ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​សិង្ហបុរី គឺ​ជា​គំរូ​ដ៏​កម្រ​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩


សន្តិសុខ​ម្នាក់​ពិនិត្យ​មើល​ម៉ាស៊ីន​ស្កែន​កម្តៅ​ នៅ​ពេល​អ្នក​ទេសចរ​ចូល​ក្នុង​ឧទ្យាន​ធម្មជាតិ Gardens by the Bay នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

ដូច​ទីក្រុង​ហុងកុង និង​កោះ​តៃវ៉ាន់​ដែរ ប្រទេស​សិង្ហបុរី ទទួល​បាន​ការសរសើរ​ចំពោះ​ការ​ឆ្លើយតប​យ៉ាងលឿន និង​ម៉ត់ចត់​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​នេះ។

អ្នកជំនាញ​សុខាភិបាល​បាន​និយាយ​ថា ប្រទេស​សិង្ហបុរី ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស កំពុង​ព្យាយាម​ការពារ​សហគមន៍​របស់​ខ្លួន​មិន​ឲ្យ​ឆ្លង​វីរុស​កូវីដ១៩ តាមរយៈ​ការធ្វើ​តេស្ត​ឲ្យ​បាន​ទាន់​ពេល​វេលា តាមដាន​រាល់​ទំនាក់​ទំនង​របស់​អ្នក​ជំងឺ​កូវីដ​១៩​នេះ ការផ្តល់​សារ​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ដល់​សាធារណៈជន និង​ការរៀន​សូត្រ​ពី​បទពិសោធន៍​ពី​អតីតកាល។

នៅ​ថ្ងៃទី២៣​ ខែមករា ប្រទេស​សិង្ហបុរី បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូងៗ​ផ្សេង​ទៀត បន្ទាប់ពី​ប្រទេស​ចិន ដែល​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូណាប្រភេទ​ថ្មី។ អ្នកឆ្លង​ដំបូង​គេ​នៅ​ប្រទេស​សិង្ហ​បុរី គឺ​បុរស​វ័យ​៦៦ឆ្នាំ​ម្នាក់ ដែល​បាន​នាំ​យក​វីរុស​ដ៏​កាចសាហាវ​នេះ​មក​ជាមួយ​លោក នៅ​៣ថ្ងៃ​មុន​នោះ នៅ​ពេល​ដែល​លោក​ចេញ​ពី​ក្រុង​វូហាន​នៃ​ប្រទេស​ចិន។

ចាប់​តាំង​ពី​ពេល​នោះ​មក​ អង្គការ​សុខភាព​ពិភពលោក WHO បាន​កំណត់​ការ​ឆ្លង​រាលដាល​យ៉ាង​លឿន​នៃ​វីរុស​នេះ​នៅ​ទូទាំង​សាកលលោក​ថា ជា​ការ​រាតត្បាត​ជំងឺ​ក្នុង​សាកលលោក ដោយ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​នេះ ហើយ​ឆ្លង​ដល់​មនុស្ស​ចំនួន​រាប់​ពាន់​នាក់ រាប់​ចាប់​ពី​ប្រទេស​អ៊ីរ៉ង់ សហរដ្ឋ​អាមេរិក និង​ផ្នែក​ជាច្រើន​នៅ​អឺរ៉ុប។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ប្រទេស​សិង្ហបុរី​ដែល​ជា​ចំណុច​បណ្តុំ​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ដ៏​សំខាន់​មួយនិង​ជា​ចំណុច​ផ្ទេរ​កប៉ាល់​ពាណិជ្ជកម្ម និង​ជា​ប្រទេស​មាន​ពលរដ្ឋ​រស់នៅ​យ៉ាង​ច្រើន​កកកុញ​រហូត​ដល់​៥លាន ៦សែន​នាក់នោះ បាន​រាយការណ៍​ថា ខ្លួន​មាន​ករណី​ឆ្លង​ចំនួន​៣៤៥​បន្ថែម​ទៀត និង​មិន​មាន​ករណី​ស្លាប់​នោះ​ទេ គិត​ដល់​ត្រឹម​ថ្ងៃទី១៩ ខែមីនា​កន្លង​ទៅ​នេះ។

អ្នកស្រី​វេជ្ជបណ្ឌិត Ying-Ru Jacqueline Lo អ្នក​តំណាង​អង្គការ WHO ប្រចាំ​នៅ​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី និង​សិង្ហបុរី​និយាយ​ថា «នេះ​ជា​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ»។

ដូច​ទីក្រុង​ហុងកុង និង​កោះ​តៃវ៉ាន់​ដែរ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទទួល​បាន​ការសរសើរ​ចំពោះ​ការ​ឆ្លើយតប​យ៉ាងលឿន និង​ម៉ត់ចត់​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​នេះ។ ទោះជា​ចំនួន​នៃ​ករណី​ឆ្លង​ដែល​ប្រកាស​ជា​ផ្លូវ​ការ​បន្ត​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​ក្តី ការ​រាយការណ៍​នៃ​ករណី​ឆ្លង​ថ្មីៗ​ភាគច្រើន គឺ​នៅ​តែ​ទាក់ទង​ទៅ​នឹង​មនុស្ស ដែល​បាន​ឆ្លង​ជំងឺ​នេះ ពី​ក្រៅ​ប្រទេស។ អ្នកស្រី Lo បាន​និយាយ​ក្នុង​សម្តីដើម​ថា៖

«អាជ្ញាធរមាន​តម្លាភាព​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ដឹង អ្វី​ដែល​ពួកគេ​មិន​បាន​ដឹង អ្វី​ដែល​ពួកគេ​នឹង​ធ្វើ និង​អ្វី​ដែល​សាធារណជន​អាច​ធ្វើ​បាន។ អ្វីៗ​ទាំង​អស់​នេះ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ដំបូង»។

លោក Jeremy Lim ដែល​ជា​សហប្រធាន​ផ្នែក​សុខភាព​សាកល​នៅ​សាលា​សុខភាព​សាធារណៈ​ Saw Swee Hock នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​សរសើរ​ថា ការ​ឆ្លើយតប​ភាគច្រើន គឺ​ជា​វិធានការ​កើត​ចេញ​ពី​បទពិសោធន៍​ដ៏​អាក្រក់​របស់​ប្រទេស​នេះ ទៅនឹងជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ឬ​ជំងឺ SARS ដែល​មាន​ភាព​កាចសាហាវ​ជាង​ជំងឺ​កូវីដ១៩​នេះទៅ​ទៀត។

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ SARS ជា​សាកល​នៅ​ក្នុង​ឆ្នាំ២០០៣ បាន​ចម្លង​ដល់​ពលរដ្ឋ​សិង្ហបុរី​ចំនួន​២៣៨នាក់ និង​សម្លាប់​៣៣​នាក់ ដែល​នេះ​ជា​ចំនួន​ច្រើន​ជាង​កន្លែង​ផ្សេងៗ លើក​លែង​តែ​ប្រទេស​ចិន​ដី​គោក ហុងកុង តៃវ៉ាន់ និង​កាណាដា។

លោក Lim បាន​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«បទពិសោធន៍​នៃ​ជំងឺ SARS ដក់​ក្នុង​អារម្មណ៍​របស់​បុគ្គល​ម្នាក់ៗ ហើយ​វា​ជា​ការ​យល់ដឹង​រួម​មួយ»។

លោក Lim បាន​បន្ថែម​ទៀត​ថា៖

«យើង​ភាគ​ច្រើន​បាន​បាត់បង់​មិត្តភក្តិ។ យើង​បាន​បាត់បង់​មិត្តភក្តិ​ជិតស្និទ្ធ​ សាច់ញាតិ ដែល​បាន​ឆ្លង​ជំងឺ​នោះ ហើយ​ខ្ញុំ​គិត​ថា បន្ទាប់​ពី​មាន​ជំងឺ SARS យើង​គិត​ថា មិន​អាច​ឲ្យ​រឿង​នេះ​កើត​ឡើង​ទៀត​ទេ។ យើង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​នេះ នៅ​ពេល​ក្រោយ»។​

មនុស្សម្នា​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដើរ​កាត់​ហាង​នៅ​ក្នុង Chinatown ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដើរ​កាត់​ហាង​នៅ​ក្នុង Chinatown ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

សិង្ហបុរី​ពិត​ជា​បាន​ត្រៀម​ខ្លួន​បាន​ល្អ​មែន។​ ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ SARS រដ្ឋាភិបាល បាន​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ដើម្បី​បង្កើន​ការ​បណ្តុះបណ្តាល​ការ​ឆ្លើយតប​ដល់​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​ និង​បង្កើន​បរិក្ខារ​សុខាភិបាល​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ក្នុង​ពេល​អនាគត រួម​ទាំង​តម្រូវ​ឲ្យ​ក្រសួង​ផ្សេងៗ និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ចូល​រួម​ក្នុង​កិច្ចការ​នេះ។ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​ឆ្លង ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំមុន។

ជា​លទ្ធផល ប្រទេស​សិង្ហបុរី​មាន​ក្រុម​ការងារ​អន្តរ​ស្ថាប័ន​ដែល​ផ្តោត​លើ​ការងារ​ត្រៀម​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ នៅ​ដើម​ខែ​មករា មុន​ពេល​អាជ្ញាធរ​ប្រកាស​ពី​ករណី​ដំបូង​នៃ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ និង​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​ចន្ទ​គតិ ជា​ពេល​ដែល​ចំនួន​មនុស្ស​មក​ពី​ប្រទេស​ចិន ជា​ទូទៅ​កើន​ឡើង​ខ្លាំង។

នៅ​ពេល​នោះ​ រដ្ឋាភិបាល​បាន​ផ្អាក​ជើង​ហោះហើរ​ទាំង​អស់​មក​ពី​ក្រុង Wuhan ទី​ដែល​វីរុស​កូរ៉ូណា​ឆ្លង​ទៅ​មនុស្ស​ ដែល​ទំនង​ជា​ពី​សត្វ​ប្រចៀវ កាលពី​ឆ្នាំ​មុន។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក ប្រទេស​នេះ​បាន​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ចូល​ក្នុង​ប្រទេស ចំពោះ​អ្នក​ណា​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន កូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីតាលី បារាំង​ អាល្លឺម៉ង់ និង​អេស្ប៉ាញ។ មនុស្ស​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ផ្សេង​ទាំង​អស់ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ក្នុង​រយៈពេល​១៤ថ្ងៃ រួម​ទាំង​ពលរដ្ឋ​សិង្ហបុរី និង​អ្នក​ស្នាក់នៅ​អចិន្ត្រៃយ៍​ផងដែរ។ ​

អាជ្ញាធរ​បាន​អនុវត្ត​ចំណាត់ការ​នេះ​តាមរយៈ​ការគំរាម​ដាក់​ពិន័យ និង​ពន្ធនាគារ ហើយ​ពួកគេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​ធ្វើ​មែន កាលពី​ចុង​ខែ​កុម្ភៈ នៅ​ពេល​ដែល​អាជ្ញាធរ​បាន​ដក​ហូត​ឋានៈ​ជា​អ្នក​ស្នាក់នៅ​អចិន្ត្រៃយ៍​របស់​បុរស​ម្នាក់​ ដែល​មិន​គោរព​តាម​ការ​ណែនាំ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​ភ្លាមៗ។

ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ប្រទេស​សិង្ហបុរី​ក៏​បាន​រៀបចំ​ធនធាន​ហិរញ្ញវត្ថុ​ដ៏​ច្រើន​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​ឆ្លង​នេះ​តាំងពី​ដំបូង​ ដោយ​ផ្តល់​ការ​ធ្វើ​តេស្ត​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​សង្ស័យ​ថា​មាន​វីរុស​នេះ ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ និង​ការ​ផ្តល់​ប្រាក់​ចំនួន​ប្រមាណ​៧០ដុល្លារ​ក្នុង​មួយ​ថ្ងៃ សម្រាប់​អ្នកធ្វើការ​ក្នុង​ស្រុក​ដែល​ត្រូវ​បាន​អាជ្ញាធរ​បញ្ជា​ឱ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​អនុវត្ត​ការ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។​

វា​មាន​សារៈសំខាន់​ណាស់​ដែល​បុគ្គលិក​សុខាភិបាល​សហការ​ជាមួយ​នឹង​ប៉ូលិស ដើម្បី​ធ្វើ​ការ​តាមដាន​ជាបន្ទាន់​ក្នុងការ​ស្វែងរក​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកមានជំងឺ​នេះ។

លោក Lim បាន​និយាយ​បន្ថែម​ទៀត​ថា៖

«វា​គឺជា​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ឲ្យ​បាន​លឿន​នៅ​ក្នុង​សង្គម​ទាំង​មូល ដែល​ពិតជា​ផ្តល់​មូលដ្ឋាន​ដល់​យើង​ក្នុង​ការ​តាមដាន​អ្នក​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកជំងឺ យ៉ាង​មាន​ប្រសិទ្ធភាព ការ​ដាក់​មនុស្ស​ឱ្យ​នៅ​ដាច់​ដោយ​ឡែក និង​កិច្ចការ​ផ្សេងៗ​ទៀត»។ វា​ជា​អ្វី​ដែល​គេ​ហៅ​ថា វិធីសាស្ត្រ​ដែល​អនុវត្ត​ដោយ«សង្គម​ទាំង​មូល»។

អ្នកស្រី Lo បាន​និយាយ​ថា «វា​មាន​ន័យ​ថា នៅ​ពេល​អ្នក​រៀបចំ​ការ​អន្តរាគមន៍​ ឧទាហរណ៍​អ្នក​រៀបចំ​ផែនការ​សម្រាប់​អ្វី​ដែល​មនុស្សម្នា​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង និង​អ្វី​ដែល​សង្គម​ទាំង​មូល​អាច​ធ្វើ​បាន ដោយ​រាប់​ចាប់​ពី​រដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល រហូត​ដល់​ក្រុម​អាជីវកម្ម​ឯកជន ដែល​ជា​អ្នក​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​សិង្ហបុរី»។

អ្នកស្រី​ក៏​បាន​សរសើរ​ដល់​ថ្នាក់ដឹកនាំ​ចំពោះ​ការ​ផ្ញើសារ​ដល់​សាធារណជន ដោយ​លើក​ទឹក​ចិត្ត​ពួកគេ មិន​ឱ្យ​មាន​ការ​ប្រមូលផ្តុំ​គ្នា​ច្រើន និង​ចាត់វិធានការ​តាំងពី​ដំបូងៗ​លើ​ការ​ផ្គត់ផ្គង់​ម៉ាស់ ហើយ​រក្សា​ការ​ផ្គត់ផ្គង់​នេះ​យ៉ាងថេរ ដល់​អ្នក​ជំងឺ និង​សម្រាប់​បុគ្គលិក​សុខាភិបាល​ដែល​ប្រយុទ្ធ​នៅ​ជួរ​មុខ​នឹង​ជំងឺ​នេះ។

អ្នកស្រី Lo បាន​និយាយ​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ពួកគេ​ទាំងនោះ បាន​សហការណ៍​ជាមួយ​នឹង​សមាជិក​សហគមន៍ បង្កើត​សារ​សម្រាប់​សាធារណៈជន។ ពួកគេ​ធ្វើ​តេស្ត​សាកល្បង និង​បញ្ចេញ​សារ​នោះ​ជា​ប្រព័ន្ធ ហើយ​ក៏​ទទួល​បាន​ជោគជ័យ។ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ទៀត​បាន​ចាប់ផ្តើម​យឺត​បន្តិត ប៉ុន្តែ​ពួកគេ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ដែរ ហើយ​វិធីសាស្ត្រ​នេះ​បាន​ជួយ​ពួកគេ»។​

សុន្ទរកថា​រយៈពេល​៩នាទី​របស់​លោក​នាយករដ្ឋមន្ត្រី Lee Hsien Loong ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ​ក៏​បាន​ជួយ​បន្ធូរ​ភាព​ភ័យ​ស្លន់ស្លោរ​ក្នុង​ការ​ទិញ​ទំនិញ​ស្តុក​ទុក នៅ​លើ​ប្រទេសជា​កោះ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​មួយ​នេះ​ផងដែរ នៅ​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច​ថា សង្វាក់​ផ្គត់ផ្គង់​ជា​សាកល​ នឹង​ត្រូវ​បន្ទុច​បង្អាក់​នោះ។

