បណ្ដាប្រទេសអាស៊ាន និងប្រទេសចិន បានឈានដល់ «ដំណាក់កាលសំខាន់» មួយ នៅក្នុងការពិភាក្សាទាក់ទិននឹងក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង ដោយពួកគេសម្រេចបាននូវការឯកភាពគ្នាលើសេចក្ដីព្រាងមួយដែលនឹងត្រូវធ្វើជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសនៃសមាគមអាស៊ានមួយចំនួន និងប្រទេសចិនមានជម្លោះជាមួយគ្នាពាក់ព័ន្ធនឹងការទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏មមាញឹកមួយនៅលើពិភពលោក។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយនៅពេលចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅក្នុងតំបន់ជាមួយនឹងប្រទេសចិនថា៖ «ខ្ញុំសូមប្រកាសអំពីដំណាក់កាលសំខាន់មួយនៅក្នុងដំណើរការពិភាក្សាអំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។ សមាជិកអាស៊ាន និងចិនបានឯកភាពគ្នាលើសេចក្ដីព្រាងរួមគ្នាមួយដែលនឹងក្លាយជាឯកសាររស់ និងជាមូលដ្ឋានសម្រាប់ការចរចាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនៅពេលអនាគត»។
លោកបានបន្ថែមទៀតថា «សេចក្ដីព្រាងរួមគ្នាសម្រាប់ការចរចាអំពីក្រមប្រតិបត្តិនេះ» ត្រូវបានឯកភាពគ្នានៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់កាលពីខែមិថុនា ប៉ុន្តែទើបតែត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានហៅសេចក្ដីព្រាងនោះថាជា «ដំណឹងល្អ» និងជា «ដំណើរវិវឌ្ឍទៅមុខដ៏អស្ចារ្យ»។
អ្នករិះគន់ថា ការសម្រេចបានរួមគ្នានូវសេចក្ដីព្រាងនេះមានន័យថា កិច្ចព្រមព្រៀងចុងក្រោយពិតប្រាកដគឺនៅត្រូវការពេលជាច្រើនឆ្នាំទៀតដើម្បីសម្រេចបាន ហើយនេះគឺជាយុទ្ធសាស្ត្រពន្យារពេលរបស់ចិនដើម្បីកុំឲ្យប្រទេសនៅក្នុងតំបន់ចាប់អារម្មណ៍អំពីការពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង៕