ប្រទេសអូស្រ្តាលី ជប៉ុន និងសិង្ហបុរី បានប្រកាសការពិនិត្យការធ្វើដំណើរដ៏តឹងរ៉ឹងកាលពីថ្ងៃសៅរ៍លើជនបរទេសដែលបាននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ ដោយការភ័យខ្លាចមេរោគកូរ៉ូណា បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសការរឹតត្បិតប្រហាក់ប្រហែលគ្នាហើយបានប្រកាសភាពអាសន្នខាងសុខភាពសាធារណៈកាលពីមួយថ្ងៃមុន។
ចំណាត់ការនេះ បានត្រូវធ្វើឡើងនៅពេលដែលរដ្ឋាភិបាលចិន បានប្រកាសពីការកើនឡើងនូវចំនួនអ្នកស្លាប់មកពីការផ្ទុះឡើងនូវមេរោគនេះ។
ពួកមន្រ្តីចិននៅក្នុងខេត្តហ៊ូបេភាគកណ្តាលដែលជាទីកន្លែងផ្ទុះឡើងនូវមេរោគនោះ បានចាប់ផ្តើម បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា មនុស្សយ៉ាងហោចណាស់២៥៩នាក់ បានស្លាប់ហើយជិត១ម៉ឺន២ពាន់នាក់ទៀត បានឆ្លងមេរោគនោះ។
អង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនូវភាពអាសន្នសុខភាពសា កលកាលពីថ្ងៃព្រហស្បតិ៍ ដោយភ័យខ្លាចថា មេរោគនេះ អាចរាលដាលទៅកាន់ប្រទេសក្រីក្រដែលនឹងមានការលំបាកយ៉ាងខ្លាំងដើម្បីទប់ការរាលដាលនេះ។ អង្គការសុខភាពពិភពលោក (WHO) ប្រាប់ឲ្យដឹងថា ខ្លួនមិនបានផ្តល់អនុសាសន៍ថា ប្រទេសនានា ត្រូវផ្តួចផ្តើមការរឹតត្បិតការធ្វើដំណើរឬពាណិជ្ជកម្មជាមួយចិនទេ។
អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា មេរោគនោះ បានត្រូវគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ក៏២៣ដែរ ភាគច្រើននៃអ្នកដែលមានមេរោគទាំងនោះបានធ្វើដំណើរទៅកាន់ប្រទេសចិន។
ការបន្តការដាលនៃវីរុសនោះ បាននាំឲ្យលោក Alex Azar រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក បានប្រកាសភាពអាសន្នខាងសុខភាពសាធារណៈកាលពីថ្ងៃសុក្រ ហើយបានបដិសេធមិនឲ្យចូលក្នុងសហរដ្ឋអាមេរិកដល់ជនបរទេសណាដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ លើកលែងតែអ្នកដែលធ្វើដំណើរណាដែលមានសមាជិកក្រុមគ្រួសារសាច់ញាតិផ្ទាល់ជាពលរដ្ឋអាមេរិកាំង។
លោកក៏បាននិយាយដែរថា ពលរដ្ឋអាមេរិកាំងណាដែលបានធ្វើដំណើរទៅកាន់ខេត្ត ហ៊ូបេនៃប្រទេសចិនក្នុងអំឡុងពេល២សប្តាហ៍កន្លងមកនេះ នឹងត្រូវដាក់ឲ្យនៅដាច់ពី គេចំនួន១៤ថ្ងៃជារយៈពេលដែលមេរោគនោះបង្ករឡើង៕