ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់​មនុស្ស​ជាច្រើន ការ​ស្លាប់​របស់​លោក Floyd មិនមែន​ជា​ឧបទ្ទវហេតុ​ដាច់​តែ​ឯង​នោះ​ទេ


មនុស្សម្នា​កាន់​ស្លាកសញ្ញា នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ក្នុង​ការ​តវ៉ា​មួយ​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
មនុស្សម្នា​កាន់​ស្លាកសញ្ញា នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ក្នុង​ការ​តវ៉ា​មួយ​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ក្រុម​បាតុករ​នៅ​តែ​មាន​អារម្មណ៍​ថា ការ​ប្តូរ​គ្រោះថ្នាក់​មក​ធ្វើ​បាតុកម្ម​គឺ​មាន​ប្រយោជន៍​ជាង។ មនុស្ស​ជាច្រើន​ថ្លែងថា គ្មាន​មូលហេតុ​ផ្សេង​ទៀត​សម្រាប់​ការ​ស្លាប់​របស់​លោក George Floyd នោះ​ទេ ដូចបាន​ឃើញ​ក្នុង​វីដេអូ​ដែល​បានចែកចាយ​ពេញ​ប្រទេស​យ៉ាង​ដូច្នេះ។

លោក Gerald Davis អាយុ ៦៧ ឆ្នាំ ដែល​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​បើក​រថយន្ត​ដើម្បី​ទៅ​ទិញ​ថ្នាំ​កម្ចាត់​សត្វល្អិត​នៅ​ហាង 7-11 កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ នៅពេល​ដែល​រថយន្ត​វែន​មួយ​គ្រឿង​ចាប់​ផ្តើម​ជិះ​តាម​ប្រកិត​ពី​ក្រោយ​គាត់​ជាប់​ដោយ​បើក​ភ្លើង​ហ្វា។

លោក Davis ថ្លែងថា៖ «ខ្ញុំ​ក៏​ឲ្យ​សញ្ញា​ឲ្យ​ពួកគេ​ទៅ​មុន​ខ្ញុំ ប៉ុន្តែ​ពួកគេ​នៅតែ​ជិះពី​ក្រោយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច។ វា​ច្បាស់​ណាស់​ជា​ស្ថានភាព​តាម​យាយី​មួយ។ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​រដ្ឋ Minnesota គឺ​ស្ថិត​នៅ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ»។

លោក Davis បានឃើញ​ឡាន​ប៉ូលិស​នៅ​ខាង​ក្រៅ​ហាង 7-11 ហើយ​លោក​បាន​បើក​ឡាន​ទៅ​ឈប់​នៅ​ទី​នោះ ដើម្បី​ទៅ​ទិញ​ថ្នាំ​បាញ់​ការពារ​សត្វល្អិត​ផង និង​ទៅ​និយាយ​ប្រាប់​ប៉ូលិស​ពី​រឿង​ដែល​ទើប​កើត​ឡើង​ចំពោះ​លោក​ផង។

លោក Davis ថ្លែងថា៖ «ពួកគេ​មិនខ្វល់​នោះទេ។ ពួកគេ​មិនចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ខ្ញុំ​និយាយ​នោះទេ»។

អ្វី​ដែល​កើត​ឡើង​នៅ​ពេល​នោះ​គឺ​ដូច​នឹង​អ្វី​ដែល​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​និង​ក្រុម​អ្នក​គាំទ្រ​មាន​អារម្មណ៍​នៅ​ទូទាំង​ប្រទេស​អ៊ីចឹង​ដែរ។

លោក Davis ថ្លែងថា៖ «ខ្ញុំ​ចាំ​បាន​ថា ពេល​ខ្ញុំ​អាយុ ៤ ឆ្នាំ ខ្ញុំ​មិន​អាច​អង្គុយ​នៅ​កន្លែង​ម៉ាស៊ីន​ទឹកក្រូច​នៅ​ស្រុក​កំណើត​ខ្ញុំ​បាន​ទេ។ ខ្ញុំ​នឹក​ឃើញ​រឿង​ពេល​នោះ។ ពេល​នោះ​ខ្ញុំ​រៀន​ក្នុង​វិទ្យាល័យ​ដែល​មាន​សុទ្ធ​តែ​សិស្ស​ស្បែក​ស ហើយ​មាន​សិស្ស​ស្បែក​ខ្មៅ​តែ ១២ នាក់​ប៉ុណ្ណោះ។ យើង​ត្រូវ​រង​ការយាយី​និង​គំរាម​កំហែង។ វា​មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​ត្រូវ​បាន​ប៉ូលិស​បញ្ឈប់​ជា​ច្រើន​ដង​ហើយ​យាយី​ខ្ញុំ»។

លោក Davis បន្តថា៖ «វា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ខ្ញុំ។ ខ្ញុំ​ងាក​រក​ប៉ូលិស។ ខ្ញុំ​មិន​ខ្លាច​ទេ។ ខ្ញុំ​គ្រាន់​តែ​និយាយថា​ អារម្មណ៍​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​មិនដែល​ត្រូវ​បាន​គេ​អើពើ​នោះ​ទេ ព្រោះ​ជន​ស្បែក​ស ជា​ពិសេស​ប៉ូលិស ត្រូវ​បាន​ហ្វឹកហាត់ធ្វើ​ឲ្យ​បាត់បង់​លក្ខណៈ​ជា​មនុស្ស​អស់​ហើយ»។

សម្រាប់​មនុស្ស​ជាច្រើន​ដែល​លែង​ខ្វល់​ពី​ជំងឺ​រាតត្បាត​កូវីដ១៩ ដោយ​ចេញ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ ការ​ស្លាប់​របស់​លោក George Floyd ដែល​បាន​ស្លាប់​ដោយ​សារ​តែ​ប៉ូលិស​ប្រើ​ជង្គង់​សង្កត់​លើ​ក​របស់​លោក​នោះ​មិនមែន​ជា​ឧប្បទ្ទវហេតុ​តែ​ឯកឯង​ខុស​គេ​នោះទេ ប៉ុន្តែ​វា​ជា​ចំណុច​របត់​មួយ។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ក្នុង​កាសែត LA Times កីឡាករ​បាល់​បោះលោក Kareem Abdul-Jabbar បាន​សរសេរ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​រស់នៅ​ដោយ​រង​ការ​យាយី​អស់​ជា​ច្រើនឆ្នាំ​មកហើយ ហើយ​ពួកគេ​រង​គ្រោះថ្នាក់​នៅ​ពេល​ដែល​ការ​យាយី​នេះ​កាន់តែ​ខ្លាំង​ឡើងៗ»។

អ្នកស្រី Michelle Obama ភរិយា​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​សរសេរ​នៅ​លើ Twitter ថា៖ «ឥឡូវ​នេះ​វា​កើត​ឡើង​ចំពោះ​លោក George លោក Breonna និងលោក Ahmaud។ ពីមុន​វា​កើត​ឡើង​ចំពោះ​លោក Eric អ្នកនាង Sandra និង​លោក Michael។ វា​បន្ត​កើត​មាន​ឡើង​ឥត​ឈប់ឈរ»។

បាតុករ​មួយ​រូប​គឺ​អ្នកនាង Diedre O'Brien បាន​ប្រាប់​ VOA ​នៅ​កន្លែង​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​សេតវិមាន​កាលពី​ចុង​សប្តាហ៍​ថា៖ «លោក George Floyd ត្រូវ​បាន​សម្លាប់​ដូច​សត្វធាតុ។ យើង​ធុញទ្រាន់​នឹង​ឮ​រឿង​ដដែលៗ​នេះ​ណាស់។ វា​ក្លាយ​ទៅ​ជា​ទម្លាប់។ មិនមែន​ជា​រឿង​ថ្មី​នោះទេ»។

បាតុករ​ជាច្រើន​បារម្ភ​អំពី​ជំងឺ​កូវីដ​១៩ ហើយ​ទិន្នន័យ​បឋម​មួយ​ចំនួន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នេះ​ខ្ពស់​ជាង​ពលរដ្ឋ​ស្បែកស។

អ្នកនាង O'Brien ថ្លែងថា៖ «ខ្ញុំ​ពាក់ម៉ាស ព្យាយាម​រក្សា​គម្លាត​ពី​អ្នក​ដទៃ។ ហើយ​ខ្ញុំ​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដែល​មាន​ជំងឺ​ហឺត ដូច្នេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ងាយ​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​បាន​សម្លាប់​ពលរដ្ឋ​ស្បែក​ខ្មៅ​ជាច្រើន​កន្លង​មក»។

ទិន្នន័យ​ពី​គម្រោង​តាមដាន​ជំងឺ​កូវីដ​១៩ បង្ហាញថា ទោះបីជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​មាន​តែ ១៣ ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​សរុប​ក៏​ដោយ ក៏​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ គឺ​មាន​រហូត​ដល់​ទៅ ២៥ ភាគរយ​ឯ​ណោះ។

មន្ទីរពិសោធន៍​ស្រាវជ្រាវ APM រាយការណ៍​ថា យោងតាម​ទិន្នន័យ​ចុងក្រោយ អត្រា​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​គឺ ២,៤ ដង ខ្ពស់​ជាង​ពលរដ្ឋ​អាមេរិកាំង​ស្បែកស។

ប៉ុន្តែ​ក្រុម​បាតុករ​នៅ​តែ​មាន​អារម្មណ៍​ថា ការ​ប្តូរ​គ្រោះថ្នាក់​មក​ធ្វើ​បាតុកម្ម​គឺ​មាន​ប្រយោជន៍​ជាង។ មនុស្ស​ជាច្រើន​ថ្លែងថា គ្មាន​មូលហេតុ​ផ្សេង​ទៀត​សម្រាប់​ការ​ស្លាប់​របស់​លោក George Floyd នោះ​ទេ ដូចបាន​ឃើញ​ក្នុង​វីដេអូ​ដែល​បានចែកចាយ​ពេញ​ប្រទេស​យ៉ាង​ដូច្នេះ។

លោក Davis មិនមែន​មក​ធ្វើ​បាតុកម្ម​តែ​ឯង​នោះ​ទេ ប៉ុន្តែ​ក្មួយស្រី​និង​ក្មួយប្រុស​របស់​លោក​ក៏​ចូលរួម​ធ្វើ​បាតុកម្ម​ដែរ។

លោក​បានថ្លែងថា៖ «ខ្ញុំទើប​និយាយ​ជាមួយ​ពួកគេ​ព្រឹកមិញ»។ លោកថា​លោក​បារម្ភ​ពី​ពួកគេ «ស្ទើរស្លាប់​ហើយ» ប៉ុន្តែ​លោក​មិន​ឃាត់​ឲ្យ​ពួកគេ​ឲ្យ​នៅ​ផ្ទះ​ទេ។

លោក​ថ្លែង​បន្តថា៖ «ខ្ញុំ​មិនមាន​កម្លាំង ឬ​ក៏​មនសិការ​ទៅ​ប្រាប់​ពួកគេ​កុំ​ឲ្យ​រស់​នៅ​ដោយ​មិនមាន​ភាព​ច្នៃ​ប្រឌិត ហើយ​រំពឹង​ថា​មនុស្ស​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​មនុស្ស​នោះទេ»។

អារម្មណ៍​ជា​មនុស្ស អារម្មណ៍​ត្រូវ​បាន​គេស្តាប់ គឺ​ជា​អ្វី​ដែល​លោក Davis ថា​មាន​សារៈសំខាន់​សម្រាប់​លោក​នៅ​ពេល​ឥឡូវ​នេះ។

ហើយ​ទោះបី​ជា​លោក​ភ័យ​ខ្លាច​ដោយសារតែ​ហេតុការណ៍​ដែល​លោក​បាន​ជួប​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ក្តី លោក​ថា ពេល​លោក​ជួប​ប៉ូលិស​នៅ​ហាង 7-11 គឺ​មាន​មនុស្ស​ម្នាក់​ស្ដាប់​មតិ​របស់​លោក​ដែរ។

លោក Davis ថ្លែង​ថា៖ «បុរស​ស្បែក​ស​ម្នាក់​បាន​យក​ដៃ​ដាក់​លើ​ដៃ​របស់​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​គាត់​អាច​ស្តាប់​រឿង​រ៉ាវ​របស់​ខ្ញុំ​បាន​ទេ?។ ខ្ញុំ​មិន​ស្គាល់​បុរស​នោះទេ។ ប៉ុន្តែ​គាត់​បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​ខ្ញុំ»៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG