ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្រ្តី​ការ​បរទេស​ Pompeo ​ជំរុញ​ឲ្យ​ប្រទេស​នានា​បន្ត​ដាក់​គំនាប​លើ​កូរ៉េខាង​ជើង


រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Mike Pompeo និង​លោក​ស្រី Nikki Haley ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​​អ.ស.ប ថ្លែង​​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ នៅ​អ.ស.ប។
រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Mike Pompeo និង​លោក​ស្រី Nikki Haley ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​​អ.ស.ប ថ្លែង​​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ នៅ​អ.ស.ប។

លោក​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បន្ត​ដាក់​គំនាប​លើ​ប្រទេស​កូរ៉េខាង​ជើង​ដើម្បី​ឲ្យ​បោះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែរ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ​Pompeo​ បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​រយៈ​ពេល​ខ្លី​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ក្នុង​បូរី​ញូ​យ៉ក ថា​«ការ​ដាក់​ទណ្ឌកម្ម​ដ៏តឹង​តែង​មួយ​ជាការ​សំខាន់​ដល់​ការ​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​របស់​យើង។​ នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌ​កម្ម​មិនត្រូវ​បាន​អនុវត្ត​ សេច​ក្តីសង្ឃឹម​ដើម្បី​ធ្វើឲ្យ​កូរ៉េខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​បានត្រូវ​ចុះ​ថយ»។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​បាន​ធ្វើ​ការ​ជួប​ប្រជុំ​មួយ​ទល់​នឹង​មួយ​ជាមួយ​លោក​ស្រី​រដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ត្បូង ​Kang Kyung-whaនិង​លោក​អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហប្រជាជាតិ ​Antonio Gutterres។ លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​បាន​ថ្លែង​ប្រាប់​ត្រួសៗទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​និង​ប្រទេស​ជប៉ុន​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាល​ពីចុង​ខែ​នេះ​ទៅ​កាន់​រដ្ឋ​ធានី​ព្យុងយ៉ាង។

លោកស្រី​ Nikki Haley​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​បាន​អម​ដំណើរ​លោក​រដ្ឋ​មន្រ្តីការ​បរទេស។ ​អ្នក​ការទូត​កំពូល​អាមេរិក​រូបនេះ​បាន​ព្រមាន​ថា កូរ៉េ​ខាង​ជើង​កំពុង​ព្យាយាម​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ការ​រត់​ពន្ធ​ប្រេង​ចូល​ក្នុង​ប្រទេស​តាម​សមុទ្រ​ដែល​មាន​ចំនួន​ច្រើន​ជាង​អ្វី​ដែល​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

កាល​ពី​សប្តាហ៍​មុន ​សហរដ្ឋ​អាមេរិក​បាន​សុំ​ឲ្យ​គណៈ​កម្មាធិការ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ឃ្លាំ​មើល​ការអនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ហាម​ឃាត់​មិន​ដឹក​ជញ្ជូន​ប្រេង​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បន្ថែម​ទៀត នៅ​ក្នុងការ​ស្វះ​ស្វែង​កាត់ ផ្តាច់​ប្រាក់​ចំណូល​ដល់​កម្មវិធី​នុយក្លេអ៊ែរ​និងកាំ​ជ្រួចមីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េខាង​ជើង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG