ក្រសួងសន្តិសុខមាតុភូមិអាមេរិកបានដកប្រទេស ហៃទី ប្រទេស បេលី និងប្រទេសសាម័រ ចេញពីបញ្ជីឈ្មោះប្រទេសដែលពលរដ្ឋអាចធ្វើការតាមរយៈទិដ្ឋាការបណ្តោះអាសន្ននៅក្នុងសហរដ្ឋអាមេរិកបាន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសន្តិសុខមាតុភូមិកាលពីថ្ងៃព្រហស្បតិ៍។
បញ្ជីឈ្មោះប្រទេសដែលអាចស្នើសុំយកទិដ្ឋាការប្រភេទ H-2A និងប្រភេទ H-2B សម្រាប់ធ្វើការក្នុងអាមេរិកបណ្តោះអាសន្នក្នុងវិស័យកសិកម្មឬវិស័យមិនមែនកសិកម្ម ដែលត្រូវបានចេញផ្សាយនៅក្នុងសេចក្តីប្រកាសបញ្ជីឈ្មោះសហព័ន្ធមួយ ត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ បញ្ជីឈ្មោះប្រទេសចុងក្រោយបង្អស់ដែលត្រូវបានចេញដោយក្រសួងសន្តិសុខមាតុភូមិកាលពីថ្ងៃពុធ មិនបានដាក់បញ្ចូលប្រទេសទាំងបីនោះទេ។
លោកស្រី Katie Waldman អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិ បានថ្លែងប្រាប់ VOA ថា «ការសម្រេចដកប្រទេសហៃទី បេលី និងសាម័រចេញពីបញ្ជីឈ្មោះប្រទេសដែលអាចស្នើសុំទិដ្ឋាការប្រភេទ H-2A និង H-2B ត្រូវបានធ្វើឡើងតាមរយៈការសម្រេចរួមគ្នារវាងក្រសួងសន្តិសុខមាតុភូមិនិងក្រសួងការបរទេស»។
ក្នុងឆ្នាំសារពើពន្ធ២០១៦ ទិដ្ឋាការប្រភេទ H-2A ចំនួន៦៥ត្រូវបានចេញឲ្យពលរដ្ឋ ហៃទី។ យោងតាមរបាយការណ៍មួយរបស់ក្រសួងសន្តិសុខមាតុភូមិកាលពីឆ្នាំមុន ពលរដ្ឋហៃទីប្រមាណ៤០ភាគរយដែលមកសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដែលក្រៅពីទិដ្ឋាការ H-2A និង H-2B បានស្នាក់នៅក្នុងសហរដ្ឋអាមេរិកហួសកាលកំណត់៕