ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​រិះគន់​តួកគី​ខ្លាំងៗ​ចំពោះ​ការ​បង្ក្រាប​លើ​បណ្តាញ​សង្គម


រូបឯកសារ៖ ក្រុម​ទាហានរំដោះស៊ីរីឬ Free Syrian Army គាំទ្រ​ដោយ​តួកគី ដើរ​នៅ​ក្នុង​ស្រុក Afrin ភាគពាយ័ព្យ​ប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ (រូបភាព AP)
រូបឯកសារ៖ ក្រុម​ទាហានរំដោះស៊ីរីឬ Free Syrian Army គាំទ្រ​ដោយ​តួកគី ដើរ​នៅ​ក្នុង​ស្រុក Afrin ភាគពាយ័ព្យ​ប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ (រូបភាព AP)

អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញ​របាយការណ៍​ ចោទ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​​(Ankara)​​​ថា បាន​បង្ក្រាប​លើ​ការ​បញ្ចេញ​មិតិ​រិះគន់​តាម​​បណ្តាញ​សង្គម​​​ទៅ​លើ​ប្រតិបត្តិការ​យោធា​ក្នុង​ប្រទេស​ស៊ីរី ​ខណៈ​ដែល​សហភាព​អឺរ៉ុប​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​​​ប្រទេស​តួកគី។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch​ (HRW)​ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិកបាន​រិះគន់​ធ្ងន់ៗ​ទៅ​លើប្រទេស​តួកគី​ចំពោះ​ការចាប់​ឃុំខ្លួន​មនុស្ស​«ជា​ច្រើន​នាក់» ​ដែល​បាន​បង្ហោះ​សារលើ​បណ្តាញ​សង្គម​ដើម្បី​រិះគន់​ប្រតិបត្តិការ​យោធា​ដឹកនាំ​ដោយ​តួកគី​ប្រឆំាង​នឹង​ក្រុម ឃឺដ នៅ​ក្នុងប្រទេស​ស៊ីរី។​

​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សបាន​អះអាង​ថា​ «ការ​បង្ក្រាបទៅ​លើ​បណ្តាញ​សង្គម​បាន​រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ​ប្រកប​ដោយ​សន្តិវិធី»។ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា(Ankara)​ កំពុង​ប្រឈម​នឹង​ការ​ដាក់សម្ពាធ​ការទូតយ៉ាង​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។​

ចាប់តាំង​ពី​ខែ​មករា នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា(Ankara) បាន​បើក​ប្រតិបត្តិការ​យោធា Operation Olive Branch​ ​វាយ​លុយ​ចូល​ក្នុង​ស្រុក​ Afrin ​ប្រទេស​ស៊ីរី ក្រុម​អ្នក​រិះគន់​ដែល​អះអាង​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​បង្ក្រាប។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ អង្គការ​សិទ្ធិមនុស្ស Human Rights Watch​ បាន​ឱ្យដឹង​ថា​ មាន​មនុស្ស​៦៤៨​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ចាប់តាំង​ពី​ថ្ងៃទី​២០ ខែ​មករាដល់​ថ្ងៃទី​២៦​ខែកុម្ភៈ​ ពី​បទ​បង្ហោះ​សារ​រិះគន់​ដល់​ប្រតិបត្តិការ​យោធា​និង​ការ​បញ្ចេញ​មតិ​គាំទ្រ​ដល់​អ្នក​តវ៉ា​តាម​ដងផ្លូវ​ប្រឆាំង​នឹង​ការ​វាយប្រហារ​នេះ។​

​ក្រុម​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា​ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ថា​ ការចាប់ឃុំ​ខ្លូន​បន្ថែម​ទៀត​នឹង​មាន​ជា​បន្ត​បន្ទាប់។

លោក Hugh Williamson ប្រធាន​អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ​ប្រចាំ​តំបន់​អឺរ៉ុប​និង​អាស៊ី​កណ្តាល​បាន​និយាយ​ថា៖​

«ការ​ចាប់​ឃុំខ្លួន​និង​ការ​កាត់​ទោស​មនុស្ស​ដែល​បង្ហោះ​សារ​លើ​បណ្តាញ​ Twitter ដើម្បី​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​គឺ​ជា​ការ​ធ្លាក់​ចុះ​ជា​ថ្មី​ សម្រាប់​រដ្ឋាភិបាល​តួកគី។ អាជ្ញាធរ​តួកគី​ គួរ​តែ​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​រិះគន់​ដោយ​សន្តិវិធី ទៅ​លើ​ចំនុច​នា​នា​នៃ​គោល​នយោបាយ​រដ្ឋាភិបាល​ រួមទាំងប្រតិបត្តិការ​យោធា​ហើយ​ក៏​គួរ​តែ​ទម្លាក់​បណ្តឹង​នានា​ដែល​គ្មាន​ហេតុផល​ទំាង​នោះ»។

​របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ អ្នក​ដែល​ជាប់​ឃុំ​ទាំង​នោះ រួម​មាន​បុគ្គល​ល្បីៗ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​តួកគី សមាជិក​បួន​រូប​របស់​ក្រុម​គាំទ្រ​ពួក ឃឺដ នៅ​ក្នុង​ប្រទេស​តួកគី​ឬហៅ​កាត់​HDP ​ក៏​ដូច​ជា​ សាស្ត្រាចារ្យ​ផង​ដែរ។

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បានដក​ស្រង់​ករណី​ជាក់ស្តែង​មួយ​ក្នុង​ចំណោម​ករណី​ចាប់​ឃុំឃាំង​សមាជិក​ជាន់​ខ្ពស់​ចំនួន​១១រូប​នៃ​សមាគម​គ្រូពេទ្យ​តួកគី​(TTB)​ ​និង​ប្រធាន​សមាគម​នោះ​គឺ​លោក​ Rasit Tukel​ ដែល​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​ពី​ក្តីបារម្ភ​ អំពី​បញ្ហា​មនុស្សធម៌​បណ្តាល​មក​ពីប្រតិ​បត្តិការ​យោធា​របស់​តួកគី​នៅ​ក្នុង​ប្រទេសស៊ីរី​(Syria)។

រដ្ឋមន្ត្រី​នា​នា​របស់​តួកគីបាន​ច្រាន​ចោល​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ក្តី​បារម្ភ​ទាំងឡាយ​ទៅ​លើ​ប្រតិ​បត្តិការ​យោធា Operation Olive Branch​ ថាជា«ការ​ឃោសនា​របស់​ក្រុម​ភេរវជន» ដោយ​ប្រកែក​ថា មិន​មាន​ជន​ស៊ីវិល​ណាម្នាក់​ត្រូវ​បាន​សម្លាប់​ឬ​រងរបួស​ដោយ​កងកម្លាំង​យោធា​នោះ​ទេ។​

​វេជ្ជបណ្ឌិត​ទាំង​១១រូប​ជាចុង​ក្រោយ​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​មាន​ការ​ទាមទា​របស់​អន្តរជាតិ។​ ជា​ការ​ពិត​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ ក្នុង​ករណី​ស្ទើរ​តែ​ទាំង​អស់អ្នក​ដែល​គេ​ចាប់​ឃុំ​ខ្លួន​ ទីបំផុត​ត្រូវ​បាន​ដោះ​លែង​ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត។

យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ ការចាប់​ឃុំឃាំង​ទាំងឡាយ​ដែល​កើត​ឡើង​នៅ​ពេល​យប់​ជ្រៅ​ឬ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ព្រឹក​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង។​

អ្នកស្រី Nurcan Baysal​ អ្នក​សារព័ត៌មាន​និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា៖

​«ប៉ូលីស​អាច​មើល​ខ្ញុំ​ឃើញ​ពី​ខាង​ក្រៅ។ ខ្ញុំ​កំពុង​មើល​ទូរទស្សន៍​នៅ​ពេល​នោះ។ ពួក​គេ​ព្យាយាម​ទម្លាយ​ទ្វារ​ដោយ​មិន​បាន​ចុច​កណ្តឹង។ មាន​ប៉ូលីស​ប្រហែល​២០នាក់​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ដោយ​ពាក់​របាំង​មុខ ហើយ​ភ្ជង់​កាំភ្លើង​ស្វ័យប្រវត្តិ​មក​លើ​ខ្ញុំ»។​

ករណី​របស់​អ្នកស្រី Baysal គឺ​ស្ថិត​ក្នុង​ករណី​ទាំង​ចាប់​ឃុំ​ខ្លួន​ទាំង​ប្រាំ ដោយ​សារការបង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម ដែល​ត្រូវ​បាន​ដក​ស្រង់​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។ របៀប​នៃ​ការចាប់ឃុំឃាំង​អ្នកស្រីត្រូវ​បាន​ធ្វើ​ឡើង​ស្រដៀង​នឹង​ករណី​ផ្សេងៗ​ទៀត នេះបើ​យោង​តាម​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ ដែល​ចោទ​ប្រកាន់​អាជ្ញាធរ​ថា​គំរាម​កំហែង​ដល់​អ្នក​រិះគន់។​

​របាយណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា៖​

​«ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​ករណី​ទំាងនោះ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ជឿជាក់​ថា​ ការ​សម្រុក​ចូល​របស់​ប៉ូលីស​មួយ​ចំនួន​និងការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​នា​នា​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ការ​ដាក់​ទណ្ឌកម្មជាជាងកើត​ចេញ​ពី​ការ​ជឿជាក់​ច្បាស់​ថា​មាន​អំពើ​ឧក្រិដ្ឋកម្ម​កើត​ឡើង»។​

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អះអាង​ថា​ ការស៊ើប​អង្កេត​នា​នា​របស់​អង្គការ​នេះ​បង្ហាញថា​ គ្រប់​ករណី​ទំាង​អស់​ដែល​អង្គការ​នេះ​សិក្សា​ទៅ​លើ​សារ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គមគឺ​អហិង្សា​និង​ស្រប​ទៅ​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។​

​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) មិនបាន​ធ្វើ​ការ​អធិប្បាយ​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​ទេ ក៏ប៉ុន្តែ​ជាញឹកញាប់​ បាន​ច្រានចោល​រាល់​កា​រិះគន់ ដោយ​ចោទ​ថា​ជា​«ការ​ឃោសនា​របស់​ពួក​ភេរវជន»។​

​ការ​ចេញផ្សាយ​របស់​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ (Ankara)​ ស្ថិត​ក្រោម​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងឡើងៗ​ពី​សំណាក់​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​កាលពី​ចុង​ខែ​មីនា រវាងប្រធានា​ធិបតី​តួកគី​លោក Recep Tayyip Erdogan ប្រធាន​សហភាព​អឺរ៉ុប​លោក ​Jean Claude Juncker និង​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ Donald Tusk ក្តី​បារម្ភ​រឿង​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រជុំ ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ផ្សះផ្សា​ទំនាក់​ទំនង​ឡើង​វិញ​នោះ។​

​លោក Tusk បាន​ថ្លែង​ថា៖

«អ្វី​ដែល​ខ្ញុំអាច​និយាយ​បាន​គឺ​ថា​ខ្ញុំ​បាន​លើក​យក​ក្តី​បារម្ភ​ទំាង​អស់​មក​និយាយ។ ដូច​អ្នក​បាន​ដឹង​ហើយ​ មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​រួម​មាន​ទំាង​នីតិរដ្ឋ​និង​សេរី​ភាព​សារព័ត៌មាន​ក្នុង​ប្រទេស​តួកគី​និង​ចំណង​ការ​ទូត​របស់​ប្រទេស​តួកគី​ជាមួយ​រដ្ឋ​ជា​សមា​ជិក​នីមួយៗ ហើយ​និង​ស្ថានការណ៍​នៅ​ស៊ីរី ​ផងដែរ»។

​លោក Tusk ​បាន​បន្ថែម​ថា៖«ជំហ​របស់​ខ្ញុំ​គឺ​ច្បាស់​លាស់​ណាស់​ មាន​តែ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ទេ ដែល​អាច​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​តួកគី​បាន​ប្រសើរ​ឡើង​ ​រួម​ទំាង​ដំណើរ​ការ​នៃ​ការ​ចូល​ជា​សមាជិក​ផង​ដែរ»។​

​កាល​ពី​ចុង​ខែ​មីនា ប៉ូលិស​បាន​ធ្វើ​ការ​សម្រុក​ចូល​កន្លែង​ស្នាក់​នៅ​របស់​សិស្ស​មួយ​កន្លែង​នៅ​សកល​វិទ្យាល័យ Bosphorus ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​និង​បាន​ចាប់​ខ្លួន​សិស្ស​មួយ​ចំនួន។​

​នេះគឺ​ជា​ការ​សម្រុក​ចូល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ ទៅក្នុង​សកល​វិទ្យាល័យ​ ​Bosphorus​ ដែល​ស្ថិត​ក្នុង​ចំណោមសាលា​នាំមុខ​គេមួយ​នៅ​តួកគី​ ដែល​ប៉ូលីស​ធ្វើ​ការ​ឆែកឆេរ ​ស្វែង​រក​សិស្ស​ដែល​ធ្វើ​ការតវ៉ា​ប្រឆំាង​នឹង​ធ្វើការ​វាយលុយ​ដឹក​នាំ​ដោយ​តួក​គី​ក្នុង​ប្រទេស​ ​Syria។

​ការ​ចាប់​ឃុំខ្លួន​ទាំង​នោះ​ ធ្វើ​ឡើង​ក្រោយ​ការ​ថ្កោល​ទោស​របស់​លោក Erdogan​ ទៅ​លើ​ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​សង្គ្រាម​ ដោយ​ហៅ​ក្រុម​សិស្សានុសិស្ស​នៅ​ក្នុង​ការ​ហែរ​ក្បួន​នយោបាយ​ថា​ជា​ «ជន​កុម្មុយនីស្ត​និង​ជា​យុវជន​ក្បត់​ជាតិ»។ ក្រុម​អ្នកឃ្លាំមើល​បាន​លើក​ឡើង​ថា​ នៅ​ពេល​ដែល​ លោក​ Erdogan កំណត់​មុខ​សញ្ញា​ចំៗ​ជា​សាធារណៈ​លើ​ក្រុម​ជំទាស់​ ការ​ចាប់​ឃុំខ្លួន​ក៏​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។

រដ្ឋាភិបាល​ប្រឆាំង​នឹង​ការចោទ​ប្រកាន់​ទាំងឡាយ​ ដោយ​លើក​ឡើង​ថា​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ។ ការ​ចាប់​ឃុំ​ខ្លួន​សិស្សានុសិស្ស​ទំាង​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ភ្លាមៗ​សារ​ជាថ្មី។

អ្នកស្រី Kati Piri ​ប្រេសិត​ពិសេស​របស់​សភា​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​តួកគី បាន​បង្ហោះ​សារ​លើ​បណ្តាញ Twitter ថា៖«អ្នកតវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​ត្រូវបាន​លោក​ប្រធានា​ធិបតី​Erdogan»ចាត់​ទុក​ជា «ភេរវជន»។ ការគិត​ដោយ​ប្រើប្រាស់​វិចារណញ្ញាណ​គឺ​ជាកិច្ច​ខិត​ខំប្រឹងប្រែង​ដ៏​គ្រោះ​ថ្នាក់​មួយ​ក្នុង​ប្រទេស​តួកគី​ថ្មី​មួយ​នេះ៕

​ប្រែសម្រួលដោយ​ នៅ វណ្ណារិន

អត្ថបទ​ទាក់ទង

XS
SM
MD
LG