ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក​លោក Kerry អំពាវនាវ​ឲ្យ​បង្កើន​ល្បឿន​វិធានការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ លោក John Kerry បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រែប្រួល​អាកាសធាតុសម្រាប់រដ្ឋបាលលោក Joe Biden ថ្លែងនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ លោក John Kerry បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រែប្រួល​អាកាសធាតុសម្រាប់រដ្ឋបាលលោក Joe Biden ថ្លែងនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រែប្រួល​អាកាសធាតុ​លោក John Kerry បាន​លើកឡើង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា វិធានការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​លឿន​បំផុត ហើយ​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ជា​សាកល​នៃ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​នៅ​ត្រឹម​ឆ្នាំ ២០៥០ គឺ​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំងក្លា​និង​ឆាប់​រហ័ស​នៃ​សេដ្ឋកិច្ច។

លោក Kerry បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​តាម​អនឡាញ​ដែល​រៀបចំ​ឡើង​ដោយ​វេទិកា​អាជីវកម្ម​មួយ​ ពាក់ព័ន្ធ​នឹង​បេក្ខភាព​ជា​ប្រធាន​របស់​ប្រទេស​អ៊ីតាលី​សម្រាប់​ក្រុម​ប្រទេស G20 ដូច្នេះ​ថា៖ «ការ​បរាជ័យ​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន មិន​មែនជា​ជម្រើស​នោះ​ទេ»។

ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​តែងតាំង​លោក Kerry ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ឲ្យ​ធ្វើ​ជា​បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ប្រែប្រួល​អាកាសធាតុ ដែល​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា លោក Biden បាន​ដាក់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​អាទិភាព​មួយ​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​លោក។

លោក Kerry បាន​និយាយ​ថា ការ​ប្រើប្រាស់​ធ្យូង​ថ្ម​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន ៥ ដង​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ចំណែក​ឯ​ថាមពល​កកើត​ឡើង​វិញ​ចាំបាច់​ត្រូវ​បង្កើន​ឲ្យ​បាន ៦ ដង ច្រើន​ជាង​ពេល​បច្ចុប្បន្ន ហើយ​រថយន្ត​អេឡិចត្រូនិក​ចាំបាច់​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ឲ្យ​បាន ២២ ដង ច្រើន​ជាង​ពេល​បច្ចុប្បន្ន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​ងាក​ចេញ​ពី​ជម្រើស​មិន​ល្អ​ឲ្យ​បាន​លឿន​បំផុត។... យើង​ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ឲ្យ​បាន​លឿន​បំផុត។... នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន»៕

XS
SM
MD
LG