ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​បង្ហាញ​ថា ការចំណាយ​ខាង​យោធា​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាម​ត្រជាក់


ទាហាន​អ៊ុយក្រែន​ជិះ​ក្នុង​រថក្រោះ​តាម​ផ្លូវ​ក្នុង​ក្រុង Chasiv Yar ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន ក្បែរ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​ជិះ​ក្នុង​រថក្រោះ​តាម​ផ្លូវ​ក្នុង​ក្រុង Chasiv Yar ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន ក្បែរ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ​២០២៣។

ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​ពិភព​លោក​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ​ការ​ចំណាយ​ផ្នែក​យោធា​របស់​អឺរ៉ុប​បាន​កើន​ឡើងនៅ​ឆ្នាំ​២០២២ ​បន្ទាប់ពី​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ គឺ​ឈាន​ដល់​កម្រិត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​។​ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កំណើន​នៅ​ទ្វីប​អឺរ៉ុប​បាន​នាំ​ឱ្យ​ការចំណាយ​លើ​វិស័យ​យោធា​ពិភព​លោក​ឈាន​ដល់​កំណត់​ត្រា​លើក​ទី​ប្រាំ​បី​ជាប់ៗ​គ្នា​ គឺ​ ២,២៤ ​សែន​កោដិ​ដុល្លារ​ ឬ ​២,២% ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក។​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ ​Stockholm (SIPRI)។​

អ្នក​ស្រាវជ្រាវ ​Nan Tian ​ដែល​ជា​សហ​អ្នក​និពន្ធ​នៃ​ការ​សិក្សា​នេះ​បាន​ប្រាប់ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AFP ​ថា៖ ​«សង្រ្គាម​នៅ​អ៊ុយក្រែន​ជំរុញ​កំណើន​ចំណាយ​ថវិកា​របស់​អឺរ៉ុប​ប៉ុន្តែ​ក៏​មាន​ភាព​តានតឹង​ដែល​មិន​អាច​ដោះស្រាយ​បាន​ និង​កាន់​តែ​អាក្រក់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​រវាង​សហ​រដ្ឋ​អាមេរិក ​និង​ប្រទេស​ចិន​ដែរ»។​

ក្នុង​ឆ្នាំ ​២០២២​ អឺរ៉ុប​បាន​បន្ថែម​ ចំណាយ​សម្រាប់​កងទ័ព​ ១៣%​ លើស​កាលពី​១២​ ខែ​មុន​ ក្នុងឆ្នាំ​ ដែល​រុស្ស៊ី​ចូល​លុកលុយ អ៊ុយក្រែន។​

ក្រុម​អ្នកស្រាវជ្រាវ​ថា​ តួលេខ​នេះ​មិន​គិត​ពី​អត្រា​អតិផរណា​កើនឡើង​ខ្លាំង​នោះ​ទេ​ ដែល​មាន​ន័យថា​ ការ​ចំណាយ​ជាក់​ស្តែង​ គឺ​ច្រើន​ជាង​នេះ​ទៅ​ទៀត។​

នោះ​គឺ​ជា​កំណើន​ចំណាយ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ហើយ​ត្រឡប់​ទៅ​ដល់​កម្រិត​ចំណាយ​ជា​ប្រាក់​ដុល្លារ​ដូច​ក្នុង​ឆ្នាំ​១៩៨៩​ នៅ​ពេល​ដែល​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ត្រូវ​កម្ទេច​ចោល។​

លោក ​Tian ​បាន​និយាយ​ថា៖​ «នៅ​អឺរ៉ុប​ការ​ចំណាយ​មាន​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​ចប់»។​

គ្រាន់​តែ​ប្រទេស​អ៊ុយក្រែន​មួយ​បាន​បង្កើន​ការ​ចំណាយ​ប្រាំពីរ​ដង​ដល់​៤៤​ ពាន់​លាន​ដុល្លារ​ ឬ​មួយ​ភាគបី​នៃ​ ផលិត​ផល​ក្នុង​ស្រុក​សរុប។ ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ ​Stockholm បាន​កត់​សម្គាល់​ថា ​ប្រទេស​នេះ​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ពី​ការ​បរិច្ចាគ​អាវុធ​រាប់​ពាន់​លាន​ដុល្លារ​ពី​បរទេស។​

ការ​ប៉ាន់​ប្រមាណ​បាន​បង្ហាញ​ថា ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ការ​ចំណាយ​របស់​រុស្ស៊ី​បាន​កើន​ឡើង​ ៩,២% ​កាល​ពី​ឆ្នាំ​មុន។​

ការ​ចំណាយ​នៅ​អឺរ៉ុប​សរុប​ ៤៨០ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​ ​បាន​កើន​ឡើង​មួយ​ភាគ​បី​ក្នុង​ទស​វត្សរ៍​មុន​ ហើយ​និន្នាការ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត ​និង​បង្កើន​ល្បឿន​ក្នុង​ទស​វត្សរ៍​ក្រោយ៕​

XS
SM
MD
LG