ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា សហរដ្ឋ​អាមេរិក «នឹង​មិន​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩» នោះ​ទេ


រូប​ឯកសារ៖ នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ ថ្ងៃទី១៧ ​ខែកញ្ញា ឆ្នាំ២០២០។
រូប​ឯកសារ៖ នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ ថ្ងៃទី១៧ ​ខែកញ្ញា ឆ្នាំ២០២០។

ដោយ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadow បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក «នឹង​មិន​គ្រប់គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​ទេ»។

ក៏ប៉ុន្តែ លោក Meadow បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន CNN ថា៖ «យើង​នឹង​គ្រប់គ្រង​ការពិត​ដែល​ថា​យើង​នឹង​មាន​វ៉ាក់សាំង វិធី​ព្យាបាល និង​វិធី​ផ្សេងៗ​ទៀត​ដើម្បី [កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ]»។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​លោក Jake Tapper នៃ​ទីភ្នាក់ងារ​ព័ត៌មាន CNN លោក Meadow បាន​ការពារ​ចំណាត់ការ​របស់​លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Meadow បាន​អះអាង​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថានការណ៍​មាន​ភាព​ប្រសើរ​ជាង​មុខ​ច្រើន។ លោក​ប្រធានាធិបតី​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ»។ ស្រប​ពេល​នោះ​ដែរ លោក Meadow បាន​និយាយ​ថា រី​ឯ​លោក Biden វិញ លោក «នឹង​បិទ​សកម្មភាព​សង្គម​ទាំង​អស់»។

លោក Biden ដែល​នាំមុខ​លោក Trump នៅ​ក្នុង​ការ​ស្ទង់​មតិ​ភាគ​ច្រើន​ទាំង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ និង​ការ​ស្ទង់​មតិ​នៅ​តាម​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង បាន​រិះគន់​ភា្លមៗ​លើ​ចំណាត់ការ​របស់​លោក Trump ចំពោះ​ជំងឺ​កូវីដ១៩ នេះ ដោយ​បាន​និយាយ​ថា លោក Trump បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួន​គ្មាន​សមត្ថភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ។

លោក Biden បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​ជា​ការ​ទទួល​ស្គាល់​ដោយ​ឥត​លាក់លៀម​នូវ​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី Trump ដែល​បាន​បង្ហាញ​តាំងពី​ដំបូង​នៃ​វិបត្តិ​នេះ ដែល​នោះ​គឺ​ការ​លើក​ទង់ជ័យ​ស​ចុះចាញ់ និង​ក្ដី​សង្ឃឹម​ដែល​ថា ដោយ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​វីរុស​នេះ វីរុស​នេះ​នឹង​បាត់​ដោយ​ឯកឯង។ វីរុស​នេះ​មិន​បាន​បាត់​នោះ​ទេ ហើយ​វា​ក៏​នឹង​មិន​បាត់ [ដោយ​ឯកឯង] នោះ​ដែរ»។

លោក Biden បាន​បន្ថែម​ថា៖ «វា​ហួស​ពេល​យូរ​ហើយ​សម្រាប់​លោក​ប្រធានាធិបតី Trump និង​រដ្ឋបាល​របស់​លោក​នៅ​ក្នុង​ការ​ស្ដាប់​តាម​អ្នក​វិទ្យាសាស្ត្រ ចាត់​វិធានការ និង​មិន​លែងសើច​ចំពោះ​ការ​គំរាមកំហែង​នៃ​វីរុស​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​សប្ដាហ៍ បាន​បណ្ដាល​ឲ្យ​មាន​ការ​បិទ​សាលារៀន និង​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​ការងារ​ធ្វើ​នេះ»។

សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក ឥឡូវ​នេះ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជិត ២២៥.០០០ នាក់ និង​អ្នក​ឆ្លង​ជិត ៨ លាន ៦ សែន​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ការព្រួយ​បារម្ភ​ភាគ​ច្រើន​គឺ​ការ​កើនឡើង​ខ្លាំង​នូវ​ការ​ឆ្លង​ថ្មី ដែល​មាន​រហូត​ដល់​ទៅ ៣២% គឺ​ស្មើ​នឹង​ជាង ៦៨.០០០ ករណី​ក្នុង​មួយ​ថ្ងៃ​កាល​ពី​សប្ដាហ៍​មុន និង​កើនឡើង​ដល់​ជិត ៨៤.០០០ ករណី កាលពី​ថ្ងៃ​សៅរ៍៕

XS
SM
MD
LG