ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​រឹតត្បិត​ទិដ្ឋាការ​លើ​ប្រទេស​មីយ៉ាន់ម៉ា​និង​ឡាវ


អ្នក​ធ្វើ​ដំណើរ​ពិនិត្យ​មើល​ម៉ោង​សម្រាប់​ធ្វើ​ដំណើរ​របស់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Miami កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។
អ្នក​ធ្វើ​ដំណើរ​ពិនិត្យ​មើល​ម៉ោង​សម្រាប់​ធ្វើ​ដំណើរ​របស់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Miami កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​​កំពុង​ដាក់​ការ​រឹតត្បិត​ខាង​ទិដ្ឋាការ​លើ​​ពួក​មន្ត្រី​ខ្លះ​របស់​មីយ៉ាន់ម៉ា​និងឡាវ ដោយ​សារ​ប្រទេស​ទាំង២​នេះ​បដិសេធ​ពុំ​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​មាន​ទោស​ខាង​ព្រហ្មទណ្ឌ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​កំពុង​ដាក់​ការ​រឹតត្បិត​ផ្នែក​ទិដ្ឋាការ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​និង​​ឡាវ​​ចំពោះ​ការ​មិន​សុខ​ចិត្ត​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ស្វះស្វែង​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​កំណើត​វិញ។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ថា «ប្រទេស​មីយ៉ាន់ម៉ា​និងឡាវ ​បាន​បដិសេធ​ ឬ​ពន្យារពេល​ដោយ​មិន​សមហេតុ​ផល​ក្នុង​ការ​បដិសេធ​មិន​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​បញ្ជា​ឲ្យ​ចេញ​ពី​សហរដ្ឋ​អាមេរិក»។

ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​បាន​បញ្ជា​ឲ្យ​ការិយាល័យ​កុងស៊ុល​ក្នុង​ប្រទេស​ទាំង២​នោះ​ចាប់​ផ្តើម​រឹតត្បិតលើ​ប្រភេទ​ទិដ្ឋាការ​មួយ​ចំនួន។ ប្រភេទ​ទិដ្ឋាការ​នោះ​មាន​ដូច​តទៅ៖

ប្រទេស​មីយ៉ាន់ម៉ា៖ «ឈប់​បន្តចេញ​រាល់​ប្រភេទ​ទិដ្ឋាការ B1 B2 និង B1/B2 ដែល​ជា​ប្រភេទ​ទិដ្ឋាការ​មិនមែន​អន្តោ​ប្រវេសន៍​ដល់​ពួក​មន្ត្រី​បម្រើការ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ចាប់ពី​កម្រិត​អគ្គនាយក​ឡើង​ទៅ​ ដែល​បម្រើ​ការ​នៅក្រសួង​ការងារ និង​អន្តោប្រវេសន៍ និង​ក្រសួង​មហាផ្ទៃ​របស់​មីយ៉ាន់ម៉ា ​ហើយ​និង​សមាជិក​ក្រុម​គ្រួសារ​សាច់​ផ្ទាល់ ​ដោយមាន​ការ​លើក​លែង​តិចតួច»។​

ប្រទេស​ឡាវ៖ «ឈប់​បន្ត​ចេញ​រាល់​ប្រភេទ​ទិដ្ឋាការ B1 B2,និង​ B1/B2 ដែល​ជា​ប្រភេទ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​សម្រាប់​មន្ត្រី​បម្រើការ​នៅ​ពេល​បច្ចុប្បន្ន​នៅ​កម្រិត​អគ្គនាយក​ឡើង​ទៅ​ ដែល​បម្រើ​ការ​នៅ​ក្រសួង​សន្តិសុខ​ជាតិ​ឡាវ​ និង​ក្រុម​គ្រួ​សារ​សាច់​ផ្ទាល់​របស់​ពួកគេ ​ហើយ​និង​ប្រភេទ​ទិដ្ឋាការ A3 ​និង​ G5 ដែល​ជា​ប្រភេទ​មិនមែន​អន្តោ​ប្រវេសន៍​សម្រាប់ (អ្នក​ការ​ទូត​និង​បុគ្គលិក​របស់​អង្គការ​អន្តរជាតិ)​ ដល់​បុគ្គល​ដែល​ធ្វើ​ការ​ឲ្យ​ពួក​មន្ត្រី​រដ្ឋាភិបាល​ឡាវ ​ដោយ​មាន​ការ​លើក​លែង​តិចតួច។

ការ​ចេញផ្សាយ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ដោយ​មិន​មាន​ការ​ឆ្លើយ​តប​ឲ្យ​បាន​សមរម្យ» ការ​ដាក់​ទណ្ឌកម្ម​នេះ​អាច​នឹង​ត្រូវពង្រីក​ដល់​មនុស្ស​ផ្សេងៗ​ទៀត។ ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​នឹង​ត្រូវ​បន្ត​រហូត​ទាល់​តែ​ក្រសួង​សន្តិសុខ​មាតុភូមិ​កំណត់​ថា «កិច្ចសហ​ប្រតិបត្តិការ​ពី​ប្រទេស២​ស្តីពី​ការយក​ពលរដ្ឋ​ខុស​ច្បាប់ មាន​ការ​ប្រសើរ​ឡើង​ទៅ​ដល់​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន»។

ទាំងមីយ៉ាន់ម៉ា​ និងឡាវ​ស្ថិត​នៅ​លើ​បញ្ជី​ដែលសហរដ្ឋ​អាមេរិក​កំណត់​ថា ជា​ប្រទេស​រឹងរូស។ បញ្ជី​នោះ​រួមមាន​ប្រទេស​ចំនួន៩​ដែល​បដិសេធ​ពុំសុខចិត្ត​ទទួល​ពលរដ្ឋ​ដែល​ត្រូវ​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក។

​ការ​ដាក់​ទណ្ឌកម្ម​ជា​ជំហាន​មួយ​បន្ថែម​ពីលើ​បញ្ជី​ទណ្ឌកម្ម​ប្រទេស​រឹង​រូស។ ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹងថា ​ដោយ​មិនមាន​ឯកសារ​ធ្វើ​ដំណើរ​បញ្ជាក់​ពី​អត្តសញ្ញាណ​និង​សញ្ជាតិ ក្រសួង​នេះ​មិន​អាច​បញ្ចប់​ដំណើរ​ការ​និរទេស​ខ្លួន​ពួកគេ​បាន​ទេ។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ប្រទេស​មីយ៉ាន់ម៉ា​និង​ឡាវ​ មិន​បាន​បង្កើត​បែបបទ​ដើម្បី​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ដល់​ពល​រដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ចេញ​ពី​សហរដ្ឋ​អាមេរិកនេះ​ទេ។​ ដោយមូល​ហេតុ​នេះ ទីភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​សហរដ្ឋ​អាមេរិក ​ត្រូវ​ដោះ​លែង​ពលរដ្ឋ​មីយ៉ាន់ម៉ា​និង​ឡាវ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ដែល​អ្នក​ខ្លះ​មាន​ទោស​ព្រហ្មទណ្ឌ​ធ្ងន់​ធ្ងរ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG