ក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ បានសម្រេចថាមន្ត្រីជាន់ខ្ពស់៦រូបនៅទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រដ្ឋាភិបាល មិនបានប្រព្រឹត្តអំពើខុសឆ្គងអ្វីទេ នៅពេលដែលពួកគេបានប្រឆាំងតវ៉ាកាលពីឆ្នាំមុនថាប្រធានទីភ្នាក់ងារនេះ ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីលោក Donald Trump បានប៉ុនប៉ងធ្វើនយោបាយក្នុងប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន។
អគ្គអធិការកិច្ចនៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីពេលថ្មីនេះ បានសន្មតថាមន្ត្រីក្នុងរដ្ឋបាលលោក Trump រួមទាំងលោក Michael Pack ផង បានសងសឹកដោយខុសច្បាប់ ទៅលើមន្ត្រីជាន់ខ្ពស់ទាំង៦នាក់នោះ ដែល៥នាក់ក្នុងចំណោមនោះ ត្រូវបានតែងតាំងឲ្យកាន់ដំណែងឡើងវិញក្រោមរដ្ឋបាលលោកប្រធានាធិបតី Joe Biden។ ចំណែកមន្ត្រីទី៦ បានចូលនិវត្តន៍។
លោក Pack នៅពេលនោះជានាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល (U.S. Agency for Global Media ឬUSAGM)ដែលគ្រប់គ្រងបណ្តាញផ្សាយព័ត៌មានចំនួន៥គឺ សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (Radio Free Europe/Radio Liberty) វិទ្យុអាស៊ីសេរី(RFA) បណ្តាញផ្សាយព័ត៌មានមជ្ឈិមបូព៌ា (Middle East Broadcasting Network) និងការិយាល័យផ្សព្វផ្សាយគុយបា (Office of Cuba Broadcasting)។
អគ្គអធិការកិច្ច បានសម្រេចថាមន្ត្រីទាំង៦រូប ត្រូវបានការពារដោយច្បាប់សហរដ្ឋអាមេរិកក្នុងនាមជាអ្នករាយការណ៍ពីកំហុសឆ្គងរបស់ស្ថាប័ន នៅពេលដែលពួកគេបានលើកឡើងអំពីការព្រួយបារម្ភចំពោះទង្វើរបស់លោក Pack។ កាលពីខែសីហា ឆ្នាំ២០២០ លោក Pack បានផ្អាកសិទ្ធិទទួលព័ត៌មានសម្ងាត់របស់មន្ត្រីទាំង៦នាក់ ដែលជាលក្ខណ្ឌចាំបាច់សម្រាប់ការងាររបស់ពួកគេ ហើយបានដាក់មន្ត្រីទាំងនេះឲ្យឈប់សម្រាកនៅពេលដែលពួកគេត្រូវស៊ើបអង្គេត។ លោក Packថ្លែងថាទង្វើរបស់លោក មានគោលបំណងស្តារ«ការគោរពនីតិរដ្ឋក្នុងការងាររបស់យើង»។
មេធាវីពីរនាក់គឺលោក Robert Litt និងលោក Mark Zaid ដែលការពារក្តីឲ្យមន្ត្រីទាំង៥នាក់ បានថ្លែងថាអគ្គអធិការកិច្ចបានកំណត់ថាទង្វើរបស់លោក Pack «គ្មានមូលដ្ឋានស្របច្បាប់នោះទេ»។
មេធាវីទាំងពីរនាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការរកឃើញជាផ្លូវការនេះ គឺជាការបង្ហាញថាមន្ត្រីទាំង៦នាក់នោះ គ្មានទោសពៃអ្វីទាំងអស់ ហើយការណ៍នេះ លាងជម្រះកំណត់ត្រារបស់ពួកគេទាំងស្រុង»។
អាណត្តិរយៈពេល៦ខែដែលពោរពេញដោយរឿងចម្រូងចម្រាសរបស់លោក Pack ក្នុងនាមជាប្រធានUSAGM បានចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅពេលដែលលោកប្រធានាធិបតី Joe Bidenបានតម្រូវ និងទទួលយកការលាលែងចេញពីតំណែងរបស់លោក Pack តែក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក Biden បានស្បថចូលកាន់តំណែង។
អ្នកស្រី Kelu Chao ប្រធានស្តីទីនៃទីភា្នក់ងារ USAGM ដែលត្រូវតែងតាំងដោយលោក Biden បានតែងតាំងមន្ត្រីទាំង៥នាក់ក្នុងចំណោមមន្ត្រីទាំង៦នាក់នោះឲ្យចូលកាន់តំណែងវិញយ៉ាងឆាប់រហ័ស។
មន្ត្រីទាំង៥នាក់នោះរួមមាន លោកGrant Turner ប្រធានផ្នែកហិរញ្ញវត្ថុ លោក Shawn Powers ប្រធានផ្នែកយុទ្ធសាស្ត្រ លោកមេធាវី David Kligerman លោក Matt Walsh នាយករងផ្នែកប្រតិបត្តិការ និងអ្នកស្រី Oanh Tran នាយិកាប្រតិបត្តិ។ ចំណែក មន្ត្រីទី៦គឺអ្នកស្រី Marie Lennon បានសម្រេចចិត្តចូលនិវត្តន៍។
លោក David Seide មេធាវីម្នាក់ប្រចាំគម្រោងឃ្លាំមើលការទទួលខុសត្រូវរបស់រដ្ឋាភិបាល(Government Accountability Project) ដែលជាអង្គការការពារអ្នករាយការណ៍អំពីអំពើខុសឆ្គងរបស់រដ្ឋាភិបាល និងជាអ្នកតំណាងឲ្យលោក Turner ក្នុងបណ្តឹងប្រឆាំងលោក Pack បាននិយាយថាលោក Packនិងសម្ព័ន្ធមិត្តរបស់លោកដែលត្រូវបានតែងតាំងដោយលោក Trump បាន«បំពានច្បាប់ រំលោភអំណាចនិងបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសាធារណៈ ព្រមទាំងគ្រប់គ្រងទីភ្នាក់ងារ USAGM មិនបានត្រឹមត្រូវ»។
គម្រោងឃ្លាំមើលការទទួលខុសត្រូវរបស់រដ្ឋាភិបាលបានចោទប្រកាន់លោក Pack ថាលោកមិនបានអើពើអំពីគ្រោះថ្នាក់ចំពោះអ្នកកាសែតបរទេសដែលបម្រើការងារឲ្យ VOA ក្នុងសហរដ្ឋអាមេរិក ដោយការមិនព្រមចុះហត្ថលេខាលើឯកសារបន្តទិដ្ឋាការប្រភេទ J-1 ដល់អ្នកកាសែតទាំងនោះ ដើម្បីឲ្យពួកគេអាចចូលសហរដ្ឋអាមេរិកបាន ដូចតាមទម្លាប់ដែលត្រូវបានធ្វើរាប់ឆ្នាំមកហើយដោយថ្នាក់ដឹកនាំស្ថាប័ននេះមុនៗកន្លងមក។
ក្រុមឃ្លាំមើលនេះនិយាយថាអ្នកកាសែត VOA ម្នាក់ក្នុងប្រទេសចិន ត្រូវបានរដ្ឋាភិបាលចិនកាត់ទោស ហើយអ្នកកាសែតនោះបានរងការគំរាមកំហែងដល់ជីវិត។ ក្រុមឃ្លាំមើលនេះបន្តថាក្រសួងការបរទេសអាមេរិក បានយល់ព្រមផ្តល់ទិដ្ឋាការឲ្យអ្នកកាសែតនោះ ប៉ុន្តែលោក Pack បានបដិសេធ មិនព្រមចុះហត្ថលេខាលើឯកសារនោះទេ ហើយបានចោទសួរអ្នករិះគន់ទង្វើរបស់លោកថា«ហេតុអ្វីបានជាអ្នកដែលមិនមែនជាពលរដ្ឋអាមេរិកាំង ត្រូវបាននាំមកសហរដ្ឋអាមេរិក ដើម្បីរាយការណ៍អំពី«គំនិតនិងស្ថាប័នសំខាន់ៗរបស់អាមេរិក» ត្រឡប់ទៅកាន់តំបន់ផ្សេងៗលើពិភពលោកទៅវិញ?»
VOAផ្តល់ការងារដល់អ្នកកាសែតបរទេសរាប់សិបនាក់ ដោយអ្នកកាសែតជាច្រើន ត្រូវបានជ្រើសរើសដោយសារតែឯកទេសនិងចំណេះដឹងរបស់ពួកគេអំពីប្រទេសកំណើតរបស់ពួកគេនិងប្រធានបទសារព័ត៌មាននានាដែលអ្នកអាន អ្នកស្តាប់និងអ្នកទស្សនានៅក្រៅប្រទេស ចង់ដឹងជាងគេ។
លោក Pack ដែលជាអ្នកផលិតភាពយន្តអភិរក្សនិយមម្នាក់ ត្រូវបានតែងតាំងដោយលោក Trump ឲ្យដឹកនាំទីភ្នាក់ងារ USAGM កាលពីពាក់កណ្តាលឆ្នាំ២០១៨។ ដោយមានការជំទាស់ពីតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យនិងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋខ្លះផង ការតែងតាំងរូបលោក បានជាប់គាំងក្នុងព្រឹទ្ធសភាអស់រយៈពេល២ឆ្នាំ។ ប៉ុន្តែ លោកត្រូវបានព្រឹទ្ធសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅក្នុងខែមិថុនាឆ្នាំ២០២០ហើយក៏បានឡើងកាន់តំណែងថ្នាក់ដឹកនាំទីភ្នាក់ងារ USAGM មិនយូរប៉ុន្មាន បន្ទាប់ពីនោះមក៕
ប្រែសម្រួលដោយលោក សាយ មុន្នី