ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Mike Pence៖ សហរដ្ឋ​អាមេរិក​ជឿជាក់ថា​ចិន​នឹង​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​ឲ្យ​កូរ៉េខាងជើង​លុប​កម្មវិធី​នុយក្លេអ៊ែរ


អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence (ឆ្វេង) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នាយករដ្ឋមន្រ្តី​ Malcolm Turnbull ក្នុង​ទីក្រុង​ស៊ីដនី​កាល​ពី​ឆ្នាំ​២២ មេសា ២០១៧។
អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence (ឆ្វេង) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នាយករដ្ឋមន្រ្តី​ Malcolm Turnbull ក្នុង​ទីក្រុង​ស៊ីដនី​កាល​ពី​ឆ្នាំ​២២ មេសា ២០១៧។

លោក​អនុប្រធានាធិបតី​ស.រ.អា. Mike Pence បានមាន​ប្រសាសន៍​ថា​ស.រ.អា.​មានការ​ទុក​ចិត្តថា​ប្រទេស​ចិន​នឹងធ្វើសកម្មភាព​ច្រើន​ថែម​ទៀត​ដើម្បី​ដាក់​សម្ពាធលើ​ប្រទេស​កូរ៉េខាង​ជើងឱ្យ​ប្រទេស​នេះ​ទម្លាក់​ចោល​កម្មវិធី​អាវុធ​បរមាណូ​របស់​ផង​ខ្លួន។

លោក​ Pence បានមាន​ប្រសាសន៍​ដូច្នេះ​នៅ​ថ្ងៃ​សៅរ៍​នេះក្នុង​ក្រុង​ស៊ីដនី​នៅ​ក្នុង​សន្និសីត​កាសែត​រួម​គ្នា​មួយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្រ្តាលី​ Malcolm Turnbull។​

ស.រ.អា.និង​ប្រទេស​អូស្រ្តាលី បាន​ដាក់​គំនាប​សង្កត់​លើ​ប្រទេស​ចិនឱ្យមាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​មុន​ក្នុង​ជះ​ឥទ្ធិពលលើ​កូរ៉េខាង​ជើង​ឱ្យ​ប្រទេស​នេះ​បោះបង់​ចោល​កម្មវិធី​បរមាណូ​របស់ផង​ខ្លួន។

លោក Pence បាន​មាន​ប្រសាសន៍​ថា​កម្មវីធី​កាំជ្រួច មីស៊ីល ផ្លោង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង «តំណាង​ការ​គំរាមកំហែង​មួយ​ដល់​ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់នេះ​និង​មាន​សក្តានុពល​ជា​ការ​គំរាមកំហែង​មួយ​ដល់​ស.រ.អា.ដី​គោក​ផងដែរ»។

លោក​អនុប្រធានាធិបតី​ស.រ.អា.​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ទី​មួយ​របស់​រដ្ឋបាល​ Trump ដែល​ទៅ​ទស្សនា​ប្រទេស អូស្រ្តាលី បាននិយាយ​ថា «ការ​បន្ត​ឋិត​នៅ​លើ​មាគារ​ដែល​ពិភព​លោក​នៅ​ជា​មួយ​កូរ៉េខាង​ជើង​កាលពី​២៥ឆ្នាំ​កន្លង​ទៅ​នេះ​ជា​ការ​មិន​អាច​ទទួល​យក​បានទេ»។

លោក Pence បាន​មាន​ប្រសាសន៍​ថា​កង​នាវា​ចម្បាំងមួយ​ដឹកនាំ​ដោយ​នាវាផ្ទុក​យន្តហោះ USS Carl Vinson ដែល​ធ្វើដំណើរ​ទៅ​កាន់ផ្ទៃសមុទ្រ​ទល់មុខ​នឹង​ឆ្នេរសមុទ្រ​ឧបទ្វីបកូរ៉េ​នឹង​ទៅ​ដល់សមុទ្រ​ជប៉ុន​ក្នុង​ពេល​ប៉ុន្មានថ្ងៃ​ខាងមុខនេះ។​

លោក Turnbull បានមាន​ប្រសាសន៍​ថា​ប្រទេស​ចិនគួរ​ប្រើឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បីបង្ខំ​ប្រទេស​កូរ៉េខាង​ជើង​ឱ្យ​គោរព​តាម​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.។

លោក Pence ក៏​បានបញ្ជាក់​ដែរ​ថា​ស.រ.អា.នឹង​ធ្វើតាមកម្មវិធី​ជន​ភៀសខ្លួន​ចម្រូងចម្រាស់​មួយ​ជាមួយ​ប្រទេស អូស្រ្តាលី ដែលនឹង​យក​អ្នកស្វះស្វែង​សុំសិទ្ធិ​ជ្រកកោន​១ពាន់២រយ៥០​នាក់ឱ្យ​មក​តាំង​លំនៅ​ដ្ឋាន​ជា​ថ្មី​ក្នុង​ប្រទេសអាមេរិក។​ប្រធានាធិបតី​ Trump បាន​ព៌ណនា​កិច្ចព្រមព្រៀង​របស់​រដ្ឋបាលលោក Obama អំពី​ជន​ភៀសខ្លួន​ថា ​«ល្ងីល្ងើ»។

លោកអនុប្រធានាធិបតី​ស.រ.អា. Mike Pence កំពុង​ឋិត​នៅ​ក្នុងប្រទេស​ចុង​ក្រោយ​បង្អស់នៃ​ដំណើរ​ទស្សនកិច្ច​១០ថ្ងៃ​របស់​លោកក្នុង​ប្រទេស​បួន​ក្នុង​ទ្វីបអាស៊ីដែល​បាននាំ​លោក​ទៅ​កាន់ប្រទេស​កូរ៉េខាង​ត្បូង ជប៉ុននិង​ប្រទេសឥណ្ឌូនេស៊ី​រួច​ស្រេច​ហើយ៕

XS
SM
MD
LG