ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកបានរាយការណ៍មកថា មានសញ្ញាចង្អុលបង្ហាញថា កូរ៉េខាងជើងកំពុងសាងសង់មីស៊ីលថ្មីបន្ថែមទៀត។
យោងតាមកាសែត The Washington Post ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់បានថ្លែងដោយអនាមិកថា កូរ៉េខាងជើងទំនងកំពុងសាងសង់យ៉ាងហោចណាស់មីស៊ីលមួយឬអាចនឹងសាងសង់ដល់ទៅពីរ នៅឯអាគារស្រាវជ្រាវទ្រង់ទ្រាយធំមួយក្នុងខេត្ត Sanumdong។
កាសែតនេះថ្លែងថា មានភស្តុតាងថ្មី រួមបញ្ចូលទាំងរូបថតផ្កាយរណប ដែលបង្ហាញមីស៊ីលទាំងនោះជាកាំជ្រួចមីស៊ីលឆ្លងទ្វីបដែលប្រើប្រាស់ថាមពលរាវ ហើយត្រូវបានសាងសង់ឡើងនៅឯរោងចក្រមួយដែលផលិតមីស៊ីលដំបូងបំផុតរបស់កូរ៉េខាងជើងដែលអាចមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។
កាសែត The Washington Post បានបន្ថែមថា ព័ត៌មានសម្ងាត់ថ្មីនេះមិនបានបង្ហាញថា កូរ៉េខាងជើងបានបង្កើនសមត្ថភាពកាំជ្រួចមីស៊ីលរបស់ខ្លួននោះទេ ប៉ុន្តែកំពុងតែធ្វើការដើម្បីធ្វើឲ្យអាវុធរបស់ខ្លួនកាន់តែទំនើប នៅប៉ុន្មានសប្តាហ៍បន្ទាប់ពីមានកិច្ចប្រជុំកំពូលនៅសិង្ហបុរីរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិកមិនមានអត្ថាធិប្បាយអ្វីទៅលើព័ត៌មានសម្ងាត់នោះទេ នៅពេលដែលលោកត្រូវបានសាកសួរអំពីបញ្ហានេះ៕