នៅក្នុងកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បានបញ្ជាក់ជាថ្មីអំពីចំណងទាក់ទងគ្នារវាងស.រ.អា.និងអ៊ីស្រាអែល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងប្រទេសអ៊ីរ៉ង់។
ការធានានេះ ធ្វើឡើនៅពេលមានកង្វល់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលថារដ្ឋាភិបាលក្រុងតេហេរ៉ង អាចទាញយកអត្ថប្រយោជន៍ពីការដកពួកទាហានអាមេរិកាំងចេញពីប្រទេសស៊ីរី។
លោក Pompeo បាននិយាយនៅក្រោយជំនួបរបស់លោកជាមួយលោក Netanyahu ថា៖ «យើងបាននិយាយគ្នាអំពីកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលយើងបានធ្វើដើម្បីរុញច្រានប្រឆាំងនឹងការគំរាមកំហែងរបស់សាធារណរដ្ឋឥស្លាម អ៊ីរ៉ង់ មិនមែនតែសម្រាប់ប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់តំបន់នេះនិងពិភពលោកផងដែរ។ យើងបានប្តូរយោបល់គ្នាអំពីយើងអាចធ្វើបែបណាដើម្បីធ្វើឱ្យប្រាកដប្រជាឱ្យមានស្ថិរភាពនៅក្នុងភូមិភាគមជ្ឈិមបូព៌ានិងអំពីថាតើធ្វើបែបណាដើម្បីឱ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធរួមគ្នាប្រឆាំងនឹងឧបសគ្គទាំងអស់ដែលពិភពលោកប្រឈមនៅក្នុងភូមិភាគមជ្ឈិមបូព៌ា»។
ជំនួបនេះមានឡើងមួយថ្ងៃក្រោយពីគណៈប្រតិភូស.រ.អា.មួយដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយប្រទេសតួកគី ដើម្បីឱ្យរដ្ឋាភិបាលក្រុងអង់ការ៉ា ផ្អាកការវាយលុកយោធាប្រឆាំងនឹងកងកម្លាំង Kurde នៅក្នុងផ្នែកឦសាននៃប្រទេសស៊ីរីចំនួនប្រាំថ្ងៃ។
នៅពេលត្រូវសួរអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាសម្របសម្រួលដោយស.រ.អា.និងថាតើការបញ្ឈប់អរិភាពនឹងមានជាប់លាប់រវាងប្រទេសតួកគី និងពួកជនអំបូរ Kurde ស៊ីរីឬទេ លោក Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា «យើងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរជាងមុន»៕