ក្រុមមេដឹកនាំសភាស.រ.អាខាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យប្រមូលផ្តុំគ្នានៅក្នុងវិមានសភា Capitol Hill ដើម្បីស្វះស្វែងឱ្យមានការសម្របសម្រួលគ្នាមួយនៅពេលដែលលោកប្រធានាធិបតី Donald Trump ហាក់ដូចជាដកថយពីការគំរាមកំហែងរបស់លោកក្នុងការបង្ខិតបង្ខំបិទរដ្ឋាភិបាលនៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។
នៅក្រោយលោកបាននិយាយកាលពីសប្តាហ៍មុនថា លោក«មានមោទនភាព» ក្នុងការបិទផ្នែកខ្លះនៃរដ្ឋាភិបាលដោយសារមានការទាមទាររបស់លោកឱ្យមានជញ្ជាំងព្រំដែនមួយ។
លោក Trump បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃអង្គារថា «យើងនឹងឃើញអ្វីដែលកើតមានឡើង។ វាជាការឆាប់រហ័សពេកដោយនិយាយអំពីរឿងនេះ។ យើងត្រូវការឱ្យមានសន្តិសុខព្រំដែន»។
រដ្ឋាភិបាលសហព័ន្ធនឹងចាប់ផ្តើមកាត់បន្ថយកិច្ចប្រតិបត្តិការមិនចាំបាច់នៅថ្ងៃសុក្រ ប្រសិនបើសភានិងសេតវិមានមិនអាចយល់ស្របគ្នាបានអំពីសេចក្តីព្រៀងច្បាប់ចំណាយសម្រាប់រយៈពេលយូរ ឬសម្រាប់រយៈពេលខ្លី។
បុគ្គលិករដ្ឋការសហព័ន្ធជាង ៨សែននាក់នឹងត្រូវឱ្យឈប់ធ្វើការជាបណ្តោះអាសន្ន ឬមួយធ្វើការដោយមិនបានទទួលប្រាក់ខែទេ ដែលជាអ្វីដែលគ្មាននរណាម្នាក់ចង់ឱ្យមានទេក្នុងពេលមួយអាទិត្យមុនបុណ្យណូអែល។
លោក Trump ចង់បានប្រាក់៥ពាន់លានដុល្លារដើម្បីស្ថាបនាជញ្ជាំងមួយតាមព្រំដែនរវាងស.រ.អា និងប្រទេសម៉ិចស៊ិកក៏ប៉ុន្តែមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំង និងព្រឹទ្ធសភាស.រ.អាបានប្រកែក។
កាលពីថ្ងៃអង្គារ លោក Mitch McConnell មេដឹកនាំក្រុមភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាបានស្នើប្រាក់១ពាន់៦រយលានដុល្លារសម្រាប់ការស្ថាបនារបងព្រំដែន ដែលជាទឹកប្រាក់បានត្រូវយល់ព្រមរួចហើយនៅក្នុងសេចក្តីព្រៀងច្បាប់មួយរបស់គណបក្សទាំងពីរអំពីសន្តិសុខមាតុភូមិ និងប្រាក់បន្ថែមចំនួន១ពាន់លានដុល្លារទៀត ដែលលោក Trump អាចប្រើប្រាស់នៅតាមព្រំដែន។
លោក McConnell បានហៅសំណើនេះថា «សមហេតុផល»។ ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រជាធិបតេយ្យថា ទេ៕