ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអំពើហិង្សា និងការរំលោភបំពាននៅតាមប្រទេសនានា ដែលមានជាប់ឈ្មោះនៅក្នុងបញ្ជីនៃ«របាយការណ៍ពីការអនុវត្តសិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១៨»។
សម្រាប់ប្រទេសវេ៉ណេស៊ុយអេឡា របាយការណ៍បានដកស្រង់ពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ និងការរឹតត្បិតការចូលរួមនយោបាយជាដើម។ របាយការណ៍នេះបានបង្ហាញថា ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៨ បានធ្វើដែលបានធ្វើឲ្យលោក Nicolas Maduro ជាប់ឆ្នោតគឺការបោះឆ្នោតមិនត្រឹមត្រូវ។ ការបោះឆ្នោតនោះត្រូវបានគណបក្សប្រឆាំងធ្វើពហិការ និងត្រូវបានថ្កោលទោសពីសហគមន៍អន្តរជាតិ។
របាយការណ៍របស់ក្រសួងការបរទេសក៏បានចង្អុលបង្ហាញបញ្ហាមួយចំនួន ដូចជា ការប្រព្រឹត្តអំពើពុករលួយ និងនិទណ្ឌភាពក្នុងចំណោមកងកម្លាំងសន្តិសុខទាំងអស់ និងនៅក្នុងរដ្ឋាភិបាលលោក Maduro ការជួញដូរមនុស្ស និងការរំលោភលើកម្លាំងពលកម្មកុមារដ៏ធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលបានធ្វើការតិចតួចបំផុតដើម្បីលុបបំបាត់ការរំលោភបំពានទាំងនេះ។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងថា «ស្ថានភាពនៅក្នុងប្រទេសទាំងនេះកំពុងធ្លាក់ចុះ។ វាគឺសោកនាដកម្ម។ ស្ថានភាពមនុស្សធម៌ធ្លាក់ចុះធ្ងន់ធ្ងរបំផុត។ ប្រជាពលរដ្ឋកំពុងស្រេកឃ្លាន និងមិនអាចទទួលបានថ្នាំព្យាបាលពេលធ្លាក់ខ្លួនឈឺ»។
ចំណែកឯប្រទេសអ៊ីរ៉ង់វិញ របាយការណ៍បានរាយការណ៍ថា «កំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅតែមានស្ថានភាពអាក្រក់បំផុត និងកាន់តែអាក្រក់នៅក្នុងវិស័យសំខាន់ៗមួយចំនួនទៀត»។ សម្រាប់ប្រទេសចិន របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសបានឲ្យដឹងថា រដ្ឋាភិបាលចិនបានចាប់ខ្លួនក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមរាប់សែននាក់ដាក់ក្នុងជំរំឃុំឃាំងនៅខេត្តស៊ីនជាំង៕