ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​អំពី​មរណភាព​លោក ​George Floyd ​រាល​ដាល​ទូទាំង​ប្រទេស


បាតុករ​វាយ​បំផ្លាញ​រថយន្ត​មួយ នៅ​ពេល​ពួកគេ​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅ​ក្បែរ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​ដៃ​ជាប់​ខ្នោះ​ និង​បាន​និយាយ​ថា ​លោក​ដក​ដង្ហើម​មិន​រួច​ពេល​​ប៉ូលិស​ស្បែក​ស​ម្នាក់​យក​ជង្គង់​សង្កត់​ក​គាត់​ផ្ទប់​នឹង​ដី​នោះ​ បាន​នាំ​ឲ្យមាន​ការ​តវ៉ា​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​ថា​ លោក​គាំទ្រ​ការ​តវ៉ា​ដោយ​សន្តិវិធី ​ក៏​ប៉ុន្តែ​បាន​ព្រមាន​ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​អនាធិបតេយ្យ​ច្របូក​ច្របល់ ​មិន​គោរព​ច្បាប់​បន្ថែម​ទៀត​ទេ។​

ការ​តវ៉ា​ច្រើន​ឡើង​បាន​ផ្ទុះ​នៅ​ក្រុង​ Minneapolis ​រដ្ឋ​មីនីសូតា​កាលពី​ថ្ងៃ​សុក្រ​ប្រឆាំង​ការ​ស្លាប់​លោក​ George Floyd។​

លោក​ Floyd ​ជា​បុរស​ស្បែក​ខ្មៅ​បាន​ស្លាប់​នៅ​ថ្ងៃទី​២៥​ខែ​ឧសភា​ បន្ទាប់​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​បាន​យក​ជង្គង់​សង្កត់​ក​គាត់​ផ្ទប់​នឹង​ដី​ជិត​៨​នាទី។​

លោក ​Floyd ​គ្មាន​អាវុធ ដៃ​ជាប់​ខ្នោះ​ និង​ដែល​ខ្លាច​ស្លាប់​បាន​អង្វរ​ប៉ូលិស​ថា៖​ «ខ្ញុំ​ដក​ដង្ហើម​មិន​បាន​ទេ»។​

មន្រ្តី​ប៉ូលិស​ឈ្មោះ ​Derek Chauvin ​ដែល​ឥឡូវ​ត្រូវ​ឃាត់​ខ្លួន​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត៣​ និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​កម្រិត​២​ដោយសារ​លោក​ Floyd ​បាន​ស្លាប់។​

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​សុំ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ការ​ស្លាប់​លោក​ Floyd។​

«យើង​មាន​បាតុករ​អហិង្សា ​និង​គាំទ្រ​សិទ្ធិ​បាតុករ​ដោយ​សន្តិវិធី។​ យើង​មិន​អាច​បណ្តោយ​ឲ្យ​ស្ថានភាព​ដូច​នៅ​ក្រុង ​Minneapolis ​ទៅ​ជា​អនាធិបតេយ្យ​គ្មាន​ច្បាប់​ទម្លាប់​និង​ចលាចល​ទៀត​នោះ​ទេ»។

សារ​តាម​ធ្វីត​កាល​ពី​ថ្ងៃ​សុក្រ​ដែល​អ្នក​រិះគន់​យល់​ថា ​លើក​តម្កើង ​«ហិង្សា»​ នោះ ​លោក​ត្រាំ​ប្តេជ្ញា​ថា​ នឹង​បញ្ជូន​កងទ័ព​ទៅ​ចាត់​វិធានការ​ បើចាំ​បាច់។​

លោក​ក៏​និយាយ​ឃ្លា​ថា​ «ពេល​ចោរកម្ម​ចាប់ផ្តើម​ ការ​ផ្ទុះ​អាវុធ​ចាប់ផ្តើម»។​ មេប៉ូលិស​ក្រុង​ Miami​ បាន​ប្រើ​ឃ្លា​នេះ​កាលពី​ទសវត្សរ៍​១៩៦០ ​ដែល​ត្រូវ​ចោទ​ថា​ ជា​ល្បិច​ប្រកាន់​ពូជ​សាសន៍។​

ពួក​អ្នក​រិះគន់​ចោទ​ថា​ លោក​ត្រាំ​ពន្យុះ​ហិង្សា។​

លោក ​Keith Mayes​ នៃ​សាកល​វិទ្យាល័យ ​Minnesota​ ថ្លែង​ថា៖​ «លោក​ត្រាំ​កំពុង​បញ្ឆេះ​ការ​បែងចែក​ជាតិ​សាសន៍។ ​យើង​កំពុង​ប្រឈម​ស្ថានភាព​តានតឹង​កាន់​តែ​ច្រើន​ តាំងពី​លោក​បាន​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦។ ​ក៏​ប៉ុន្តែ​យើង​ប្រឈម​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ដូច​នេះ​រាប់​រយ​ឆ្នាំ​មក​ហើយ។​ ដូច្នេះ​លោក​ជា​អ្នក​បញ្ឆេះ»។​

អភិបាល​រដ្ឋ​មីនីសូតា​ លោក ​Tim Walz​ ទទួល​ស្គាល់​ថា ​ សហគមន៍​ស្បែក​ខ្មៅ​ មាន​ការ​ទង្គិះ​ចិត្ត ​និង​ការ​ឈឺ​ចាប់​ច្រើន​ទសវត្សរ៍​មក​ហើយ ​តែ​លោក​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​លួច​ប្លន់​ និង​អំពើ​ហិង្សា។

លោក​ថ្លែង​ថា៖​ «យើង​មិន​អាច​មាន​អំពើ​នេះ​ក្នុង​សង្គម​ទេ​ ហើយ​ខ្ញុំ​មិន​ឲ្យ​អំពើ​នេះ​លុប​លាង​ ឬ​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​ស្នាម​ទុរយស​ដែល​ត្រូវ​ដោះស្រាយ​គឺ​ការ​រើសអើង​ពូជ​សាសន៍​ជាមូលដ្ឋាន​ដោយ​ស្ថាប័ន​ ដែល​បណ្តោយ​ឲ្យ​បុរស​ម្នាក់​ត្រូវ​គេ​សង្កត់​ក​ទាំង​កណ្តាល​ថ្ងៃ​នោះ​ទេ»។​

ការ​តវ៉ា​បាន​រាលដាល​ទូទាំង​ប្រទេស។​ បាតុករ​ម្នាក់​ត្រូវ​ឡាន​បុក​នៅ​ក្រុង​ Denver ​រដ្ឋ​កូឡូរ៉ាដូ។​

មនុស្ស​៧នាក់​ត្រូវ​បាន​គេ​បាញ់​នៅ​ក្រុង​ Louisville​ រដ្ឋ​ Kentucky ​នៅ​ពេល​បាតុករ​ទាមទារ​យុត្តិធម៌​ឲ្យ​អ្នកស្រី​ Brenna Taylor ​ស្រ្តី​ស្បែក​ខ្មៅ​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​ពេល​ពួក​គេ​ចូល​ផ្ទះ​អ្នកស្រី​កាលពី​ខែ​មីនា។​

លោក​ Derrick Johnson ​នាយក​ប្រតិបត្តិ​សមាគមន៍​ជាតិ​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច ​ថ្លែង​ថា៖​ «កាល​ពី​ដើម​ យើង​ធ្លាប់​ដាក់​ទង់​ជាតិ​នៅ​មាត់​បង្អួច​ដើម្បី​បង្ហាញ​ថា​ ​ បុរស​ម្នាក់​ត្រូវ​គេ​ចង​ក​សម្លាប់។ ​ឥឡូវ​យើង​ឈាន​ដល់​ស្ថានភាព​ដូចគ្នា​ដែល​យើង​ត្រូវ​ដាក់​ទង់ជាតិ​ម្តង​ទៀត​នៅ​លើ​បណ្តាញ​សង្គម​ថា ​យើង​ទ្រាំ​លែង​បាន​ហើយ»។​

លោក ​Joe Biden​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ពី​ផ្ទះ​របស់​លោក​នៅ​រដ្ឋ​ Deleware ​ថា ការ​បើក​មុខ​របួស​ចាស់​នៃ​ការ​ប្រកាន់​ពូជ​សាសន៍​នាំ​ឲ្យ​លោក​ Floyd ​ស្លាប់។

លោក​ Joe Biden​ ថ្លែង​ថា៖​ «យើង​មិន​អាច​ធ្វើ​មិន​ដឹង​បាន​ទេ។​ យើង​មិន​អាច​នៅ​ស្ងៀម​ត​ទៅ​ទៀត​ទេ។​ យើង​មិន​អាច​ស្តាប់​ពាក្យ​ «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន» ​ហើយ​នៅ​ស្ងៀម​ទៀត​ទេ»។

ពួក​បាតុករ​ និង​ប៉ូលិស​នៅ​តំបន់​ដែល​គេបិទ​នៅ​សហរដ្ឋ​អាមេរិក​លើក​អំពី​កង្វល់​ថា ​ ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នឹង​ធ្វើ​ឲ្យ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​កើន​ឡើង​យ៉ាង​ខ្លាំង៕​

ប្រែសម្រួល​ដោយ​លោក​ជឹង ប៉ូជីន

XS
SM
MD
LG