ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្ទង់​មតិ៖​ លោក​ Trump​ ជា​បេក្ខជន​នាំ​មុខ​គេ​ក្នុង​ចំណោម​អ្នក​ប្រកួតប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ


លោក​ Donald Trump លើកដៃ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​កោះហៅ​ដោយ​គណវិនិច្ឆ័យ​ក្នុង​ទីក្រុង​ New York កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។

ការ​ស្ទង់​មតិ​នយោបាយ​ថ្មី​មួយនៅ​ក្នុង​ស.រ.អា.​បង្ហាញ​ឱ្យ​ឃើញ​ថា ​លោក Donald Trump ​មហា​សេដ្ឋី​ខាង​ដី​ធ្លី​និង​ខាង​អាគារ​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​នាំមុខ​គេ​ក្នុង​បណ្តា​ពួក​បេក្ខជនដែល​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឱ្យទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ឆ្នាំ២០១៦។

ការ​ស្ទង់​មតិ​រួមគ្នា​របស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CNN​ និង​សាជីវកម្ម​ស្រាវជ្រាវ​មតិ​ហៅ​កាត់​ថា​ ORC​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ​បង្ហាញ​ថា​ លោក Trump​ មាន​ការ​គាំទ្រ​២៤ភាគរយ​នៃ​ក្រុម​អ្នកបោះឆ្នោត​ចុះឈ្មោះ​ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​ឈ្នះអ្នក​ប្រជែង​នឹង​លោក​ប្រកៀក​បំផុត​គឺ​លោក​ Jeb Bush អតីត​អភិបាល​រដ្ឋ​ Florida ដែល​ជា​កូន​ប្រុស​និង​ជា​ប្អូន​ប្រុស​របស់​អតីត​ប្រធានាធិបតី​ស.រ.អា.​ពីរ​នាក់​ដោយ​លោក​មាន​ការ​គាំទ្រ​តែ​១៣ភាគរយ។​

គ្មាន​បេក្ខជន​ណា​ម្នាក់​ក្នុង​បណ្តា​បេក្ខជន​១៥​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​មាន​ការគាំទ្រ​ដោយ​មាន​តួលេខ​ពីរ​ខ្ទង់​ទេ។​ លោក Ben Carson ដែល​ជា​វេជ្ជបណ្ឌិត​ខាង​វះកាត់​សរសៃ​ប្រសាទបាន​ទទួល​ការ​គាំទ្រ៩​ភាគ​រយ​ លោក​ Marco Rubio ​សមាជិក​ព្រឹទ្ធសភា​ប្រចាំរដ្ឋ​ Florida​ និង​លោក​ Scott Walker ​អភិបាល​រដ្ឋ Wisconsin ​មាន​ការ​ទ្រទ្រង់​៨​ភាគ​រយ​ដូច​គ្នា​ហើយ​បេក្ខជន​ឯទៀតៗ​មាន​ការគាំទ្រ​តែ​បន្តិច​បន្តួច។

ការ​ស្ទង់​មតិ​របស់ ​CNNនិង​ ORC លើ​អ្នក​បោះឆ្នោត​មួយ​ពាន់​នាក់​បាន​ត្រូវ​ធ្វើ​កាល​ពី​ពីរ​បី​ថ្ងៃមុន​នេះ​គឺ​មួយ​សប្តាហ៍​ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​រវាង​ពួក​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ។​ ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា​ បើ​ប្រៀបធៀបទៅ​នឹង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ខែកក្កដា​ លោក​ Trump​ ដែល​មាន​អាយុ​៦៩ឆ្នាំ​បាន​ចំណេញ​៦ភាគរយ៕

XS
SM
MD
LG