ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​តួកគី​កំពុង​ប្រើ​គម្រោង​ហេរដ្ឋា​រចនាសម្ព័ន្ធ​ដើម្បី​បំបាត់​ការ​រិះគន់​ពី​អ៊ឺរ៉ុប​ឬ?


រូបឯកសារ៖ ស្ពាន​ Yavuz Sultan Selim ដែល​សាង​សង់​ពី​លើ​ជ្រលង Bosphorus ដែល​រុំព័ទ្ធ​​ទៅ​ដោយ​អ័ព្ទ​ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ កាល​ពី​ខែ​មេសា ២០១៧។
រូបឯកសារ៖ ស្ពាន​ Yavuz Sultan Selim ដែល​សាង​សង់​ពី​លើ​ជ្រលង Bosphorus ដែល​រុំព័ទ្ធ​​ទៅ​ដោយ​អ័ព្ទ​ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ កាល​ពី​ខែ​មេសា ២០១៧។

នៅ​ពេល​ដែល​យន្តហោះ​ទី១​ចុះ​ចត​នៅ​ក្នុង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នៅ​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ​នោះ​ វា​នឹង​ក្លាយ​ជា​ព្រឹត្តការណ៍​មួយ​ ជា​អ្វី​ដែល​ពួក​អ្នកវិភាគ​យល់​ថា​ ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​របស់​តួកគី​ ក្នុង​ការ​ទទួល​បាន​ការ​វិនិយោគទុន​ច្រើន​ជាង​ពេល​ដែល ​ប្រទេស​នេះ​មាន​វិស័យ​ការទូត​បែប​បុរាណ​នោះ។

ពួក​អ្នកវិភាគ​និយាយ​ថា​ លោក​ប្រធានាធិបតី​ Recep Tayyip Erdogan បាន​បង្កើន​យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​ និង​ការ​ផ្តួច​ផ្តើម​វិនិយោគទុន​ នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ក្នុង​សហភាព​អ៊ឺរ៉ុប​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រទេស​របស់​លោក​ក្លាយ​ជា​ប្រទេស​ទី២​បន្ទាប់​ពី​ចិន​នៅ​ក្នុង​គម្រោង​សំណង់​ធន់ធ្ងន់ ដោយ​មិន​អើពើ​ចំពោះ​ការ​រិះ​គន់​របស់​ក្រុម​សិទ្ធិ​មនុស្ស​ចំពោះ​ប្រវត្តិ​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​បាន​រាំង​ខ្ទប់​ប្រទេស​តួកគី​មិន​ឲ្យ​ចូល​ក្នុង​សហភាព​អឺរ៉ុប​បាន​នោះ។

ព្រលាន​យន្តហោះ​ទី៣​នៅក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ដែល​នឹង​ចាប់​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​នុង​ខែតុលា​ខាង​មុខ​នេះ​ នឹង​អាច​ទទួល​អ្នក​ធ្វើ​ដំណើរ​បាន​រហូត​ដល់​២០០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ព្រលាន​យន្តហោះ​នេះ​នឹង​ក្លាយ​ជា​ទីតាំង​កណ្តាល​ភ្ជាប់​ទៅ​ប្រទេស​នានា​នៅ​ក្នុង​ពិភព​លោក និង​ធ្វើឲ្យតួកគី​ក្លាយ​ជា​ប្រទេស​សម្រាប់​ឆ្លង​កាត់​ទៅ​អ៊ឺរ៉ុប និង​អាស៊ី។

ការ​វិនិយោគ​របស់​សហភាព​អ៊ឺរ៉ុប​គឺ​ជា​វិស័យ​មួយ​ដ៏​សំខាន់​របស់​គម្រោង​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​តួកគី​ មាន​ដូចជា​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ និង​គម្រោង​សាង​សង់​កន្លែង​ផលិត​ថាមពល​ដោយ​កង្ហារ​ខ្យល់​ដែល​មាន​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ដែល​ទើប​តែ​ប្រកាស​នៅ​សប្តាហ៍​នេះ​ ហើយ​លោក​ Erdogan ​កំពុង​ស្វះ​ស្វែង​រក​គម្រោង​ធំៗ​ច្រើន​បន្ថែម​ទៀត៕

XS
SM
MD
LG