ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្មីៗនេះបានព្រមានថាការប្រែប្រួលអាកាសធាតុជា«វិបត្តិសកលកំពុងកើតមាន» ដែលត្រូវតែដោះស្រាយខណៈសហរដ្ឋអាមេរិកបានចូលរួមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ឡើងវិញ។
លោកបៃដិន បានប្រាប់មេដឹកនាំពិភពលោកកាលពីថ្ងៃទី១៩ ខែកុម្ភៈនៅក្នុងកិច្ចប្រជុំតាមអនឡាញនៃសន្និសីទសន្តិសុខទីក្រុងមុយនិកថា៖ «យើងទាំងអស់គ្នានឹងរងគ្រោះយើងទាំងអស់គ្នានឹងរងគ្រោះ។ យើងនឹងប្រឈមផលវិបាកបើសិនជាយើងបរាជ័យ»។
លោក បៃដិន បានថ្លែងបន្តទៀតថា៖ «យើងបានពន្លឿនការប្តេជ្ញាចិត្តរបស់យើងដើម្បីទប់ស្កាត់ការបញ្ចេញឧស្ម័ននិងជំរុញការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅនិងបង្កើនមហិច្ឆតារបស់យើង។ ដូច្នេះក្នុងនាមជាប្រធានាធិបតីខ្ញុំបានចូលរួមវិញភ្លាមៗក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយមកដល់ថ្ងៃនេះសហរដ្ឋអាមេរិកចូលរួមជាផ្លូវការឡើងវិញនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលយើងបានបង្កើតឡើងរួមគ្នា»។
វិធានការរបស់លោកបៃដិន បានប្តូរសេចក្តីសម្រេចរបស់រដ្ឋបាលលោកត្រាំដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ដែលមានបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ លោកអតីតប្រធានាធិបតី ត្រាំគឺជាអ្នកគាំទ្រឧស្សាហកម្មប្រេងឥន្ធនៈហ្វូស៊ីលហើយតែងតែនិយាយចំអកអំពីថាមពលកកើតឡើងវិញដូចជាខ្យល់ជាដើម។
កាលពីឆ្នាំ២០១៧ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងចាកចេញពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះដោយលើកហេតុផលថា «ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច»អាមេរិក។ ប៉ុន្តែបើយោងតាមលក្ខខណ្ឌនៃការចាកចេញពីកិច្ចព្រមព្រៀងនេះមានន័យថា សេចក្តីសម្រេចរបស់លោក ត្រាំនឹងមិនចូលជាធរមានរហូតដល់ថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ២០២០គឺមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិតីសហរដ្ឋអាមេរិកដែលលោក បៃដិន បានទទួលជ័យជម្នះ។
នៅក្នុងកិច្ចប្រជុំតាមអនឡាញមួយដើម្បីអបអរការវិលត្រឡប់របស់ក្រុងវ៉ាស៊ីនតោនមកកាន់កិច្ចព្រមព្រៀងវិញអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថាវាគឺជា «ថ្ងៃនៃក្តីសង្ឃឹម» ហើយជាដំណឹងល្អសម្រាប់ទាំងសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូល។
លោក Guterresបាននិយាយសំដៅដល់អាណត្តិរបស់លោកត្ រាំនៅពេលសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងសកម្មភាពអាកាសធាតុថា៖ «កាលពីបួនឆ្នាំមុន អវត្តមានរបស់ភាគីសំខាន់មួយបានបង្កើតជាចន្លោះមួយក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាចន្លោះដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះទាំងមូលចុះខ្សោយ»។
លោក Guterres បានបន្តថា៖ «នេះជាការប្រកួតក្នុងជីវិតរបស់យើង។ យើងត្រូវតែរត់ឲ្យលឿនជាងនេះ ហើយឲ្យឆ្ងាយជាងនេះ»។
លោកប្រធានាធិបតីបៃដិនបានប្តេជ្ញាចិត្តសម្រេចតាមគោលដៅប្រកបដោយមហិច្ឆតារួមមានសេដ្ឋកិច្ចដែលប្រើប្រាស់ថាមពលស្អាត១០០ភាគរយក្នុងសហរដ្ឋអាមេរិក និងគ្មានការបញ្ចេញឧស្ម័នទាល់តែសោះត្រឹមឆ្នាំ ២០៥០។
លោកបានចាត់តាំងអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក John Kerry ដែលបានជួយចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ជាប្រេសិតប្រធានាធិបតីដែលមិនធ្លាប់មានឲ្យទទួលខុសត្រូវលើបញ្ហាអាកាសធាតុនិងតែងតាំងលោកជាផ្នែកមួយនៃក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។
ទិវាភពផែនដីនៅថ្ងៃទី២២ខែមេសាខាងមុខនេះ រដ្ឋបាលលោកបៃដិននឹងរៀបចំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុជាមួយមេដឹកនាំនានាដើម្បីដឹកនាំសកម្មភាពប្រកបដោយមហិច្ឆតាបន្ថែមទៀតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នច្រើនជាងគេបំផុតរួមមានសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួលដោយ ទុំ ម្លិះ