អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងដែលធ្វើបាតុកម្មតវ៉ាទាក់ទិននឹងការស្លាប់របស់លោក George Floyd ត្រូវតែប្រើសន្ទុះចិត្តដែលបានពីការតវ៉ានេះដើម្បីសម្រេចឲ្យបាននូវការផ្លាស់ប្ដូរពិតប្រាកដ ដោយការចូលរួមនៅក្នុងនយោបាយមូលដ្ឋាន។
លោក Obama បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនៅលើវិបសាយ Medium ថា៖ «ខ្ញុំឮថា អ្នកខ្លះនិយាយថា បញ្ហាដែលកើតមានឡើងម្ដងហើយម្ដងទៀតទាក់ទិននឹងភាពលំអៀងផ្នែកពូជសាសន៍នៅក្នុងប្រព័ន្ធព្រហ្មទណ្ឌ និងប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិក បានបង្ហាញថា មានតែការតវ៉ា និងការធ្វើសកម្មភាពផ្ទាល់តែប៉ុណ្ណោះដែលអាចនាំមកនូវការផ្លាស់ប្ដូរបាន។ សម្រាប់ខ្ញុំ គឺជំទាស់ដាច់ខាតចំពោះការអះអាងនេះ»។
លោក Obama បានបញ្ជាក់ថា៖ «នៅទីបំផុត សេចក្ដីប្រាថ្នាត្រូវតែប្រែក្លាយឲ្យទៅជាច្បាប់ដ៏ជាក់លាក់ និងការអនុវត្តទូទៅនៅក្នុងសង្គម តាមបែបប្រជាធិបតេយ្យ ដែលករណីនេះអាចកើតមានឡើងតែនៅពេលដែលយើងជ្រើសរើសមន្ត្រីរដ្ឋាភិបាលណាដែលឆ្លើយតបចំពោះការចង់បានរបស់ពលរដ្ឋតែប៉ុណ្ណោះ»។
ស្របពេលដែលលោក Obama បានអះអាងថា វាសំខាន់នៅក្នុងការជ្រើសរើសប្រធានាធិបតី សភា និងតុលាការសហព័ន្ធ ដែលទទួលស្គាល់ថា «មានការរើសអើសពូជសាសន៍ជាបន្តនៅក្នុងសង្គមសហរដ្ឋអាមេរិក» លោកបាននិយាយថា៖ «មន្ត្រីសាធារណៈដែលសំខាន់បំផុតនៅក្នុងការកែទម្រង់មន្ទីរប៉ូលិស និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ គឺអ្នកដែលធ្វើការនៅថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋាន»។
បន្ថែមពីនេះទៀត លោក Obama បានរិះគន់អ្នកតវ៉ាណាដែលយកអំពើហិង្សាជាត្រីមុខ ដែលការរិះគន់របស់លោកនេះគឺដូចទៅនឹងការរិះគន់របស់អ្នកនយោបាយផ្សេងទៀតផងដែរ៕