ប្រទេសចិនបានព្រមាននៅថ្ងៃអង្គារនេះថា ការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការដាក់ទណ្ឌកម្មលើប្រទេសដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់នឹង «ធ្វើឲ្យភាពចលាចលកាន់តែតានតឹងខ្លាំងឡើងថែមទៀត» តែប៉ុណ្ណោះនៅតំបន់មជ្ឈិមបូព៌ា និងនៅលើទីផ្សារថាមពលអន្តរជាតិ។
សេតវិមានប្រធានាធិបតីអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបញ្ចប់ការលើកលែងការដាក់ទណ្ឌកម្មចំពោះប្រទេសដែលនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ដែលក្នុងនោះមានទាំងប្រទេសចិនផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយនៅឯសន្និសីទកាសែតជាប្រចាំថា៖ «ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះវិធានការរបស់សហរដ្ឋអាមេរិកនៅក្នុងការដាក់ទណ្ឌកម្មជាឯកតោភាគី និងនៅក្នុងការប្រើអំណាចតុលាការរបស់សហរដ្ឋអាមេរិកនៅក្នុងការកាត់ទោសជនបរទេស»។
លោកបានបន្ថែមថា៖ «វិធានការរបស់សហរដ្ឋអាមេរិកនេះនឹងធ្វើឲ្យភាពចលាចលកាន់តែតានតឹងថែមទៀតនៅតំបន់មជ្ឈិមបូព៌ា និងនៅទីផ្សារថាមពលអន្តរជាតិ»។
សហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងទណ្ឌកម្មបណ្ដោះអាសន្នដល់រដ្ឋាភិបាលចំនួន ៨ រយៈពេល ៦ ខែ នៅពេលដែលខ្លួនបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់កាលពីខែវិច្ឆិកា ឆ្នាំមុន។ រដ្ឋាភិបាលទាំង ៨ នោះគឺប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តួកគី អ៊ីតាលី ក្រិក និងកោះតៃវ៉ាន់។ ការលើកលែងទណ្ឌកម្មនេះនឹងចប់នៅថ្ងៃទី ២ ខែឧសភាខាងមុខនេះ។
កន្លងមក ប្រទេសក្រិក អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ បានបញ្ចប់ ឬក៏កាត់បន្ថយជាច្រើននូវការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់។ ចំណែកឯប្រទេសចិន ឥណ្ឌា និងតួកគីមិនទាន់បានចាត់វិធានការណាមួយនៅឡើយទេ។
លោក Geng Shuang បានបញ្ជាក់ថា ប្រទេសចិននឹង «បន្តធ្វើការដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិននានា»៕