បុរស​ម្នាក់​ឈរ​នៅ​ពី​មុខ​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​ពី​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី Lee Hsien Loong កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
បុរស​ម្នាក់​ឈរ​នៅ​ពី​មុខ​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​ពី​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី Lee Hsien Loong កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

អ្នក​ស្រី​វេជ្ជបណ្ឌិត Claire Hooker ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​គុណតម្លៃ សីលធម៌ និង​ច្បាប់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Sydney បាន​និយាយ​ប្រាប់​សារព័ត៌មាន Bloomberg ថា សុន្ទរកថា​នោះ «គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​ទំនាក់ទំនង ក្នុងការ​ប្រាប់​ពី​ហានិភ័យ។ វា​បង្ហាញ​មនុស្សម្នា​ឱ្យ​ឃើញ​ពី​ផែនការ​ជាក់លាក់​ ដែល​វា​ខុស​ពីវិធានការ​គ្រប់គ្រង​មនុស្ស​ ដែល​ធ្វើឲ្យ​ពួកគេ​យល់​ថា សេរីភាព​របស់​ពួកគេ​ត្រូវ​បាន​គំរាមកំហែង»។

ថា​តើ​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋ​ដែល​ជា​ទីក្រុង​តូច​មួយ​នេះ ដែល​មាន​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ អាច​ជា​គំរូ​សម្រាប់​ប្រទេស​ផ្សេង​ដែរ ឬ យ៉ាង​ណានោះ ​វាគឺ​ជា​បញ្ហា​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត។

អ្នកស្រី Lo​ និយាយ​ថា ប្រទេស​ភាគច្រើន​អាច​យក​គំរូ​តាម​ប្រទេស​សិង្ហបុរី​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ចូលរួម​ពី​ក្រសួង​ទាំង​អស់ វិស័យ​ឯកជន និង​សាធារណជន ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា និងការទាក់ទង​ជាមួយ​នឹង​ពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់ និង​ដោយ​ស្មោះត្រង់។

លោក Lim បាន​សង្កត់​ធ្ងន់​ពី​អត្ថប្រយោជន៍​ក្នុងការ​ដែល​រដ្ឋាភិបាល​ និង​សង្គម មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ហើយ​ការ​ចាត់វិធានការ​យ៉ាងលឿន ជា​ជាង​ពី​ទំហំ​ធំ​ឬ​តូច​នៃ​ប្រទេស។ លោក​ផ្តល់​តម្លៃ​តិចតួច​ដល់​សារៈសំខាន់​នៃ​ការ​ដឹកនាំ​ដោយ​ឯកបក្ស​ដោយ​ធ្វើ​ការ​ឆ្លើយតប​ដោយ​ការ​ប្រើ​កម្លាំង និង​បាន​កត់សម្គាល់​ថា នៅ​ក្នុង​គ្រប់​ប្រទេស​ផ្តាច់ការ គឺ​តែងតែ​មាន​ក្រុម​សេរី។

លើស​ពី​នេះ ដោយ​មាន​ព័ត៌មាន​ក្លែងក្លាយ​ជា​ច្រើន​ទាក់ទងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះត្រូវ​បាន​ចែកចាយ លោក Lim និយាយ​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​ព័ត៌មាន​ដែល​ចេញ​ពី​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន អំពី​ជំងឺ​នេះ ព័ត៌មាន​ពី​របៀប​នៃ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល និង​អ្វី​ដែល​មនុស្សម្នា​អាច​ធ្វើ​បាន។ លោក​ដឹង​ថា មិន​មែន​ប្រទេស​ទាំង​អស់​អាច​ធ្វើ​បែប​នោះ​បាន​ទេ។

លោក Lim បាន​និយាយ​ទៀត​ថា៖

«ដូច​ពាក្យ​ចាស់​ពោល​អ៊ីចឹង​ គេ​ត្រូវ​ដាំ​ដើម​ឈើ​២០ឆ្នាំ​ ទើប​បាន​ម្លប់។ ដូច្នេះ រដ្ឋាភិបាល​ដែល​មិន​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ពលរដ្ឋ មិន​អាច​រំពឹង​ថា នឹង​ទទួល​បាន​ការ​ទុក​ចិត្ត​ក្នុង​ពេល​មួយ​ប៉ព្រិច​ភ្នែក​នោះ​ឡើយ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG