ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​តួកគី​ធ្វើ​ការ​ឡោមព័ទ្ធ​ទីក្រុង​សំខាន់​របស់​កងជីវពល​ឃឺដ​ក្នុង​ប្រទេស​ស៊ីរី


ទាហាន​តួកគី​ម្នាក់​លើក​ដៃ​នៅ​ពេល​ឈរ​ជើង​នៅ​លើ​ទួល Bursayah នៅ​ក្នុង​ស្រុក Afrin ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។
ទាហាន​តួកគី​ម្នាក់​លើក​ដៃ​នៅ​ពេល​ឈរ​ជើង​នៅ​លើ​ទួល Bursayah នៅ​ក្នុង​ស្រុក Afrin ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

កងកម្លាំង​តួកគី​បាន​អះអាង​ថា​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង Afrin​ ដែល​ជា​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​រាប់ពាន់​នាក់​នៅ​ភាគ​ពាយ័ព្យ​ប្រទេសស៊ីរី​ និង​ជា​ទីតាំង​ប្រតិបត្តិការ Olive Branch ដ៏​សំខាន់​របស់​តួកគី។

ការ​វាយ​លុក​របស់​ទាហាន​បាន​ចាប់ផ្តើម​កាល​ពី​ខែមករា​ ដើម្បី​បណ្តេញ​ពួក​កងជីវពលYPG ឃឺដ​ស៊ីរី​ចេញ​ពី​តំបន់​នោះ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ចាត់​ទុក​ក្រុម​នោះ​ថា​ជា​ពួក​ភេរវកម្ម​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​បះបោរ​ក្នុង​ប្រទេស​តួកគី​អស់​រាប់​ទសវត្សរ៍​មក​ហើយ។

រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​ព្រមាន​ពី​ប្រតិបត្តិការ​ដណ្តើម​យក​ទីក្រុង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ឆាប់ៗ​ខាង​មុខ​នេះ។ កាល​ពី​ថ្ងៃ​ចន្ទ​លោក Bekir Bozdagឧបនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា «យើង​សង្ឃឹម​ថា​ទីក្រុងAfrinនឹង​ត្រូវ​បាន​រំដោះ​ចេញ​ពី​ពួក​ភេវរកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​សហគមន៍​ក្នុង​តំបន់​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ការ​កៀបសង្កត់​របស់​ពួក​ភេវរជន​ទាំងនេះ»។

ការ​វាយ​ប្រយុទ្ធ​នៅក្នុង​ទីក្រុងAfrin ដែល​ពោរពេញ​ដោយ​ពលរដ្ឋ​ស៊ីវិល​រស់​នៅ​ទីនោះ​ដែល​ភាគច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេសស៊ីរី​នោះ​ បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​ពី​អន្តរជាតិ។ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​អះអាង​ថា​នឹង​ចាត់​វិធានការណ៍​នានា​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​ស៊ីវិល​ទាំង​នោះ។ លោក​ឧបនាយក​រដ្ឋមន្ត្រី Bozdag បាន​អះអាង​ថា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ឬ​រង​របួស​នោះ​ទេ​ ចាប់​តាំង​ពី​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​របស់​តួកគី​មក៕

XS
SM
MD
LG