ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ពិភាក្សា​បញ្ហា​កូរ៉េ​ខាង​ជើង​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ចិន និង​ជប៉ុន


ទាហាន​កូរ៉េ​ខាងជើង​គោរព​ទង់ជាតិ​ក្នុង​ការហែក្បួន​ដើម្បី​ប្រារព្ធពិធី​ខួប​កំណើត​ទី​១០៥​របស់​លោក​ Kim Il Sung ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។
ទាហាន​កូរ៉េ​ខាងជើង​គោរព​ទង់ជាតិ​ក្នុង​ការហែក្បួន​ដើម្បី​ប្រារព្ធពិធី​ខួប​កំណើត​ទី​១០៥​របស់​លោក​ Kim Il Sung ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ជា​ថ្មី​ម្ដង​ទៀត បាន​ទូរស័ព្ទ​ពី​សេតវិមាន​ទៅ​កាន់​មេដឹកនាំ​នៃ​ប្រទេស​ជប៉ុន និង​ចិន ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង។

ការ​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ៣០ នាទី រវាង​លោក Trump និង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe គឺ​ក្នុង​គោល​បំណង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​ធ្វើ​សកម្មភាព​បង្ក​ហេតុ​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន។

លោក Abe បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ជប៉ុន និង​សហរដ្ឋ​អាមេរិក ឯកភាព​គ្នា​ទាមទារ​ឲ្យ​កូរ៉េ​ខាង​ជើង រក្សា​ភាព​អត់ធ្មត់‍»។

ប៉ុន្តែ ទាំង​លោក Trump ក៏​ដូចជា​លោក Abe ជឿជាក់​ថា ប្រទេស​ចិន​មាន​តួនាទី​សំខាន់​ជាង នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សង្កត់​ធ្ងន់​អំពី​ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​រំលោភ​របស់​កូរ៉េ​ខាង​ជើង លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ និង​បាន​បញ្ជាក់​ថា ភាគី​ទាំង​អស់​គួរតែ​ជៀសវាង​សកម្មភាព​ណា​មួយ ដែល​អាច​ប៉ះពាល់​បន្ថែម​ទៀត​ដល់​ស្ថានការណ៍​ដែល​កំពុង​តែ​តានតឹង​ស្រាប់​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ Xinhua។

គេ​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​ព្រួយ​បារម្ភ ដែល​ថា​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ របស់​ខ្លួន ដើម្បី​ប្រារព្ធ​ខួប​ទី ៨៥ នៃ​ការ​បង្កើត​កងទ័ព​ប្រជាជន​កូរ៉េ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក៕

XS
SM
MD
LG