ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មការ​អឺរ៉ុប​ចាត់​វិធានការ​រារាំង​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់


ប្រធានគណកម្មការ​សហភាព​អឺរ៉ុប​លោក Jean-Claude Juncker។
ប្រធានគណកម្មការ​សហភាព​អឺរ៉ុប​លោក Jean-Claude Juncker។

គណៈកម្មការ​អឺរ៉ុប ​នឹង​ផ្តួច​ផ្តើម​ផែនការ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ហាម​ឃាត់​ក្រុមហ៊ុន អឺរ៉ុប​មិនធ្វើ​ទៅតាម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ​ជា​ចំណាត់​ការ​មួយ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់នៅ​ដដែល​ហើយ​នឹងការពារ​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​អឺរ៉ុប។

លោកJean Claude Juncker ប្រធាន​គណៈកម្មកា​រអឺរ៉ុប​បាន​និយាយ​បន្ទាប់​ពី​ជំនួប​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង Sofia នៃ​ប្រទេស​ប៊ុលហ្គារីថា «​យើង​មានកាត្វកិច្ច​ការពារ​ក្រុមហ៊ុនអឺរ៉ុប។ ​យើងឥឡូវនេះ ចាំ​បាច់ចាត់​វិធានការ​ហើយ​និង​ជាអ្វី​ដែល​យើង​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ‍»។

លោកJuncker បាន​និយាយ​ទៀត​ថា គណៈកម្មការ​របស់​លោក​នឹង​ចាប់​ផ្តើម​ដំ ណើរ​ការធ្វើ​សកម្មភាព​ដែលហៅថា ​ឋានៈ​ភាព​នៃ​ការរាំង​ខ្ទប់ ដែល​ហាមឃាត់​ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុបមិន​ឲ្យ​គោរព​ការ​ដាក់​ទណ្ឌកម្ម​និងការ​សម្រេច​របស់​តុលាការ​ដែលអនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

លោក Juncker ក៏​និយាយ​ដែរ​ថា គណៈកម្មការ​របស់​លោក​នឹង​បន្ត​ធ្វើ​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​និង​ធនាគារ​វិនិយោគទុន​អឺរ៉ុបដែល​នឹង​អនុញ្ញាត​ឲ្យមានការ​សម្រប​សម្រួល​ការវិនិយោគទុន​របស់​ក្រុមហ៊ុន​អឺរ៉ុបនៅប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​នោះ។

ចំណាត់​ការ​របស់គណៈកម្មការ​នោះ​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការសម្រេច​របស់​ប្រ​ធានា​ធិបតី​ដូណាល់ ​ត្រាំ​ដើម្បី​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ហើយ​នឹង​ចំណាត់​ការដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រ​ទេស​អ៊ីរ៉ង់​វិញ៕

XS
SM
MD
LG