ជាមួយនឹងភាពតានតឹងនៅឧបទ្វីបកូរ៉េដែលកើនឡើងដល់ចំណុចក្តៅគគុក ព្រឹទ្ធសភាអាមេរិកទាំងអស់នឹងធ្វើដំណើរទៅកាន់សេតវិមានក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំបញ្ចេញព័ត៌មានសម្ងាត់មួយស្តីពីការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង និងយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក Trump ក្នុងការប្រឈមនឹងការគំរាមកំហែងនេះ។
សមាជិកព្រឹទ្ធសភាពីខាងគណបក្សនយោបាយទាំងពីរនឹងទៅចូលរួមក្នុងកិច្ចប្រជុំដែលនឹងលើកឡើងថា កូរ៉េខាងជើងកំពុងតែប្រជែងផលិតនុយក្លេអ៊ែរដែលមានសមត្ថភាពអាចវាយប្រហារទៅលើសហរដ្ឋអាមេរិកបាន។
លោកស្រីសមាជិកព្រឹទ្ធសភា Susan Collins បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង VOA ថា «ខ្ញុំចង់ដឹងបន្ថែមទៀតអំពីសមត្ថភាពរបស់កូរ៉េខាងជើង កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការឲ្យចិនចូលរួមដាក់សម្ពាធទៅលើកូរ៉េខាងជើងដើម្បីបញ្ឈប់ និងចាត់វិធានការដាក់ទណ្ឌកម្មនានា ដែលយើងអាចនឹងមាន»។
លោក John McCain ប្រធានគណៈកម្មាធិការយោធារបស់ព្រឹទ្ធសភាបានពណ៌នាសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជាការគំរាមកំហែងមួយដែលមានលក្ខណៈប្រវត្តិសាស្ត្រ។
លោក McCain បានថ្លែងប្រាប់ VOA សេវា ស៊ែបថា «ខ្ញុំគិតថា ស្ថានភាពនេះគឺគ្រោះថ្នាក់ ដូចជាវិបត្តិគ្រាប់មីស៊ីលរបស់គុយបាដែលបានកើតឡើងអញ្ចឹង»។ លោកបានបន្ថែមថា របបរបស់លោក គីម ជុងអ៊ុន គឺមិនស្ថិតស្ថេរយ៉ាងខ្លាំង ដែលធ្ងន់ធ្ងរជាងរបបរបស់ឪពុក ឬជីតារបស់លោកទៅទៀត ដូច្នេះយោធាត្រូវតែជាជម្រើសមួយសម្រាប់ពិភាក្សា៕