ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​នឹង​ពន្យល់​ដោយ​សង្ខេប​អំពី​ព័ត៌មាន​សំងាត់​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង


នេះ​ជារូប​ភាព​ហែក្បួន​មីស៊ីល​នៅ​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃសៅរ៍​ទី​១០ តុលា​​២០១៥ ក្នុង​ប្រទេស​កូរ៉េ​ខាងជើងក្នុង​ពិធី​អបអរ​ការ​កកើត​នៃ​គណបក្ស​កាន់អំណាច​របស់​ខ្លួន។
នេះ​ជារូប​ភាព​ហែក្បួន​មីស៊ីល​នៅ​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃសៅរ៍​ទី​១០ តុលា​​២០១៥ ក្នុង​ប្រទេស​កូរ៉េ​ខាងជើងក្នុង​ពិធី​អបអរ​ការ​កកើត​នៃ​គណបក្ស​កាន់អំណាច​របស់​ខ្លួន។

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ទាំង ១០០រូប ត្រូវ​បាន​អញ្ជើញ​មក​កាន់​សេតវិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បី​ពន្យល់​ដោយ​សង្ខេប​អំពី​ព័ត៌មាន​សំងាត់​នានា ដែល​ពាក់ព័ន្ធ​ជា​ពិសេស​ជាមួយ​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​រដ្ឋបាល​ប្រធានាធិបតី កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ការ​ពន្យល់​ដោយ​សង្ខេប​អំពី​ព័ត៌មាន​សំងាត់​នានា​នេះ នឹង​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Jim Mattis រដ្ឋមន្ត្រី​ការបរទេស លោក Rex Tillerson ប្រធាន​ទីភ្នាក់ងារ​ជាតិ​ស៊ើបការណ៍​សំងាត់ លោក Dan Coats និង​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ លោក​ឧត្តមសេនីយ Joe Dunford។

ជា​ទូទៅ ការ​ពន្យល់​ដោយ​សង្ខេប​អំពី​ព័ត៌មាន​សំងាត់​នានា​នេះ ធ្វើ​ឡើង​នៅ​ឯ​អាគារ​សភា ដែល​កម្រ​ធ្វើ​ឡើង​នៅ​ឯ​សេតវិមាន​ប្រធានាធិបតី​ណាស់។ មួយ​វិញ​ទៀត ការ​ចូលរួម​របស់​សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​នៅ​ក្នុង​ការ​ពន្យល់​ដោយ​សង្ខេប​អំពី​ព័ត៌មាន​សំងាត់​នេះ ក្នុង​ពេល​តែ​មួយ ក៏​ជា​រឿង​ដ៏​កម្រ​ដែរ។

ក្នុង​អំឡុង​ពេល​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​អគ្គរដ្ឋទូត​នានា​នៃ​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ប្រធានាធិបតី Donald Trump បាន​ហៅ «ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង» ថា​ជា​ស្ថានការណ៍ ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

លោក Trump បាន​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវតែ​ត្រៀម​ខ្លួន ដើម្បី​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​ជាង​មុន​បន្ថែម​ទៀត លើ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG