ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ត​មាន​ភាព​តានតឹង​​ក្រោយ​ពី​បាតុកម្ម​អស់​មួយ​សប្តាហ៍


រូប​ចម្លាក់​បែកបាក់​ដែល​​​តំណាង​រូប​បដិមា​​វិមាន​សេរីភាព (Statue of Liberty) ​​ត្រូវ​គេ​ឃើញ​​​នៅ​ក្រៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​កន្លែងក្នុង​បូរី​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០២០។

សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ស្ថានភាព​តានតឹង​កាល​ពី​ថ្ងៃ​អង្គារ​គឺ​នៅ​ក្រោយ​ពី​មាន​បាតុកម្ម​ជាប់ៗ​គ្នា​រយៈ​ពេល​៧​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ស្លាប់​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​មួយ​រូប​ក្នុង​សមត្ថកិច្ចនៃ​ប៉ូលិស​ស្បែក​ស​ម្នាក់។

ក្រុម​មន្ត្រី​នៅ​ពេល​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​លោក George Floyd បាន​ស្លាប់​ដោយ​មនុស្សឃាត។ លោក Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​អាយុ ៤៦ ឆ្នាំ បាន​ស្លាប់​កាល​ពីសប្ដាហ៍​មុន​នៅ​ពេល​មន្ត្រី​ប៉ូលិស​ស្បែក​សឈ្មោះ​លោក​ Derek Chauvin បាន​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ខណៈ​ដែល​លោក Floyd ជាប់​ខ្នោះ​និង​ស្រែក​អង្វរ​ថា​លោក​មិន​អាច​ដក​ដង្ហើម​បាន។

ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ថត​ជាប់​ក្នុង​វីដេអូ​នេះ​បាន​នាំ​មាន​ផ្ទុះ​បាតុកម្ម​នៅតាម​ទី​ក្រុង​នានា​នៅ​ទូទាំងសហរដ្ឋ​អាមេរិក ដែលជា​ការ​តវ៉ា​របស់​ប្រជាជន​ខ្លាំង​ក្លា​បំផុត​ក្នុង​រយៈ​ច្រើន​ទសវត្ស​មក​នេះ។

ក្រោយ​ពី​បាតុកម្ម​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ជិត​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​គំរាម​បញ្ជូន​កងកម្លាំង​យោធា​ជាតិ​ទៅ​ទប់​ស្កាត់​បាតុកម្ម​ហិង្សា​នៅ​ទី​ក្រុង​នានា។

នៅ​ក្នុង​ថ្ងៃ​នោះ​កម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​និង​ផ្សែង​ចេញ​ទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​ខាង​ក្រៅ​សេតវិមាន​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោកអាច​ថត​កាន់​គម្ពីរ​គ្រិស្តសាសនា​នៅ​មុខ​វិហារ​មួយ។ សកម្មភាព​ចម្រូងចម្រាស់​របស់​លោក​ប្រធានាធិបតី​បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ពី​មន្ត្រី​គណបក្ស​ប្រជា​ធិបតេយ្យ រួម​ទាំង​ពី​លោក Joe Biden ដែល​ទំនង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែលកាល​ពី​ថ្ងៃ​អង្គារ​បាន​រិះគន់​របៀប​ចាត់ចែង​របស់​លោក​ត្រាំ​ទៅ​នឹង​ការ​តវ៉ា​ទូទាំង​ប្រទេស​នេះ។

នៅ​តាម​ទីក្រុង​អាមេរិក​ជា​ច្រើន​មាន​ការ​ដាក់​បំរាម​គោចរពេល​យប់ ប៉ុន្តែ​នៅ​តែ​មាន​បាតុករ​ដែល​មិន​គោរព​តាម​និង​មាន​ក្រុម​អ្នក​វាយកម្ទេច​ចូលលួច​របស់​ក្នុង​ហាង។

​ការ​តវ៉ា​ក៏​មាន​នៅ​ក្រុងផ្សេង​ទៀត​ដែរ ដូច​ជា​នៅ​ក្រុង St. Louis ភាគ​កណ្តាល​ប្រទេស​ដែរ ដែល​នៅ​ទី​នោះ​មាន​ប៉ូលិស​៤​រូប​ត្រូវ​បាន​បាញ់កាល​ពី​ថ្ងៃ​អង្គារ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG