ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទបញ្ជា​ប្រធានាធិបតី Biden សំដៅ​លើ​បញ្ហា​ដូចជា អាកាសធាតុ ជំងឺ​កូវីដ១៩ និង​ជញ្ជាំង​ព្រំដែន


លោក​ប្រធានាធិបតី Joe Biden ផ្អាកបន្តិច នៅ​ពេល​លោក​ចុះ​ហត្ថលេខា​លើ​​​បទបញ្ជា​ប្រធានាធិបតីដំបូង​ៗ​របស់​លោក​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​ក្នុង​សេតវិមាន កាលពី​ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅក្នុង​ថ្ងៃ​តែ​មួយ​ដែល​លោក​បាន​ស្បថ​ចូល​កាន់​តំណែង ប្រធានាធិបតី​ថ្មី​របស់សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​ជា​បន្ត​បន្ទាប់ ​និង​ចំណាត់ការ​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃ​ពុធ​ ដែល​មាន​គោលបំណង​ដោះស្រាយ​វិបត្តិ​កូវីដ១៩​ និង​ច្រានចោល​ការ​ផ្លាស់ប្តូរ​គោល​នយោបាយមួយ​ចំនួន​ ដែលត្រូវបានអនុម័ត​នៅ​ក្រោម​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក Biden បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ពិធី​នៃ​ការចុះ​ហត្ថលេខា​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ថា៖ «មិន​មាន​ពេល​វេលា​ណា​ដែល​ល្អ​ក្នុងការ​ចាប់ផ្តើម​ ដូច​នៅ​ថ្ងៃ​នេះ​ទេ»។

ក្នុង​ចំណោម​បទបញ្ជា​ទាំង​នោះ លោក Biden បាន​បញ្ចប់​បម្រាម​ធ្វើ​ដំណើរ​លើ​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើនមួយ​ចំនួន ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​ទីភ្នាក់ងារ​សហព័ន្ធ​ផ្តោត​អាទិភាព​លើ​សមភាព​ជាតិសាសន៍ បញ្ឈប់​ការសាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក ដក​វិញ​ការ​អនុម័ត​បំពង់​បង្ហូរ​ប្រេង​របស់​ក្រុមហ៊ុន Keystone XL ប្រែក្រឡាស់​បទបញ្ជា​របស់​លោក Trump ដែល​មិន​ដាក់​បញ្ចូលអ្នក​ដែល​មិន​មែន​សញ្ជាតិ​អាមេរិកាំង​ពី​ជំរឿន​ពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​ប្រឆាំង​នឹង​ការ​រើសអើង​ផ្អែក​លើ​យេនឌ័រ (ភេទ)។​

លោក​ប្រធានាធិបតី Biden ក៏​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ដើម្បី​ប្រកាស​ថា សហរដ្ឋ​អាមេរិក​មាន​បំណង​ចូលរួម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ និង​ដក​សេចក្តី​ប្រកាស​របស់​លោក Trump ដែល​ថា​ អាមេរិក​ នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) នោះ។

ចំពោះ​វិបត្តិ​កូវីដ១៩​វិញ លោក Biden បាន​បន្តបញ្ជា​សហព័ន្ធ​មិន​ឱ្យ​ជម្លៀស​អ្នក​គ្មានលទ្ធភាព​បង់​ថ្លៃ​ផ្ទះ ចេញ​បញ្ជា​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​នៅ​ក្នុង​អគារ​សហព័ន្ធ​ ហើយ​បង្កើត​ការិយាល័យ​ថ្មី​មួយ​ដើម្បី​សម្របសម្រួល​ការ​ឆ្លើយតប​ជាតិ​ចំពោះ​វិបត្តិ​បង្ក​ដោយវីរុស​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤០០.០០០​នាក់ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

មន្ត្រី​រដ្ឋបាល​បាន​បញ្ជាក់​ថា លោក Biden នឹង​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ជាង​១០​ទៀត​នៅ​ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់​ទៀត៕

XS
SM
MD
LG