ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួកមេដឹកនាំ​​​យោធា​អាមេរិក​សន្យា​គាំទ្រ​អ៊ុយក្រែន​«ទោះ​ជា​​យូរ​បែប​ណា​ក៏ដោយ‍»


រដ្ឋមន្ត្រី​​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ចូលរួម​កិច្ចប្រជុំ​អំពី​ប្រទេស​អ៊ុយក្រែន​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៣។

ពួកមន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​ជាន់ខ្ពស់ប្រជុំគ្នាក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពីថ្ងៃ​សុក្រ​ទី ២១មេសា​បានបញ្ជាក់ជា​ថ្មី​អំពី​ការសន្យា​របស់​សហរដ្ឋ​អាមេរិក​និង​ក្រុម​សម្ព័ន្ធមិត្ត​ថា​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី​«ទោះជា​យូរ​បែប​ណាក៏​ដោយ»។

រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin និងប្រធាន​ក្រុមនាយ​អគ្គសេនាធិការ ចម្រុះ​យោធពល​សហរដ្ឋ​អាមេរិក​លោក​ឧត្តមសេនិយ Mark Milleyបាន​និយាយទៅ​កាន់​ពួក​អ្នក​កាសែតនៅក្រោយ​ការប្រជុំ​លើកទី១១​នៃ​ក្រុម​ទំនាក់ទំនង​ការ​ពារ​ប្រទេស​អ៊ុយ ក្រែន UDCG នៅ​មូលដ្ឋាន​កងទ័ព​អាកាស Ramstein ក្នុងប្រទេស​អាល្លឺម៉ង់។

ក្រុម​នេះមាន​ប្រទេស​ជាតិជាង​៥០ជា​សមាជិក-គឺពួក​សមាជិក​អូតង់​និង​ប្រទេសជាតិយ៉ាង​តិច​ណាស់​២០ទៀតដែល​គាំទ្រ​ដល់​ការ​ការពារអ៊ុយក្រែន​ប្រឆាំង​នឹងការ​លុកលុយ​របស់​រុស្ស៊ីដោយ​ផ្តល់គ្រឿង​ឧបករណ៍​យោធា​និងការ​ហ្វឹកហ្វឺន។

លោក Austin បានមានប្រសាសន៍​ថាក្រុម UDCGបាន​ផ្តល់​ជំនួយ​សន្តិសុខ​ជាង៥៥ ពាន់​លាន​ដុល្លារ​ឱ្យ​អ៊ុយក្រែន​តាំង​ពីក្រុមនេះ​ត្រូវបានបង្កើតកាលពីមួយ​ឆ្នាំ​មុន​នេះ ដោយផ្តល់ឱ្យ​ប្រទេស​នេះ​នូវ​សមត្ថភាព​ច្រើន រួមមាន​មីស៊ីលច្រើនប្រភេទ​កាំភ្លើង​ធំនិង​ប្រព័ន្ធ​ការពារ​ដែន​អាកាស។

កាលពី​ពេល​ថ្មីៗបំផុត​នេះ​ ក្រុម UDCG បាន​ប្រគល់​រថក្រោះ​ជាង២៣០គ្រឿង​និង​រថ ពាស​ដែក​ជាង១ពាន់៥រយ៥០គ្រឿងដែលអនុញ្ញាតឱ្យ​កងយោធា​អ៊ុយក្រែន​អាចបង្កើត​កងពល​តូច​រថពាស​ដែក​ថ្មីៗជាង​៩ថែមទៀត។

