សហរដ្ឋអាមេរិកបានសន្យាផ្ដល់ជំនួយ និងការវិនិយោគជាង ១០ ពាន់លានដុល្លារ ទៅឲ្យបណ្ដាប្រទេសនៅតំបន់អាមេរិកខាងជើង និងប្រទេសម៉ិកស៊ិក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីរារាំងការធ្វើចំណាកស្រុកខុសច្បាប់។
ថវិកាជិត ៦ ពាន់លានដុល្លារគឺសម្រាប់ជំនួយ និងការវិនិយោគនៅក្នុងប្រទេសអែលសាល់វាឌ័រ ហ្គាតេម៉ាឡា និងហុងឌុយរ៉ាស់។ រីឯថវិកាចំនួន ៤ ពាន់ ៨ រយលានដុល្លារទៀត គឺទុកសម្រាប់គម្រោងនានានៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកប្ដេជ្ញាធ្វើយ៉ាងណាឲ្យបណ្ដាប្រទេសនៅតំបន់អាមេរិកខាងជើងមានសុវត្ថិភាព និងរីកចម្រើន ដោយ «ការពង្រឹងសន្តិសុខ អភិបាលកិច្ច និងការរីកចម្រើនសេដ្ឋកិច្ច ដែលអាចបង្កើតឱកាស និងផលប្រយោជន៍ដ៏ប្រសើរជាងមុនសម្រាប់ប្រជាជននៅក្នុងតំបន់នោះ»។
សហរដ្ឋអាមេរិកក៏ចង់សហការជាមួយនឹងបណ្ដាប្រទេសទាំងនេះផងដែរ ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក ការជួញដូរគ្រឿងញៀន និងបញ្ហាក្រុមឧក្រិដ្ឋជន។
ភាពក្រីក្រ អំពើហិង្សារបស់ក្រុមឧក្រិដ្ឋជន និងកង្វះឱកាសការងារ បានធ្វើឲ្យជនចំណាកស្រុករាប់ពាន់នាក់នៃបណ្ដាប្រទេសនៅតំបន់អាមេរិកខាងជើង ជាពិសេសមកពីប្រទេសហុងឌុយរ៉ាស់ ធ្វើដំណើរជាក្រុមកាត់តាមប្រទេសម៉ិកស៊ិកក្នុងក្ដីសង្ឃឹមដើម្បីចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងមិនអនុញ្ញាតឲ្យជនចំណាកស្រុកទាំងនោះចូលក្នុងទឹកដីសហរដ្ឋអាមេរិកទេ ដោយលោកបានជំរុញសភាឲ្យអនុម័តសំណើថវិការបស់លោកចំនួន ៥ ពាន់លានដុល្លារ សម្រាប់សាងសង់ជញ្ជាំងព្រំដែន គឺតិចជាងថវិកាចំនួន ៦ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកសន្យាថានឹងផ្ដល់ជាជំនួយ និងការវិនិយោគដល់ប្រទេសអែលសាល់វាឌ័រ ហ្គាតេម៉ាឡា និងហុងឌុយរ៉ាស់ទៅទៀត៕