កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចបាល់លីស្ទិកដែលគេមិនស្គាល់ថា ជាប្រភេទកាំជ្រួចមីស៊ីលអ្វីកាលពីថ្ងៃអង្គារម្សិលមិញ។
មន្ត្រីយោធាកូរ៉េខាងត្បូងបានត្រូវគេដកស្រង់សម្តីមកចុះផ្សាយថា កាំជ្រួចមីស៊ីលបានហោះសំដៅទៅទិសខាងកើតហើយថាពួកអាជ្ញាធរកំពុងធ្វើការវិភាគពីការបាញ់បង្ហោះនេះដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយយោធាសហរដ្ឋអាមេរិក។លោកវរសេនីយឯក Robert Manning អ្នកនាំពាក្យក្រសួងការពារប្រទេសសហ រដ្ឋអាមេរិកបាននិយាយថា «យើងបានតាមដានឃើញប្រហែលជាការបាញ់បង្ហោះកាំជ្រួចមីស៊ីលមកពីប្រទេសកូរ៉េខាងជើង។ យើងនឹងផ្តល់ព័ត៌មានបន្ថែមនៅពេលដែលទទួលបានព័ត៌មានបន្ថែមទៀត»។
មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់របស់សហរដ្ឋអាមេរិក បានប្រាប់ VOA ថា សហរដ្ឋអាមេរិកមិនមានការភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍នេះទេ។
លេខាធិការសារព័ត៌មានរបស់សេតវិមានបានផ្ញើសារតាមប្រព័ន្ធTwitterថា គេបានជម្រាបលោកប្រធានាធិបតីដូណាល់ ត្រាំអំពីស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង ខណៈដែលកាំជ្រួចមីស៊ីលនេះស្ថិតនៅលើអាកាស។
ការបាញ់បង្ហោះកាំជ្រួចបាល់លីស្ទិកលើកចុងក្រោយដោយកូរ៉េខាងជើងគឺនៅក្នុងខែកញ្ញា។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយថាតើប្រភេទកាំជ្រួចមីស៊ីលអ្វីដែលបានបាញ់បង្ហោះកាលពីថ្ងៃអង្គារម្សិលមិញនោះទេ។
នៅប្រទេសជប៉ុន ក្រុមដោះស្រាយវិបត្តិរបស់គណៈរដ្ឋមន្ត្រីបានកោះហៅប្រជុំជាបន្ទាន់មួយ។ ប្រធានខុទ្ទកាល័យរបស់គណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយថារដ្ឋាភិបាលក្រុងតូក្យូជំទាស់ប្រឆាំងយ៉ាងខ្លាំងដល់ការបាញ់បង្ហោះកាំជ្រួចមីស៊ីលនេះ។
ការបាញ់បង្ហោះរបស់កូរ៉េខាងជើងចុងក្រោយបង្អស់កើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងប្រុងប្រៀបធ្វើសមយុទ្ធយោធារួមគ្នាមួយដែលមានរយៈពេល៥ថ្ងៃដែលគេហៅថា “Vigilant Ace” ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ខែធ្នូដោយមានបុគ្គលិកយោធារាប់ពាន់នាក់ហើយនិងយន្តហោះជាង ២៣០គ្រឿង រួមមានយន្តហោះប្រយុទ្ធប្រភេទF-22 Raptorដែលបានដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូង៕