អ្នកបើកបរយន្តហោះដឹកទំនិញជាតិអាមេរិកម្នាក់ បានក្លាយជាជនបរទេសដំបូងដែលត្រូវបានអាជ្ញាធរប្រទេសសិង្ហបុរីចាប់ដាក់ពន្ធនាគារដោយសារលោកបានរំលោកលើវិធានការដាក់កំហិតមិនឲ្យចេញពីកន្លែងស្នាក់នៅរបស់ប្រទេសនេះដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នេះបើតាមមេធារីរបស់លោក Brian Dugan Yeargan អ្នកបើកយន្តហោះរបស់ក្រុមហ៊ុន FedEx។
លោក Yeargan ដែលមកពីរដ្ឋអាឡាស្កា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបួនសប្តាហ៍ ក្រោយពីលោកទទួលកំហុសថាបានចេញពីសណ្ឋាគាររយៈពេល៣ម៉ោងដើម្បីទៅទិញម៉ាស់ និងឧបករណ៍វាស់កម្តៅ។
មេធាវីរបស់លោកថាលោក Yeargan បានព្យាយាមទិញឧបករណ៍វាស់កម្តៅ និងម៉ាស់ពីរបីប្រអប់ដើម្បីផ្ញើភរិយានៅអាមេរិកដែលបានធ្លាក់ខ្លួនឈឺ នៅមុនពេលលោកបើកយន្តហោះត្រឡប់ទៅអាមេរិកវិញកាលពីថ្ងៃទី៦ ខែមេសា។
ប្រទេសសិង្ហបុរីមានការផ្ទុះរាលដាលជំងឺកូវីដ១៩ខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ដោយមានចំនួនអ្នកឆ្លងរហូតដល់២៧.០០០នាក់កិតមកត្រឹមថ្ងៃសុក្រ។ អ្នកឆ្លងភាគច្រើនជាជនបរទេសដែលជាពលករធ្វើការនៅប្រទេសជាក្រុងមួយនេះ ហើយទោះបីសិង្ហបុរីបានបន្ធូរបន្ធយការរឹតត្បិតខ្លះចំពោះពលរដ្ឋខ្លួនហើយ ក៏អ្នករំលោភលើវិធានការដាក់ឲ្យនៅដោយឡែកពីគេ ឬហៅថា ចត្តាឡីស័កមិនពាក់ម៉ាស់ក្នុងទីសាធារណៈឬមិនអនុវត្តការរក្សាគម្លាតក្នុងសង្គម អាចជាប់ពន្ធនាគាររហូតដល់៦ខែនិងរងពិន័យរហូតដល់៧.០០០ដុល្លារ។
ទោះបីលោក Yeargan ជាជនបរទេសដំបូងដែលត្រូវអាជ្ញាធរសិង្ហបុរីចាប់ដាក់ពន្ធនាគារយ៉ាងដូច្នេះ ក៏កន្លងមកសិង្ហបុរីបានចាប់ពលរដ្ឋរបស់ខ្លួនមួយចំនួនដាក់ពន្ធនាគាររយៈពេលពី៥ទៅ៦សប្តាហ៍ដោយសារពួកគេបានចាកចេញពីផ្ទះដោយគ្មានការអនុញ្ញាត៕