ពួកអ្នកវិភាគនិយាយថា ខណៈដែលជម្រើសនៅសេសសល់ ប្រទេសចិននៅតែ បង្ហាញភាពស្ទាក់ស្ទើរដើម្បីចាត់វិធានការណ៍ ដែលការណ៍នេះជាអ្វីដែលពួកគេចាំបាច់ពិចារណាឲ្យបានខ្លាំងឡើង។
លោក Zhao Tong ជាអ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌល Carnegie Tsinghua សម្រាប់គោលនយោបាយសាកលលោកបាននិយាយថា៖ «សហរដ្ឋអាមេរិកនិងប្រទេសចិនប្រាកដជាបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង។ ការរឹតបន្តឹងការទណ្ឌកម្មនេះជាការជៀសមិនផុតហើយកូរ៉េខាងជើងសាកសម្យទទួលការដាក់ទណ្ឌកម្មនេះ ជាពិសេសចំពោះការអភិវឌ្ឍន៍កាំជ្រួចមីស៊ីលធុន Hwasong-15 របស់កូរ៉េខាងជើងបានបង្កើនកម្រិតនៃការគំរាមកំហែងដល់សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក»។
លោក Zhao និយាយទៀតថា ការដាក់ទណ្ឌកម្មធ្វើជិតគ្រប់បែបយ៉ាងហើយ។
លោកនិយាយថា៖ « ប្រេងជាបញ្ហាមួយដែលចិនមិនទាន់បានដាក់ទណ្ឌកម្ម។ប្រហែលមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងអាចធ្វើឡើងលើកម្មករកូរ៉េខាងជើងដែលកំពុងធ្វើការនៅប្រទេសចិនឬពួកគេអាចត្រូវបានហាមឃាត់មិនឲ្យធ្វើការទាំងស្រុង»។
ចិនបានបញ្ជារួចទៅហើយឲ្យបិទពាណិជ្ជកម្មរបស់កូរ៉េខាងជើងនៅក្នុងប្រទេសហើយបានប្រាប់ក្រុមហ៊ុនចិនថា ពួកគេមិនអាចជួលកម្មករថ្មីមកពីកូរ៉េខាងជើងឬបន្តកិច្ចសន្យាទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រេងជានិច្ចកាលជាទំនិញមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការដោះស្រាយដោយការប្រុងប្រយ័ត្នបំផុត។
លោក Jia Qingguo ជាសាស្រ្តាចារ្យខាងវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យប៉េកាំងបាននិយាយថា ទោះយ៉ាងនោះក៏ដោយ នេះជាសំណួរមួយដែលចិននឹងត្រូវពិចារណាយ៉ាងហ្មត់ចត់។
លោកបាននិយាយទៀតថា៖ «ប្រសិនបើ ប្រេងត្រូវបានកាត់ផ្តាច់ទាំងស្រុង វាអាចនាំឲ្យមានបញ្ហាសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនៅកូរ៉េខាងជើងហើយថែមទាំងមានអស្ថិរភាពខាងនយោបាយទៀត។ កូរ៉េខាងជើងអាចមានចលាចល។ បញ្ហាទី១គឺថា ចិនមានការព្រួយកង្វល់អំពីថានៅពេលណាគេនិយាយពីកូរ៉េខាងជើងគឺការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ទី២ ថាតើខ្លួនអាចបញ្ចៀសភាពចលាចលនៅលើឧបទ្វីបដែលអាចនាំឲ្យមានសង្គ្រាមនោះយ៉ាងដូចម្តេច»។
ថ្លែងនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលជំហររបស់ប្រធានាធិបតីចិនស៊ី ជីងពីង។
លោកស្រីឯកអគ្គរដ្ឋទូត Haley បានមានប្រសាសន៍ថា៖ «យើងជឿថា ប្រធានាធិបតី ស៊ី ជីងពីងមានឱកាសដើម្បីធ្វើកិច្ចការដ៏ត្រឹមត្រូវដើម្បីផលប្រយោជន៍ប្រទេសទាំងអស់។ ចិនត្រូវតែបង្ហាញភាពជាមេដឹកនាំហើយត្រូវតែអនុវត្ត។ ចិនអាចធ្វើកិច្ចការនេះដោយខ្លួនឯង បើពុំដូច្នេះទេ យើងនឹងដោះស្រាយបញ្ហាប្រេងនេះដោយខ្លួនឯង»។
ចំពោះបញ្ហានេះ ក្រសួងការបរទេសចិនបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែផ្តោតលើការគ្មានអាវុធនុយក្លេអ៊ែរ ហើយនឹងធ្វើឲ្យភាគីទាំងអស់វិលត្រឡប់ទៅកាន់តុចរចាវិញ។
លោក Geng Shuangអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ចិននឹងបន្តធ្វើអ្វីៗដែលអាចធ្វើបានដើម្បីជួយធ្វើឲ្យសម្រេចគោលដៅនេះហើយថា ចិននឹងអនុវត្តការដាក់ទណ្ឌកម្មនោះយ៉ាងពេញទំហឹងដែលបានអនុម័តរួចហើយដោយអង្គការសហប្រជាជាតិ។
លោក Geng និយាយថា៖ «ចិននឹងអនុវត្តសេចក្តីសម្រេចចិត្តនោះយ៉ាងពេញលេញនិងល្អិតល្អន់ទៅតាមកាតព្វកិច្ចរបស់ខ្លួនចំពោះបញ្ហាកូរ៉េខាងជើង»។
ទោះយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ អត្ថាធិប្បាយក្នុងបណ្តាញព័ត៌មានរដ្ឋចិនអំពីការសាកល្បងកាំជ្រួចមីស៊ីលនិងការដាក់ទណ្ឌកម្មនៅពេលថ្មីៗបំផុតនេះមានលក្ខណៈចំៗជាង ដោយមានអត្ថាធិប្បាយខ្លះបានដាក់ការស្តីបន្ទោសចំពោះការបាញ់បង្ហោះការសាកល្បងនោះទៅលើសហរដ្ឋអាមេរិក។
ក្នុងបទវិចារណកថាមួយនៅក្នុងកាសែតប្រចាំថ្ងៃ China Daily បានជជែកឲ្យហេតុផលថា ការសាកល្បងកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះ អាចបណ្តាលមកពីការសម្រេចរបស់រដ្ឋបាលប្រធានាធិបតីត្រាំដែលចាត់ទុកកូរ៉េខាងជើងជារដ្ឋជួយក្រុមភេរវកម្ម។
លោក Daniel Pinkstonអ្នកសិក្សាស្រាវជ្រាវស្តីពីប្រទេសកូរ៉េខាងជើងនៅឯសាកលវិទ្យាល័យ Troy ក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទោះជាមានផលប៉ះពាល់យ៉ាងណាក៏ដោយ ក៏ការដាក់សម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងចាំបាច់ត្រូវតែធ្វើ។
លោក Pinkston និយាយថា៖ «ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬពាណិជ្ជកម្មឬការដាក់ទណ្ឌកម្មប្រភេទណាក៏ដោយ ត្រូវតែធ្វើឡើងហើយត្រូវតែធ្វើឡើងខ្លាំងទៀតផង។ ទោះបីការដាក់ទណ្ឌកម្មនោះមិនបានផ្លាស់ប្តូរឥរិយាបទរបស់កូរ៉េខាងជើង និងមិនបណ្តាលឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរនិងគាំជ្រួចមីស៊ីលរបស់ខ្លួនក៏ដោយ ក៏យើងចាំបាច់ត្រូវតែធ្វើ»។
លោក Jia Qingguo នៃសាកលវិទ្យាល័យប៉េកាំងនិយាយថា បន្ថែមការរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ចិននិងសហរដ្ឋអាមេរិកនឹងចាំបាច់ស្វែងរកមធ្យោបាយនានាដើម្បីធ្វើកិច្ចសប្រតិបត្តិការគ្នាក្នុងវិស័យធំៗទៀត។
លោកJianបាននិយាយថា៖ «ប្រសិនបើមានវិបត្តិនៅក្នុងប្រទេសកូរ៉េខាងជើង ភាគីទាំង២មានផែនការបម្រុងរបស់ខ្លួន។ ផែនការបម្រុងទាំងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ធំនោះហើយនឹងត្រូវពិភាក្សាគ្នាដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកនិងចិនអាចបញ្ចៀសជម្លោះខាងយោធា»៕
ប្រែសម្រួលដោយជឹង ប៉ូជីន