ដំណាក់ការដំបូងៗនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសរអា ឆ្នាំ ២០១៦ បានចាប់ផ្តើម ដោយមានសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនធំ ដែលចង់ក្លាយជាបេក្ខជនប្រធានាធិបតី និងសមាជិកគណបក្សប្រជាធិបតេយ្យមានតែលោកស្រី Hillary Clinton ម្នាក់ប៉ុណ្ណោះ ដែលអាចក្លាយជាបេក្ខជនប្រធានាធិបតី។ សមាជិកគណបក្សសាធារណរដ្ឋជាច្រើននាក់ កំពុងស្វះស្វែងខំទាក់ទាញការយកចិត្តទុកដាក់ ក្នុងខណៈដែលលោកស្រី Clinton ហាក់ដូចជាមានសេចក្តីត្រេកអរចំពោះការមិនចាប់អារម្មណ៍ច្រើនទៅលើលោកស្រី យ៉ាងហោចណាស់ក៏ក្នុងពេលឥឡូវនេះដែរ។ លោកស្រីអតីតរដ្ឋមន្រ្តីក្រសួងការបរទេស Hillary Clinton នៅជាអ្នកពេញនិយម ក្នុងការទទួលបានការតែងតាំងជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ បើសិនជាលោកស្រីសម្រេចឈរឈ្មោះ។ ហើយលោកស្រី Clinton នៅតែនាំមុខបេក្ខជនគណបក្សសាធារណរដ្ឋ ស្ទើរទាំងអស់ នៅក្នុងការស្ទង់មតិជាតិ ទោះជាលោកស្រីមិនរំពឹងថានឹងប្រកាសអំពីគោលបំណងរបស់លោកស្រី ក្នុងពេលជាច្រើនខែទៅមុខទៀតក៏ដោយ។
សកម្មភាពភាគច្រើនសព្វថ្ងៃមានទាក់ទងនឹងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនធំ ដែលបានបង្ហាញសញ្ញាផ្សេងៗគ្នាអំពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះការចូលនៅសេតវិមានក្នុងឆ្នាំ ២០១៦។
នៅលើគេក្នុងបញ្ជីគឺ អតីតអភិបាលរដ្ឋ Florida លោក Jeb Bush ដែលបានបង្កើតគណកម្មាធិការស្ទាបស្ទង់មួយដែលអនុញ្ញាតឲ្យលោកអាចជួលបុគ្គលិកនិងអង្គាសប្រាក់។
នៅពេលគេសួរឲ្យប្រៀបធៀបខ្លួនលោកទៅនឹងអតីតប្រធានាធិបតីពីររូបដែលជាឪពុកនិងបងប្រុសរបស់លោក លោក Jeb Bush ក៏បានគូសបញ្ជាក់អំពីពេលវេលាដែលលោកបានធ្វើជាអភិបាលរដ្ឋផងដែរ៕
«មនុស្សដឹងថាខ្ញុំមិនគ្រាន់តែជាប្អូនរបស់លោក George W. Bush និងជាកូនរបស់លោកឪពុកជាទីស្រឡាញ់របស់ខ្ញុំប៉ុណ្ណោះទេ។ ខ្ញុំមានគោលគំនិតផ្ទាល់របស់ខ្ញុំ»៕
លោក Jeb Bush ជាអ្នកពេញនិយមរបស់សមាជិកគណបក្សសាធារណរដ្ឋភាគច្រើន ដែលចង់បានបេក្ខជនដ៏ខ្លាំងបំផុតម្នាកដើម្បីតទល់នឹងលោកស្រី Clinton ដែលមុខជានឹងក្លាយជាបេក្ខជនគណបក្សប្រជាធិបតេយ្យជាមិនខាន។
តែលោក Scot Faulkner អ្នកវិភាគនៃគណបក្សសាធារណរដ្ឋ ថ្លែងថា លោក Bush អាចជួបប្រទះការប្រឆាំងពីសមាជិកគណបក្សសាធារណរដ្ឋ ដែលចង់បានមនុស្សថ្មីសម្រាប់ឆ្នាំ ២០១៦៕
«លោក Jeb Bush ជាអភិបាលរដ្ឋដ៏ប្រសើរម្នាក់នៅរដ្ឋ Florida តែលោកមានឈ្មោះខុស ពីព្រោះប្រទេសអាមេរិកបានធ្វើបដិវត្តន៍ ដើម្បីលែងឲ្យមានសន្តតិវង្ស»៕
ក្នុងចំណោមវរជនដែលសង្ឃឹមថានឹងក្លាយជាបេក្ខជនថ្មី ដែលសមាជិកគណបក្សសាធារណរដ្ឋភាគច្រើនចង់បែរទៅគាំទ្រ គឺលោក Rand Paul សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Kentucky។ លោក Paul ជាអ្នកពេញនិយមក្នុងចំណោមអ្នកនិយមសេរីភាពដែលចង់កំណត់មុខនាទីរបស់រដ្ឋាភិបាល៕
«ខ្ញុំប្រហែលជាអ្នកអភិរក្សជាងគេខាងវិស័យសារពើពន្ធ។ ខ្ញុំជាអ្នកដឹកនាំនៅក្នុងចលនាដើម្បីតុល្យភាពថវិកា។ ខ្ញុំក៏ជាមនុស្សម្នាក់ដែលមានជំនឿនៅក្នុងកិច្ចការពារប្រទេសដ៏ខ្លាំងមួយដែរ ក៏ប៉ុន្តែគ្រប់សង្គ្រាមទាំងអស់មិនមែនជាសង្គ្រាមល្អ ដែលយើងត្រូវតែចូលជំពាក់ជាមួយទេ»៕
ការប្រឆាំងរបស់លោក Paul មិនឲ្យបញ្ជូនកងទ័ពទៅប្រយុទ្ធនៅក្នុងសង្គ្រាមបរទេស ធ្វើឲ្យលោកខុសប្លែកពីអ្នកចង់ធ្វើជាបេក្ខជនគណបក្សសាធារណរដ្ឋដទៃទៀត ដូចជាលោក Marco Rubio សមាជិកព្រឹទ្ធសភានៃរដ្ឋ Florida លោក Lindsay Graham សមាជិកព្រឹទ្ធសភា នៃរដ្ឋ South Carolina និងលោក Scott Walker អភិបាលរដ្ឋ Wisconsin ជាដើម។
អ្នកចង់ធ្វើជាបេក្ខជនគណបក្សសាធារណរដ្ឋជាច្រើនបាននិយាយរិះគន់គោលនយោបាយបរទេសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយបានទាមទារឲ្យមានជំហរខ្លាំងជាងមុនទល់នឹងប្រទេសអ៊ីរ៉ង់ និងក្រុមរដ្ឋអ៊ីស្លាមIslamic State។ ការស្ទង់មតិរបស់សាកលវីទ្យាល័យ Quinnipiac ថ្មីៗនេះ នៅក្នុងរដ្ឋ ៣ ដែលមានសារៈសំខាន់ក្នុងការបោះឆ្នោតប្រធានាធិបតី គឺ Pennsylvania, Ohio និង Florida បានបង្ហាញថា លោក Jeb Bush នាំមុខបន្តិចបន្តួចក្នុងចំណោមគូប្រជែងជាច្រើននៃគណបក្សសាធារណរដ្ឋ។
លោក Peter Brown អ្នកស្ទង់មតិរបស់ Quinnipiac ថ្លែងថា ពេលនេះជាពេលឆាប់ពេក ដើម្បីធ្វើសេចក្តីសម្រេចអំពីយុទ្ធនាការសម្រាប់ឆ្នាំក្រោយ៕
«អ្នកនាំមុខបណ្តោះអាសន្ន បើមានម្នាក់គឺប្រហែលជាលោក Jeb Bush អតីតអភិបាលរដ្ឋ Florida ដែលជាកូនរបស់ប្រធានាធិបតីម្នាក់ និងជាប្អូនរបស់ប្រធានាធិបតីម្នាក់ទៀត។ លោក Bush មិនមែនជាបេក្ខជនដែលមានគុណសម្បត្តិខ្លាំងដើម្បីទទួលការតែងតាំងនៃគណបក្សសាធារណរដ្ឋ ស្មើនិងលោកស្រី Clinton សម្រាប់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យទេ។ លោក Bush ប្រហែលជាបេក្ខជនម្នាក់ដែលអាចចូលប្រកួតបានប្រសើរនៅគ្រប់ទីកន្លែង»៕
លោក Phillip Stutts អ្នកធ្វើយុទ្ធសាស្រ្តនៃគណបក្សសាធារណរដ្ឋ រំពឹងថានឹងមានបេក្ខជនច្រើននៅក្នុងគណបក្សសាធារណរដ្ឋ ហើយថានឹងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីឲ្យបានទទួលការតែងតាំង៕
«យើងគួរបញ្ចេញបេក្ខជនទាំងអស់ ឲ្យធ្វើការប្រកួតប្រជែងគ្នាដោយសេរី។ ទុកឲ្យអ្នកឈ្លាសវៃចេញទៅនិយាយអំពីគោលនយោបាយរបស់ខ្លួន។ បើកឲ្យមានការពិភាក្សាតស៊ូមតិដ៏សកម្ម ហើយចាំមើលថាតើលទ្ធផលនឹងចេញទៅជាដូចម្តេច»៕
ការស្ទង់មតិរបស់ Quinnipiac បង្ហាញថា លោកស្រី Hillary Clinton ជាអ្នកនាំមុខគេដើម្បីការតែងតាំងនៃគណបក្សប្រជាធិបតេយ្យ ដាច់ឆ្ងាយពីលោកអនុប្រធានាធិបតី Joe Biden និងលោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Massachusetts។
គ្មានសមាជិកគណបក្សប្រជាធិបតេយ្យណាម្នាក់បានប្រកាសបេក្ខភាពជាផ្លូវការនៅឡើយទេ តែអ្នកស្ទង់មតិ Peter Brown និយាយថា នៅដំណាក់ការដំបូងនេះ លោកស្រី Clinton មើលឃើញហាក់ដូចជាគួរឲ្យខ្លាច៕
«លោកស្រីមានប្រជាប្រីយភាពណាស់ជាមួយគណបក្សប្រជាធិបតេយ្យ។ លោកស្រីមានឈ្មោះល្បីល្បាញណាស់ ដែលអាចថាជាផលល្អក៏បាន ជាផលវិបាកក៏បាន។ តែគ្មានអ្វីដែលជាការសង្ស័យទេ ថាលោកស្រីជាអ្នកនាំមុខគេដ៏លើសលប់សម្រាប់ការតែងតាំងនៃគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ ២០១៦ បើសិនជាលោកស្រីសម្រេចថានឹងឈរឈ្មោះ»។
ការស្ទង់មតិ Quinnipiac បានបង្ហាញថា បើសិនជាអ្នកទាំងពីរជាបេក្ខជន លោកស្រី Clinton នឹងទទួលជ័យជំនះបន្តិចបន្តួចលើលោក Bush នៅក្នុងរដ្ឋ Florida តែទទួលជ័យជំនះដ៏ច្រើននៅក្នុងរដ្ឋ Ohio និងរដ្ឋ Pennsylvania៕
ប្រែសម្រួលដោយ កែរ យ៉ាន