លោក Austin ក៏បានបញ្ជាក់ដែរអំពី​ការ​ប្រគល់យ៉ាង​លឿននូវ​រថក្រោះ​ទំនើបផលិត​ដោយ​សហរដ្ឋ​អាមេរិកធុន M1A1 Abrams។ លោក​បាននិយាយ​ថា​រថក្រោះ​ប្រុងប្រៀប​ប្រយុទ្ធ ទាំង​នេះ​នឹងត្រូវប្រគល់ឱ្យ​អ៊ុយក្រែន​មិនហួស​ពីខែតុលា​ឆ្នាំនេះទេ គឺ​ឆាប់ជាងការរំពឹង​ទុក​ពីពេលមុន។ លោក​បានថ្លែង​ថា​រថក្រោះត្រូវ​ប្រើ​សម្រាប់តែការហ្វឹកហ្វឺន​នឹងដឹកជញ្ជូន​ដល់​អ៊ុយក្រែន​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។

ពួកមន្ត្រី​ខាង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាននិយាយថារថក្រោះទាំងនេះនឹង​ត្រូវ​បញ្ជូនទៅ​កាន់​មូលដ្ឋានយោធា​មួយនៅ​ Grafenwöhr ប្រទេសអាល្លឺម៉ង់ ដើម្បី​ឱ្យ​ពួក​ទាហា​អ៊ុយ ក្រែន​អាច​ចាប់ផ្តើមហ្វឹកហ្វឺន១០អាទិត្យអំពីការ​ប្រើប្រាស់រថក្រោះ​ទាំងនេះ។ ការ​ហ្វឹក ហ្វឺន​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកនេះនឹង​ទាក់ទិនជា​មួយ​ជនជាតិ​អ៊ុយក្រែន​ប្រមាណ២៥០ នាក់​ហើយពួកមន្ត្រី​បាននិយាយ​ថារថក្រោះធុន Abrams ៣១គ្រឿង​នឹង​ត្រូវ​ប្រគល់​ឱ្យ​អ៊ុយក្រែនមិនហួសពីរដូវ​ស្លឹកឈើ​ជ្រុះ​ទេ​ ដែល​លឿនជាង​ការរំពឹងទុក​ពីមុន។

ចក្រភព​អង់គ្លេសជាប្រទេស​ទីមួយដែលសន្យាផ្តល់​កង​រថក្រោះ​បស្ចឹមប្រទេស​ឱ្យប្រទេស​អ៊ុយក្រែន ដោយបញ្ជូន​រថក្រោះធុនChallenger 2 របស់ខ្លួន​ទៅ​ជួយ​ប្រយុទ្ធ។នៅ​ក្រោយ​ការប្រកាសអំពីការផ្តល់​រថក្រោះ​សហរដ្ឋ​អាមេរិកធុន Abrams កាលពី​ខែ​មករា អាល្លឺម៉ង់​បានប្រកាស​ថា​ខ្លួន​នឹងប្រគល់​កងរថក្រោះធុនLeopard 2ឱ្យអ៊ុយក្រែនហើយអនុញ្ញាតឱ្យ​ពួកសម្ព័ន្ធមិត្ត​ឯទៀតៗ​ដែលមានរថក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់​ដូចជា​ប្រទេស​ប៉ូឡូញ​ជាដើម ​ធ្វើ​ដូច្នេះដែរ។

លោក Michael O’Hanlon ជា​អ្នកស្រាវជ្រាវជាន់ខ្ពស់នៅស្ថាប័នBrookings។ លោក​បាន​និយាយ​ថា​ក្រុម​ទំនាក់ទំនង​ការ​ពារ​ប្រទេស​អ៊ុយក្រែន UDCG ធ្វើការ​បានល្អ​ជាង​ការរំពឹង​ទុកក្នុង​ការ​ផ្គត់ផ្គង់យុទ្ធោបករណ៍​ឱ្យ​អ៊ុយក្រែន ដែល​បង្ហាញ​ការប្តេជ្ញារបស់ពួក​ប្រទេស​លោក​ខាង​លិច​ក្នុង​ការប្រឈម​នឹងអំពើ​ឈ្លានពាន​របស់​រុស្ស៊ី​ហើយ​មាន«ការគាំទ្រដល់​អ៊ុយក្រែនដោយគ្មាន​កងកម្លាំង​ពួកគេ​នៅ​លើ​សមរភូមិ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ វីអូអេ

XS
SM
MD
LG