ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ យុវជន​ក្មេង​ៗ​មាន​ឱកាស​ដ៏​កម្រ​ ប៉ុន្តែ​ពួកគេ​ត្រូវ​បំពេញ​ភារកិច្ច​


យុវជន​កំពុង​ស្តាប់​ខណ​ដែល​លោក​ប្រធានាធិបតី​ Barack Obama ធ្វើ​កិច្ច​ប្រជុំ​បែបសំណេះសំណាល​ជាមួយ​នឹង​ក្រុម​យុវជន​មេដឹក​នាំ​វ័យក្មេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៏ (YSEALI) ជាមួយ​នឹង​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​កំពូល នៅ​សាកលវិទ្យាល័យ​ Souphanouvong ក្នុង​ទីក្រុង​ហ្លួង​ព្រះបាង។
យុវជន​កំពុង​ស្តាប់​ខណ​ដែល​លោក​ប្រធានាធិបតី​ Barack Obama ធ្វើ​កិច្ច​ប្រជុំ​បែបសំណេះសំណាល​ជាមួយ​នឹង​ក្រុម​យុវជន​មេដឹក​នាំ​វ័យក្មេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៏ (YSEALI) ជាមួយ​នឹង​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​កំពូល នៅ​សាកលវិទ្យាល័យ​ Souphanouvong ក្នុង​ទីក្រុង​ហ្លួង​ព្រះបាង។

នៅ​ថ្ងៃ​ពុធនេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រាប់យុវជន​ក្មេង​ៗមកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​បានជួប​គ្នា ក្នុង​ប្រទេស​ឡាវ​ថា វាមិន​គ្រប់​គ្រាន់​ទេគ្រាន់​តែ​នឹក​ស្រមៃអំពី​ផែនការ​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត​នោះ​ក៏​ប៉ុន្តែ​គឺថា ​ពួកគេ​ត្រូវ​តែ​ធ្វើ​ការងារ​។

នៅ​ក្នុង​ពិធី​ជួប​មហាជន​ជាមួយ​សមាជិកក្នុង​កម្មវិធី​កិច្ច​ផ្តួចផ្តើម​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍ (YSEALI) ដែល​រៀប​ចំ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ​លោក​ប្រ​ធានាធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា យុវជន​ក្មេង​ៗ​បាន​ធ្វើ​ឲ្យ​មានការជឿនលឿននិងការ​អភិវឌ្ឍន៍​ជា​ប្រវត្តិសាស្រ្ត​សំខាន់ៗ។ លោក​ប្រធានា​ធិបតី ​បាន​សង្កត់​ថា ​ប្រទេស​ទាំង​នោះ​ចាំបាច់​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរឡើង​នូវ​បទដ្ឋាន​ខាង​សិក្សា​អប់​រំ​និង​ធ្វើ​ឲ្យ​ជាក់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​ផល​ប្រយោជន៍​រួមទាំង​ក្មេង​ស្រី​ផង​ហើយ​មិន​មែន​សម្រាប់​តែក្មេង​ប្រុសប៉ុណ្ណោះទេ។

លោកប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ទៀត​ថា «​អ្នក ​មិន​ត្រូវ​បាក់​ទឹកចិត្ត​ទេ ពីព្រោះ​អ្នក ​មាន​ឱកាស​ច្រើន​ណាស់​នៅ​ពេល​សព្វថ្ងៃ​នេះ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ពិភពលោក​ជាង​មនុស្ស​ជំនាន់​មុន។​ហើយ​សេចក្តី​សង្ឃឹម​របស់​ខ្ញុំគឺ​ការចាប់​យក​ឱកាស​ទាំង​នោះ‍»។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​អ្នក​ស្តាប់ ​លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​លោក​សង្ឃឹម​ថា​ប្រធានា​ធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​នឹង​បន្ត​បង្កើន​ការ​ចូលរួម​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ហើយ​លោក​ជឿ​ជាក់​ថា​សភា​សហរដ្ឋ​អាមេរិក ​នឹង​អនុម័ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាព​ជាដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

លោក​ប្រធានា​ធិបតី ក៏បាន​សរសើរ​អត្ថប្រយោជន៍​នៃ​ការទាក់ទង​ជាមួយ​ពលរដ្ឋ​ដែល​មាន​វប្បធម៌​ខុសៗ​គ្នាដែល​ជាមធ្យោបាយដើម្បី​បន្ត​ការរៀន​សូត្រ ហើយ​បាន​សង្កត់​ពីភាព​ចាំ​បាច់ដើម្បី​គោរព​មនុស្ស​ដែល​មាន​ជំនឿនិង​ប្រវត្តិ​ខុសៗគ្នា។

​លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​«​ខ្ញុំ​គិតថា ​នៅ​ក្នុង​រយៈ​ពេល​យូរ មធ្យោបាយ​តែ​មួយ​គត់​ដែល​មនុស្ស​ជាតិអាច​ធ្វើ​ការ​ជាមួយ​គ្នា​ ទាក់​ទង​គ្នា​ និង​ធ្វើ​ឲ្យ​មាន​វិបុល​ភាព​និង​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗគឺ​ប្រសិន​បើ​យើង​អាច​មើល​ឃើញ​អ្វី​ដែលជា​ប្រយោជន៍​រួម​ហើយគិតគូ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​កិត្តិយស​និង​ការ​គោរព​គ្នា‍»។

លោក​ប្រ​ធានា​ធិបតី ​បាន​ប្រាប់ពួក​អ្នក​ស្តាប់​ថា ​លោក​មាន​ផែនការ​បន្ត​ធ្វើ​ការ​ជា​មួយ​យុវជន​ក្មេង​ៗ​បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​តំណែង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។​លោក​អូបាម៉ា ស្ថិត​នៅ​ក្នុង​ប្រទេសឡាវ​ដើម្បី​ជួប​ជាមួយ​ពួកមេដឹកនាំ​អាស៊ាន​ហើយ​នឹង​ផ្តល់​ការធានា​អះអាងថា យុទ្ធសាស្រ្តរបស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​មាន​តុល្យភាពឆ្ពោះ​ទៅកាន់​តំបន់​អាស៊ីជាយុទ្ធសាស្រ្ត​រយៈ​ពេល​យូរ។

នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក ​មាន​កាតព្វកិច្ច​ខាង​សីលធម៌​និង​មនុស្ស​ធម៌​ខ្លាំង​បំផុត​ដើម្បីគាំទ្រ​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​បោសសម្អាត​គ្រាប់​មីន​ដែល​កងទ័ព​អាមេរិក​បាន​ទម្លាក់​នៅ​ក្នុង​ប្រទេស​ឡាវ​ក្នុង​អំឡុង​សង្គ្រាម​វៀត​ណាម។

គ្រាប់​បែកចង្កោម​៨០លាន​គ្រាប់ ​មិនបាន​ផ្ទុះ ផ្ទុយ​ទៅ​វិញ គ្រាប់បែកទាំង​នោះ ​បាន​កប់​នៅ​កសិដ្ឋាន​និង​ភូមិ​ក្បែរនោះ ​ហើយ​ក្រោយ​មក​បាន​សម្លាប់​និង​ធ្វើ​ឲ្យ​របួស​មនុស្ស​២ម៉ឺននាក់។

​លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​និយាយពីកេរ្ត៍​ដំណែលគ្រាប់​បែកនោះ​នៅពេល​ដែល​លោក​ប្រធានាធិបតី ​ទៅ​ទស្សនកិច្ច​មជ្ឈមណ្ឌល​នៅ​ក្នុង​ទីក្រុង​វៀង​ចាន់​ដែល​ហៅថា មជ្ឈមណ្ឌល​ធ្វើ​ជើងសិប្បនិមិត្តដែល​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​នៅ​រស់​រាន​មាន​ជីវិត។

​លោក​ប្រធានាធិបតី ​អូបាម៉ា ​មាន​ប្រសាសន៍​ថា ​«​នៅ​ក្នុង​ប្រទេស​ឡាវ ​នៅ​មជ្ឈ​មណ្ឌល COPE យើង ឃើញ​ជន​រងគ្រោះ​ដោយ​សារគ្រាប់​បែក​ដែល​បាន​ទម្លាក់​ពី​ព្រោះ​តែ​ការ​សម្រេច​ដែល​បាន​ធ្វើ​កាលពី​កន្លះសតវត្សរ៍​មុន​ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ថា ​សង្គ្រាម ​ជានិច្ចកាល​ធ្វើ​ឲ្យ​បាត់​បង់​យ៉ាងខ្លាំង‍»។

​លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​បញ្ជាក់​ថា ​សង្គ្រាម​មាន​ផលប៉ះពាល់​ដល់​មនុស្សរាប់​មិន​អស់​។

អត្ថាធិប្បាយ​របស់​លោក​ប្រធានា​ធិបតី ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពីការ​ប្រកាស​នៃ​ការ​បង្កើន​ថវិកា​ទ្វេដង​នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំខាង​មុខ​ដើម្បី​ជួយ​អ្នក​នៅរស់​រាន​មាន​ជីវិត​ហើយ​នឹង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បោស​សម្អាត​គ្រាប់​បែក។

ថវិកា​នេះ ​ជាផ្នែក​មួយ​នៃ​អ្វី​ដែល​សេតវិមាន​បាន​ហៅថា សករាជ​ថ្មី​នៅ​ក្នុង​ទំនាក់​ទំនង​ដោយ​ផ្អែក​លើ​បំណង​ផ្សះផ្សា​របួស​កាល​ពី​អតីតកាល​ហើយ​ស្ថាបនា​គ្រឹះដើម្បី​ថ្ងៃ​អនាគត។​ សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ឡាវ ក៏​ជា​ដៃគូដ៏​សំខាន់​ៗ​លើ​បញ្ហា​នានា​រួម​ទាំង​សេដ្ឋ​កិច្ច បច្ចេកវិទ្យា ការអប់រំ សន្តិសុខ បរិស្ថាន​និង​មនុស្ស​ជាតិ។

លោក​អូបាម៉ា ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែង​មុន​ដំបូង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ។​ ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ គឺ​ជាលើក​ទី​១១​ហើយ​ៗ​នឹង​ជាដំណើរ​ទស្សនកិច្ច​ចុងក្រោយ​ទៅ​កាន់​ទ្វីប​អាស៊ី​ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG