​ប្រេស៊ីល​ជា​ដើម។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ Eurostat ដែល​ជា​ទីភ្នាក់ងារ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប។

ទិសដៅ​ទេសចរណ៍​នៅ​ទ្វីប​អឺរ៉ុប​ដ៏​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​អ្នក​ទេសចរ​ចិន​គឺ​ចក្រភព​អង់គ្លេស ប្រទេស​អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ។

ចំនួន​អ្នក​ទេសចរ​ចិន​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ ដែល​ជា​ឆ្នាំ​ទេសចរណ៍​ចិន​អឺរ៉ុប ដែល​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​ផ្សព្វផ្សាយ​មួយ​ដែល​បាន​អនុវត្ត​ឡើង​ដោយ​រដ្ឋាភិបាល​បែលហ្សិក និង​រដ្ឋាភិបាល​ចិន។

ទោះបីជា​យ៉ាង​នេះ​ក៏​ដោយ ក៏​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​សប្បាយចិត្ត​ចំពោះ​ការ​កើន​ឡើង​ដ៏​ឆាប់​រហ័ស​នៃ​ចំនួន​អ្នក​ទេសចរ​ចិន​នេះ​ដែរ ដែល​អ្នក​ទាំង​នោះ​បង្ក​ជា​បញ្ហា​ដល់​ប្រលាន​យន្តហោះ​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប និង​បន្ថែម​បញ្ហា​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​កន្លែង​ទេសចរណ៍​សំខាន់ៗ។

ក្រុមហ៊ុន Stratfor ដែល​ជា​ក្រុមហ៊ុន​ស៊ើបការណ៍​ព័ត៌មាន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ខែ​កក្កដា​ថា អ្នក​ទេសចរ​ចិន​គឺ​ជា «អាវុធ​ដែល​មិន​គួរ​ឲ្យ​ជឿ​របស់​រដ្ឋាភិបាល​ចិន» ដោយសារ​អ្នក​ទេសចរ​ទាំង​នោះ​បាន​ក្លាយជា «ឧបករណ៍​ដែល​មិន​រំពឹង​ទុក​នៃ​សិល្បៈ​គ្រប់គ្រង​របស់​រដ្ឋ ដែល​រដ្ឋាភិបាល​ចិន​ប្រហែល​ជា​ប្រើ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន»។

ក្រុមហ៊ុន Stratfor បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រើ​ទាំង​មធ្យោបាយ​ការទូត និង​ទាំងមធ្យោបាយ​ទណ្ឌកម្ម​លើ​អ្នក​ប្រើប្រាស់​ដែល​ជា​ប្រជាពលរដ្ឋ​ចិន​ទាក់ទិន​នឹង​លទ្ធភាព​ទិញ​ផលិតផល​កសិកម្ម ទំនិញ​ទំនើបៗ និង​ទំនិញ​រោងចក្រ​នានា។ ប៉ុន្តែ យុទ្ធសាស្ត្រ​មួយ​ដែល​គេ​មើល​រំលង​នោះ​គឺ​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ចិន​លើ​ចំនួន​ជនជាតិ​ចិន​ដែល​ខ្លួន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេសចរណ៍​ទៅ​បរទេស និង​លើ​កន្លែង​ណា​ដែល​អ្នក​ទេសចរ​ចិន​អាច​ទៅ​ទស្សនា​បាន។ ការ​កំណត់​ដូច្នេះ គឺ​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ជា​ក្រុម​ទៅ​ទស្សនា​បាន​តែ​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ និង​ដាក់​កំហិត​លើ​មធ្យោបាយ​ផ្សាយ​ពាណិជ្ជកម្ម​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ចិន»។

ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ចិន​បាន​ប្រើ​លទ្ធភាព​នៃ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ដែល​រក​កម្រៃ​ច្រើន​របស់​ខ្លួន​នេះ ដើម្បី​ព្យាយាម​ពង្រីក​គោល​បំណង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នៅ​បរទេស។ ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​ចិន​បាន​ហាម​ឃាត់​អ្នក​ទេសចរ​ចិន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ទេសចរ​ចិន​សរុប​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ដោយសារតែ​កូរ៉េ​ខាង​ត្បូង​បាន​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD របស់​សហរដ្ឋ​អាមេរិក។

នេះ​មិន​មែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​បែលហ្សិក​ជំទាស់​នោះ​ទេ។ គណៈកម្មការ​របស់​សហភាព​អឺរ៉ុប​បាន​ស្វាគមន៍​លំហូរ​របស់​ជនជាតិ​ចិន​ទាំង​នេះ ដោយ​បាន​បញ្ជាក់​ថា៖ «វិស័យ​ទេសចរណ៍​មាន​សក្ដានុពល​រួម​ចំណែក​ដល់​ការ​បង្កើត​ការងារ និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ក៏​ដូចជា​ដល់​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ជនបទ ឬ​ក៏​តំបន់​មិន​សូវ​មាន​ការ​អភិវឌ្ឍ​នានា​ផង​ដែរ»។

ក្រុង Bagnoregio ដ៏​តូច​មួយ​នៃ​តំបន់​រដ្ឋបាល Lazio ដែល​ធ្លាប់​ជា​តំបន់​ជាយ​ក្រុង​នៃ​ក្រុង Civita នៅ​ប្រទេស​អ៊ីតាលី​នេះ គឺ​ជា​ឧទាហរណ៍​ស្រាប់។

ស្ថិត​នៅ​ចម្ងាយ ៩០ គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋធានី​រ៉ូម ប្រទេស​អ៊ីតាលី ក្រុង Bagnoregio នេះ មិន​សូវ​មាន​ការ​អភិវឌ្ឍ​ដូច​ក្រុង​ផ្សេង​ទៀត​ជា​ច្រើន​នៅ​ក្នុង​តំបន់​មិន​សូវ​មាន​ការ​អភិវឌ្ឍ​របស់​ប្រទេស​អ៊ីតាលី ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម​បែប​អាជីវកម្ម​នោះ​ទេ។

វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​ដែល​កំពុងតែ​រីក​ចម្រើន​របស់​តំបន់​រដ្ឋបាល Lazio នេះ ដាំ​ក្បាល​ចុះ​ក្រោម​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ​អស់​ជំនឿ​ទុក​ចិត្ត និង​ធ្វើ​ឲ្យ​យុវជន​ក្មេងៗ​ជា​ច្រើន​ចាកចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​កន្លែង​ផ្សេង។

អ្នកស្រី Roberta Mencarelli វ័យ ៤៥ ឆ្នាំ ដែល​ជា​អ្នក​គ្រប់គ្រង​ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន Romantica Pucci បាន​និយាយ​ថា៖ «ឥឡូវ​នេះ យើង​មាន​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ប្រទេស​ទាំង​អស់ ប៉ុន្តែ ទេសចរ​ដែល​ច្រើន​ជាង​គេ​បំផុត​នោះ​គឺ​ជនជាតិ​ចិន។ ពួកគេ​បាន​នាំ​ចំណូល​មក​ឲ្យ​ក្រុង​នេះ ហើយ​វិស័យ​ទេសចរណ៍​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​កាន់តែ​មាន​ភាព​រស់​រវើក​ឡើង»។

ប៉ុន្តែ មិន​មែន​ពលរដ្ឋ​ដែល​រស់នៅ​ក្រុង​នោះ​ទាំង​អស់​សុទ្ធតែ​សប្បាយចិត្ត​នោះ​ទេ។ អ្នក​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ម្នាក់ ដែល​មាន​ឈ្មោះ​ថា Giovanna សោកស្ដាយ​ចំពោះ​អ្វី​ដែល​គាត់​ហៅ​ថា​ជា​ការ «ឈ្លានពាន» ដោយ​គាត់​បាន​និយាយ​ថា លំហូរ​អ្នក​ទេសចរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ស្ងៀមស្ងាត់ និង​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​នៃ​ក្រុង​នេះ ជា​ពិសេស​នៅ​ពេល​ចុង​សប្ដាហ៍ ដែល​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ទៅ​វិហារ​គ្រិស្ត​សាសនា។

អ្នកស្រី Giovanna បាន​រអ៊ូ​ថា៖ «មាន​មនុស្ស​ច្រើន​ណាស់។ មនុស្ស​ទាំង​នោះ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ទី​នេះ»។

ការ​រអ៊ូរទាំ​របស់​អ្នកស្រី ក៏​មិន​ខុស​ពី​ការ​រអ៊ូរទាំ​របស់​ពលរដ្ឋ​នៅ​តាម​ទីក្រុង​ល្បីៗ​បំផុត​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ដូចជា​ទីក្រុង Venice ប្រទេស​អ៊ីតាលី ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ និង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ជា​ទីក្រុង​ដែល​សំបូរ​អ្នក​ទេសចរ​ទៅ​ទស្សនា​នៅ​ក្នុង​រដូវ​វិស្សមកាល​ផង​ដែរ។

អ្នក​រិះគន់​នានា​បាន​និយាយ​ថា ការ​កើន​ឡើង​ចំនួន​អ្នក​ទេសចរ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ស្រុក និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG