ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី YSEALI របស់​ប្រធានាធិបតី​អាមេរិក ជំរុញ​ទឹកចិត្ត​យុវជន​កម្ពុជា


អ្នកចូលរួម​ស្តាប់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នៅក្នុង​កិច្ចជួបជុំ​មួយ​ជាមួយ​សមាជិក​នៃ​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​តំបន់​អាស៊ីអាគ្នេយ៍ ឬ Young Southeast Asian Leaders Initiative នៅ​សាកល​វិទ្យាល័យ Souphanouvong ក្នុង​ក្រុង​ហ្លួងព្រះបាង នៃ​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦។ (REUTERS/Jonathan)
អ្នកចូលរួម​ស្តាប់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នៅក្នុង​កិច្ចជួបជុំ​មួយ​ជាមួយ​សមាជិក​នៃ​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​តំបន់​អាស៊ីអាគ្នេយ៍ ឬ Young Southeast Asian Leaders Initiative នៅ​សាកល​វិទ្យាល័យ Souphanouvong ក្នុង​ក្រុង​ហ្លួងព្រះបាង នៃ​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦។ (REUTERS/Jonathan)

មក​ទល់​សព្វ​ថ្ងៃ​ កម្មវិធី​ ​YSEALI នេះ​បាន​បង្កើត​បណ្ដាញ​យុវជន​ជាង​មួយ​សែន​នាក់។​ ក្នុង​នោះ​មាន​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជាង​៦៤០​នាក់​ដែល​បាន​ចូល​រួម​កម្មវិធី​​ផ្លាស់​ប្ដូរ​ការ​សិក្សា​និង​អាជីព​នៅ​សហរដ្ឋអាមេរិក។

គំនិត​ផ្ដួចផ្ដើម​មេ​ដឹក​នាំ​យុវជន​អាស៊ី​អាគ្នេយ៍​ ​(YSEALI)​ ​បាន​នាំ​យុវជន​អាស៊ានរាប់​រយ​នាក់​រួម​ទាំង​យុវជនកម្ពុជា​មួយ​ចំនួន​ផង​ដែរ ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត​តាម​រយៈ​កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា​រយៈ​ពេល​ខ្លី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​មក​នេះ។ កម្មវិធី​ដែល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​អាមេរិក​នេះ គ្រោង​នឹង​បន្ត ជំរុញ​ទឹក​ចិត្ត​យុវជនអាស៊ាន ច្រើន​ថែម​ទៀត ឲ្យ​ឈាន​ឆ្ពោះ​ទៅ​រក​ជំនាញ​និង​ភាព​ជា​អ្នក​ដឹកនាំ​ ក្រោយ​ពី​អាណត្តិ​របស់​លោក បារ៉ាក់ អូបាម៉ា បាន​បញ្ចប់​ទៅ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​យុវជន​ YSEALI​ ប្រចាំ​ឆ្នាំ​ទៅ​កាន់​យុវជន​ប្រមាណ​៣៥០​នាក់​ ​នៅប្រទេស​ឡាវ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ អូបាម៉ា ​បាន​ឆ្លើយ​សំណួរ​អំពី​អនាគត​នៃ​កម្មវិធី ​YSEALI​ នេះ​ពី​យុវនារី​ម្នាក់​ដែល​ចូល​រួម​ក្នុង​កម្មវិធី​ថា៖

«យើង​មាន​កិច្ចការ​ពីរ​ដែល​យើង​ត្រូវ​ធ្វើ។​ ទី​មួយយើង​នឹង​ធ្វើ​ការ​ជាមួយក្រសួង​កិច្ចការ​បរទេស​ ដើម្បី​ធានា​ថា​កម្ម​វិធី​ YSEALI​ នៅ​តែ​បន្ត​ក្រោយ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​តំណែង។​ កម្មវិធី​នេះ​គឺ​ដើម្បី​នាំ​មក​នូវ​សមាជិក​ ​YSEALI​ ​ដែល​ជា​សិស្ស​និស្សិត​អោយ​មក​ប្រទេស​អាមេរិក​និង​រក្សា​បណ្ដាញ​ ​យើង​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើត​វា​អោយ​ទៅ​ជា​ស្ថាប័ន​មួយ​នៅ​ពេល​ដែល​ខ្មុំ​ទៅ​បាត់»។

​កម្មវិធី​ YSEALI នេះ​ ត្រូវ​បាន​ផ្ដួចផ្ដើមនៅ​ឆ្នាំ​ ២០១៣​ ដើម្បី​អនុញ្ញាត​អោយ​យុវជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អាច​ផ្លាស់​ប្ដូរ​ចំណេះ​ដឹង​និង​សិក្សា​ពី​សង្គម​ ​ការ​គ្រប់​គ្រង​រដ្ឋ​ផ្ទាល់ និង​បង្កើន​ចំណង​មិត្តភាព​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក ​រ័ត្ន​ សុផាន់​ណា​ ​និស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ដែល​បាន​ចោទ​ជា​សំណួរ​ទៅ​លោក​ ​អូបាម៉ា​ ​អំពី​គោល​ដៅ​អភិវឌ្ឍប្រកប​ដោយ​និរន្តរភាព​នៅ​សហរដ្ឋអាមេរិក ​គិត​ថា​កម្មវិធី​នេះ​នឹង​មាន​សក្ដានុពល​ទៅ​លើ​យុវជន​កម្ពុជា​នៅ​ថ្ងៃ​អនាគត។​

«ខ្ញុំ​គិត​ថា​គឺ​វា​ធ្វើ​អោយ​យុវជន​ពី​បណ្ដា​ប្រទេស​អាស៊ាន​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា។ពេល​ដែល​យើង​ទៅ​ប្រទេស​អាមេរិក​ជាមួយ​គ្នា​ចំណាយ​ពេល​ប្រាំ​អាទិត្យ​ជាមួយ​គ្នា​យើង​នឹង​ប្រើ​ពេល​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​ពេល​យើង​ត្រឡប់​មក​វិញ​យើង​នឹង​បង្កើត​ជា​បណ្ដាញ។ ​អញ្ចឹង​បើ​យើង​ចង់​ធ្វើ​អ្វី​មួយ​ដែល​មាន​អត្ថប្រយោជន៍​ដល់​សង្គម​យើង​ ​យើង​អាច​រៀន​ពី​គំនិត​ថ្មីៗ​ដែល​គេ​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​គេ​ហ្នឹង»។​

កញ្ញា ​ធាម​ ​សុធីតានៀត ​ជា​ជំនួយ​ការ​អ្នក​គ្រប់​គ្រង​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​នៃ​ធនាគារ​ANZ ដែល​បាន​ចូលរួមកិច្ច​ប្រជុំ​កំពូល​ YSEALI​ នេះ​គិត​ថា​កញ្ញា​ក៏​ដូច​ជា​យុវជន​កម្ពុជា​ដទៃ​ទៀត​ ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ពី​កម្មវិធី​នេះ។​

«ពេល​ដែល​គាត់​ទៅ​គាត់​បាន​ជួប​ជុំ​សមាជិក​ពី​សមាគម​អាស៊ាន​ផ្សេងៗ​ទៀត​ជា​មួយ​នឹង​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ដែល​ពួក​គាត់​បាន​រៀន។ពេល​ដែល​គាត់​មក​វិញ​គាត់​នឹង​យក​ចំណេះ​ដឹង​ឬ​ក៏​បទ​ពិសោធន៍​ដែល​គាត់​បាន​ទទួល​ពេល​ដែល​គាត់​រៀន​នៅ​សហរដ្ឋ​អាមេរិកទៅ​ប្រើ​ទៅ​លើ​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ​របស់​គាត់»។​

កញ្ញា ងិន​ ​លីដា ​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ធនធាន​ទំនាក់​ទំនង​ និង​តស៊ូ​មតិ​នៃ​អង្គការ Habitat For Humanity Cambodia ដែល​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ ​YSEALI​ ក៏​បាន​និយាយ​ថា​កម្ម​វិធី​នេះ​មាន​អត្ថ​ប្រយោជន៍​ខុស​ប្លែក​ពី​កម្មវិធី​ផ្សេងៗ​ដែល​នាង​ធ្លាប់​បាន​ចូល​រួម​កន្លងមក។

«ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល​ខ្លួន​ឯង​ផ្ទាល់​ដែរ​ដែល​បាន​ឃើញ​យុវជន​ទាំង​នៅ​មហា​វិទ្យាល័យ​សិក្សា​ក៏​ដូច​ជា​បងៗ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​នៅ​តាម​សង្គម​ស៊ីវិល​ ​គាត់​មាន​គំនិត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដើម្បី​ជួយ​បន្ធូរ​បន្ថយ​នូវ​ទុក្ខ​លំបាក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

នាងបាន​បន្ថែម​ថា​កម្ម​វិ​ធី​នេះ​ជួយ​បង្កើត​ចំណង​អោយ​កាន់​តែ​ស្អិតល្មួត​រវាង​ប្រទេស​អាស៊ាន​ទាំង​ដប់​ជាមួយ​សហរដ្ឋ​អាមេរិក។

​«ក្រៅ​ពី​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប្រជាជន​អាស៊ាន​ផ្ទាល់ ​យើង​បាន​រៀន​សូត្រ​ពី​ចំណេះ​ដឹង​ជា​ច្រើន​ទៅ​លើ​ការ​ធ្វើ​គម្រោង​ការងារ​ផ្សេងៗ​រាប់​តាំង​ពី​ ​បរិស្ថាន​ ​កសិកម្ម​ ​ការ​គាំទ្រ​និង​ថែរក្សា​ទំនៀម​ទម្លាប់​វប្បធម៌​ ​និង​ការ​លើក​ទឹក​ចិត្ត​ស្ត្រី»។​

កិច្ច​ប្រជុំ​ YSEALI បាន​ប្រារព្ធ​ធ្វើ​ឡើង​អស់​រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​០៦​ ដល់​ថ្ងៃ​ទី ​០៧​ ​ខែ​កញ្ញា​ ​នៅ​ខេត្ត​ហ្លួង​ព្រះ​បាង​ ​នៃ​ប្រទេស​ឡាវ​ ដើម្បី​អនុញ្ញាត​អោយ​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ក្នុង​តំបន់​អាស៊ាន​ អាច​ពិភាក្សា​បញ្ហា​គម្លាត​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​និង​ឧបសគ្គ​ប្រឈម​ក្នុង​សហគមន៍​ជនបទ​នៅ​អាស៊ី​អាគ្នេយ៍។​

មក​ទល់​សព្វ​ថ្ងៃ​ កម្មវិធី​នេះ​បាន​បង្កើត​បណ្ដាញ​យុវជន​ជាង​មួយ​សែន​នាក់។​ ក្នុង​នោះ​មាន​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជាង​៦៤០​នាក់​ដែល​បាន​ចូល​រួម​កម្មវិធីផ្លាស់​ប្ដូរ​ការ​សិក្សា​និង​អាជីព​នៅ​សហរដ្ឋអាមេរិក។

លោក​ ប៉ារ៉ាក់​ អូបាម៉ា​ បាន​បង្កើត​កម្មវិធី​នេះ​ដោយ​មាន​ក្ដី​សង្ឃឹម​ថា ​វា​នឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​អ្នក​ដឹកនាំ​វ័យ​ក្មេង​នៅ​អាស៊ីអាគ្នេយ៍ និង​សហរដ្ឋអាមេរិក។

យុវជន​អាស៊ាន​ដែល​ចូល​រួម ស្ថិត​ក្នុង​ចំណោមយុវជន​ប្រមាណ​៦៥​ភាគរយ ​ឬ​៤០០​លាន​នាក់​នៃ​ប្រជាជន​អាស៊ាន​សរុប​ដែល​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ។​ នេះ​បើ​ផ្អែក​តាម​តួលេខ​របស់​រដ្ឋលេខាធិការដ្ឋាន​របស់​អាស៊ាន។

កម្ម​វិធី​នេះ​មាន​គោល​បំណង​ចង់​អភិវឌ្ឍន៍​ជំនាញ​របស់​អ្នក​ចូល​រួម​ទៅ​លើ​ផ្នែក​សហគ្រិនភាព​ បរិស្ថាន និង​ការ​ចូលរួម​ក្នុង​សហគមន៍៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG