ពួកមន្រ្តីសហរដ្ឋអាមេរិកច្រានចោលរបាយការណ៍ថា ចំណងទាក់ទងរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តអឺរ៉ុបមានការតានតឹងដោយសាររដ្ឋបាលរបស់លោក ត្រាំដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក Brian Hook នាយករៀបចំផែនការគោលនយោបាយរបស់ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា «យើងបានព្រមព្រៀងគ្នាច្រើនជាងយើងមិនព្រមព្រៀងគ្នា។ មនុស្សកំពុងនិយាយខុសពីការមិនចុះសម្រុងគ្នារវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប»។
លោក Hook បាននិយាយទៀតដោយសំដៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ជាមួយនឹងប្រទេសមហាអំណាចថា «យើងជឿជាក់ថា តម្លៃនិងការតាំងចិត្តរួមរបស់យើងដើម្បីប្រឈមបញ្ហាសន្តិសុខរួមនឹងជម្នះការខ្វែងគំនិតណា មួយនៃកិច្ចព្រមព្រៀង JCPOA នោះ»។
កំណត់សម្គាល់របស់លោកកើតមានឡើងនៅពេលដែលលោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីជម្លោះពាណិជ្ជកម្មនិងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
នៅពេលសួរអំពីសារតាមប្រព័ន្ធ Twitterរបស់លោក Tusk ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានរិះគន់តបតវិញថា សហភាពអឺរ៉ុបមានបញ្ហាពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិក។
លោក ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានខាតប្រាក់១៥១ពាន់លានដុល្លារកាលពីឆ្នាំទៅចំពោះការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»៕