ក្តីសង្ឃឹមនៃការឈោងដល់ដំណោះស្រាយខាងការទូតសម្រាប់ការគំរាមកំហែងអាវុធនុយក្លែអ៊ែរបស់ប្រទេសកូរ៉េខាងជើងនៅតែមានភាពមិនច្បាស់លាស់នៅពេលដែលលោក គីម ជុងអ៊ុន បានបង្ហាញនូវឆន្ទៈបន្តិចបន្តួចក្នុងការធ្វើការសម្របសម្រួលជាមួយគូសត្រូវនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយសូម្បីតែសម្ព័ន្ធមិត្តរបស់ខ្លួននៅទីក្រុងប៉េកាំងក៏កូរ៉េខាងជើងមិនសូវទាក់ទងដែរ។
អ្នកវិភាគនិយាយថា មេដឹកនាំក្មេងខ្ចីរបស់កូរ៉េខាងជើងមិនមានការបន្ទន់ជំហរទេក្នុងការតាំងចិត្តធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសមហាអំណាចនុយក្លែអ៊ែទេ។ លោក Choi Kangជាអ្នកវិភាគខាងនយោបាយនៅវិទ្យាស្ថានអាស៊ីក្នុងរដ្ឋធានីសេអ៊ូលនិយាយថា៖ «គីម ជុងអ៊ុន ជាអ្នកមានជំនឿពិតប្រាកដក្នុងគោលនយោបាយតឹងរ៉ឹង ពីព្រោះជោគជ័យនៃកម្មវិធីនុយក្លែអ៊ែ កម្មវិធីកាំជ្រួចមីស៊ីលនិងអាវុធនុយក្លែអ៊ែ ជាកត្តាដ៏ខ្លាំងបំផុតមួយដើម្បីធ្វើឲ្យស្របច្បាប់ដល់ការកាន់អំណាចរបស់ គីម ជុងអ៊ុន គឺការត្រួតត្រារបស់ខ្លួនលើរបបនោះ»។
បន្ទាប់ពីចូលកាន់អំណាចនៅចុងឆ្នាំ២០១១ក្រោយពីការស្លាប់របស់ គីម ជុងអ៊ីលដែលជាឪពុករបស់លោក មានសំណួរថាតើមេដឹកនាំកូរ៉េខាងជើងដ៏ក្មេងដែលបានទទួលការអប់រំនៅប្រទេសលោកខាងលិចនោះ នឹងបន្ធូរបន្ថយការគ្រប់គ្រងការជិះជាន់សង្កត់សង្កិនជាយូរយាណាស់មកហើយនៅក្នុងកូរ៉េខាងជើងដែរឬទេហើយថា តើ គីម ជុងអ៊ុន អាចពង្រឹងអំណាចរបស់ខ្លួនដែរឬទេ។
ទោះយ៉ាងណាក៏ដោយ ពួកអ្នកវិភាគនិយាយថា គីម ជុងអ៊ុនបានលើកស្ទួយកិត្យានុភាពរបស់ខ្លួនជាមេដឹកនាំដ៏ខ្លាំងម្នាក់ដោយដើរតាមគន្លងឪពុកនិងជីតារបស់ខ្លួនគឺលោក គីម អៀវស៊ុង ដែលជាមេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង តាមគោលនយោបាយ«Byongjin»ដើម្បីគាំទ្រការជម្នះធ្វើអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយនិងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។
លោក Suh Bo-hyuk សាស្រ្តាចារ្យខាងការស្រាវជ្រាវនៅវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិភាពនិងការបង្រួបបង្រួមជាតិនៃសាកលវិទ្យាល័យសេអ៊ូលនិយាយថា៖ «ខ្ញុំគិតថា របបរបស់គីម ជុងអ៊ុនមានស្ថិរភាព។ ជាងនេះទៀត ពេលដែលលោកបានប្រកាសអនុវត្តទាំងគោលនយោបាយសេដ្ឋកិច្ចផងនិងអាវុធនុយក្លែអ៊ែផង ហើយនិងជំរុញឲ្យមានការអភិវឌ្ឍអាវុធនុយក្លែអ៊ែនិងកាំជ្រួចមីស៊ីលឆ្លងទ្វីប ហើយទោះជាការអភិវឌ្ឍខាងសេដ្ឋកិច្ចមិនមានប្រសិទ្ធិភាពក៏ដោយ ក៏ខ្ញុំគិតថាគីម ជុងអ៊ុនបានទទួលប្រជាប្រីយភាពយ៉ាងខ្លាំងពីប្រជាពលរដ្ឋកូរ៉េខាងជើង»។
រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ បានព្យាយាមដាក់ការគាបសង្កត់លើប្រទេសចិនឲ្យនិយាយជាមួយកូរ៉េខាងជើង ក៏ប៉ុន្តែ ពួកមេដឹកនាំក្នុងទីក្រុងប៉េកាំងបាននិយាយថា ឥទ្ធិពលរបស់ពួកគេមានកម្រិត។
គីម ជុងអ៊ុន ដែលជាមេដឹកនាំជំនាន់ទី៣របស់កូរ៉េខាងជើង មិនមានចំណងទាក់ទងមិត្តភាពល្អជាមួយប្រទេសចិនទេហើយមិនអើពើម្តងហើយម្តងទៀតដល់ការ អំពាវនាវជាច្រើនលើករបស់រដ្ឋាភិបាលក្រុងប៉េកាំងឲ្យរដ្ឋាភិបាលក្រុងព្យូងយ៉ាងកុំធ្វើសកម្មភាពបង្កហេតុដោយការសាកល្បងកាំជ្រួចផ្លោង ហើយត្រូវវិលត្រ ឡប់ទៅកាន់ការចរចាអន្តរជាតិស្តីពីការគ្មានអាវុធនុយក្លែអ៊ែ។
ទោះបីជា កូរ៉េខាងជើងបានពឹងផ្អែកលើចិនសម្រាប់ការការពារខាងការទូតហើយនឹងពាណិជ្ជកម្មខាងសេដ្ឋកិច្ចចំនួន៩០ភាគរយក៏ដោយ ក៏គីម ជុងអ៊ុននៅមិនទាន់បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ទេ ដែលខុសគ្នាពីឪពុករបស់លោកដែលបានទៅបំពេញទស្សនកិច្ចទីក្រុងប៉េកាំងជាច្រើនដងក្នុងអំឡុងនៃការកាន់អំណាចរបស់លោក។
នៅឆ្នាំ២០១៣ គីម ជុងអ៊ុន ក៏បានបញ្ជាឲ្យប្រហារជីវិតលោក Jang Song Taek ដែលជាឪពុកមារបស់លោកដែលត្រូវបានពួកអ្នកវិភាគជាច្រើនមើលឃើញថាជាអ្នកគាំទ្រការធ្វើកំណែទម្រង់ដែលមានចំណងទាក់ទងដ៏ជិតស្និទ្ធជាមួយចិន។នៅឆ្នាំនេះ រដ្ឋាភិបាលរបស់គីម ជុងអ៊ុន បានទទួលរងការចោទប្រកាន់ពីការរៀបចំការធ្វើឃាតុលោក Kim Jong Nam បងប្រុសឪពុកតែមួយនិងម្តាយទីទៃពីគ្នានៅប្រទេសម៉ាឡេស៊ី។ មានសេចក្តីរាយការណ៍ថា លោក Kim Jong Nam បានស្ថិតនៅក្រោមការពាររបស់ចិន។
លោក Andrei Lankov ជាសាស្រ្តាចារ្យនិងជាអ្នកវិភាគអំពីប្រទេសកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Kookmin ក្នុងរដ្ឋធានីសេអ៊ូលនិយាយថា៖ «គីម ជុងអ៊ុន មិនមើលឃើញចិនជាសម្ព័ន្ធមិត្តទេ។ ចំពោះ គីម ជុងអ៊ុន ចិនជាប្រភពនៃការគំរាមកំហែងដ៏ខ្លាំងមួយ ជាប្រទេសដែលធ្វើអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាពនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើងហើយអាចជាមេក្លោងរកអ្នកជំនួសគីម ជុងអ៊ុន ទៀតផង»។
មេដឹកនាំដ៏គគ្លើនរបស់កូរ៉េខាងជើងរូបនេះ ហាក់ដូចជាបានធ្វើការពិចារណាថា រដ្ឋាភិបាលក្រុងប៉េកាំងឲ្យតម្លៃលើស្ថិរភាពនៃការគ្មានអាវុធនុយក្លែអ៊ែ ហើយនឹងមិនដាក់ទណ្ឌកម្មខ្លាំងៗដែលនឹងធ្វើឲ្យមានលំហូរជនភៀសខ្លួននៅតាមព្រំដែនទេ ឬចិនបារម្ភថា ការដួលរលំនៃរបបកូរ៉េខាងជើងអាចនឹងនាំសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាន់កាប់ឧបទ្វីបកូរ៉េទាំងមូល។
លោក Choi នៅវិទ្យាស្ថានអាស៊ីបាននិយាយថា៖ «ចិនមានការព្រួយកង្វល់យ៉ាងខ្លាំងពីលទ្ធភាពនៃរបបអស្ថិរភាពក្នុងប្រទេសកូរ៉េខាងជើង។ ដូច្នេះចិននិយាយថា ខ្ញុំនៅទីនេះ។ កុំបង្ខំខ្ញុំខ្លាំងពេក បើពុំដូច្នេះទេ នឹងមានអស្ថិរភាពកើតមានឡើង»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន