លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនច្រានចោលការឆ្លើយតបខាងយោធាដល់ភាពគគ្លើននៅពេលអនាគតរបស់ប្រទេសកូរ៉េខាងជើងទេ ហើយថាសហរដ្ឋអាមេរិកនឹងស្វះស្វែងបង្កើនការដាក់សម្ពាធខាងហិរញ្ញវត្ថុនិងបន្ថែមភាពឯកកោអន្តរជាតិដល់រដ្ឋទុច្ចរិតនេះ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Tillerson បានថ្លែងក្នុងជំនួបកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហានុយក្លេអ៊ែរបស់កូរ៉េខាងជើងថា៖ «ដូចដែលយើងបាននិយាយកាលពីពេលមុន គ្រប់ជម្រើសទាំងអស់ដើម្បីឆ្លើយតបដល់ការបង្កហេតុនៅថ្ងៃអនាគត ត្រូវតែនៅលើតុចរចា»។ លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំងបានព្រមានទៀតថា៖ «យើងពេញចិត្តយ៉ាងខ្លាំងក្នុងការចរចាដើម្បីដោះស្រាយបញ្ហានោះ ក៏ប៉ុន្តែយើងបានតាំងចិត្តការពារខ្លួនរបស់យើង ហើយនិងសម្ព័ន្ធមិត្តរបស់យើងដើម្បីប្រឆាំងនឹងភាពគគ្លើនរបស់ប្រទេសកូរ៉េខាងជើង»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson មានប្រសាសន៍ទៀតថា យុទ្ធនាការថ្មីនៃការពង្រីកការដាក់សម្ពាធនឹងត្រូវអនុវត្តហើយនឹងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់កូរ៉េខាងជើង។ ក៏ប៉ុន្តែ លោករដ្ឋមន្រ្តីការបរទេសបាននិយាយទទូចថា ការផ្លាស់ប្តូររបបមិនមែនជាផ្នែកមួយនៃការដាក់សម្ពាធនោះទេ។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា ការចរចានឹងមិនកើតមានឡើងមុនពេលកូរ៉េខាងជើងចាត់វិធានការយ៉ាងសុក្រិត្យដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែខុសច្បាប់របស់ខ្លួនទេ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំង Tillerson បានលាតត្រដាងពីអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឲ្យសហគមន៍អន្តរជាតិធ្វើដើម្បីបញ្ឈប់ការស្វែងរកអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដោយបានអំពាវនាវឲ្យបង្កើនការដាក់សម្ពាធខាងការទូតនិងសេដ្ឋកិច្ចលើរដ្ឋាភិបាលក្រុងព្យូងយ៉ាង ដើម្បីធ្វើឲ្យកូរ៉េខាងជើងផ្លាស់ប្តូរមហិច្ឆតានេះ ដោយរួមមានការដាក់ទណ្ឌកម្មថ្មីផង៕