ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​នឹង​ពិនិត្យ​ច្បាប់​ប្រឆាំង​នឹង​ការ​រំលូត​កូន​ឡើង​វិញ​ថា​តើ​គួរ​លុប​ចោល​ឬ​អត់


រូបភាពឯកសារ៖ គ្រូពេទ្យកំពុងពិនិត្យនាង "Nancy" Yin ដែលមានផ្ទៃពោះបីខែនៅគ្លីនិកពន្លូតកូន Marie Stopes International ប្រទេសចិន។
រូបភាពឯកសារ៖ គ្រូពេទ្យកំពុងពិនិត្យនាង "Nancy" Yin ដែលមានផ្ទៃពោះបីខែនៅគ្លីនិកពន្លូតកូន Marie Stopes International ប្រទេសចិន។

ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​នៅ​ចាប់ផ្ដើម​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ហាម​ឃាត់​ការ​រំលូត​កូន​ដែល​មាន​អាយុកាល ៦៤ ឆ្នាំ របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ជាង ២ សែន ៣ ម៉ឺន​នាក់ បាន​ដាក់​ញត្តិ​អំពាវនាវ​ឲ្យ​មាន​ការ​លុប​ចោល​នូវ​ច្បាប់​នេះ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាត់ទុក​ការ​រំលូត​កូន​ថា​ជា​ទោស​ឧក្រិដ្ឋ​នៅ​ក្នុង​ឆ្នាំ ១៩៥៣ នៅ​ពេល​ដែល​មេដឹកនាំ​របស់​ប្រទេស​នេះ​មាន​បំណង​ចង់​បង្កើន​ចំនួន​ប្រជាជន និង​កសាង​យោធា​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​គួរសម​មួយ​ដើម្បី​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​កូរ៉េ​ខាង​ជើង។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ១៩៧៣ នៅ​ពេល​ដែល​ប្រជាជន​មាន​កំណើន​ខ្លាំងក្លា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​កែប្រែ​ច្បាប់​នេះ​ដោយ​បន្ថែម​ការ​លើក​លែង​មួយ​ចំនួន ដូចជា​ករណី​សុខភាព​ម្ដាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ទារក​ដែល​ប្រឈម​នឹង​ភាព​ពិការ​ពេល​ប្រសូត​ចេញ​មក ឬ​ក៏​ការ​មាន​ផ្ទៃ​ពោះ​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​អំពើ​ឧក្រិដ្ឋ​ផ្លូវ​ភេទ​ជា​ដើម។

អ្នក​ជំនាញ​សុខភាព​សាធារណៈ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ច្បាប់​ហាម​ឃាត់​ការ​រំលូត​កូន​នេះ ប៉ុន្តែ​បាន​រង​ការ​ប្រឆាំង​ពី​ក្រុម​អ្នក​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ផ្ដោត​លើ​ការ​ថែ​រក្សា​ជីវិត​មនុស្ស។

ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​ក្រោយ​អំពី​ករណី​រំលូត​កូន​នៅ​ក្នុង​ប្រទេស​ជា​លើក​ដំបូង​បង្អស់​តាំង​ពី​ឆ្នាំ ២០១០ មក។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ស៊ីវិល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា៖ «ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​នឹង​ធ្វើ​ឡើង​នេះ យើង​រំពឹង​ថា​នឹង​អាច​ធ្វើ​ឲ្យ​ការ​ពិភាក្សា​អំពី​ច្បាប់​នេះ​ឈាន​មួយ​ជំហាន​ទៅ​មុខ​ទៀត‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG