បន្ទាប់ពីមានសំណួរក្នុងបរិយាកាសដ៏ក្តៅគគុកពីវេទិកាដែលមានសមាជិកព្រឹទ្ធសភា ពីររូបនោះ លោក ម៉ាក ហ្ស៊ាគឺប៊ឺក (Mark Zuckerberg) ត្រូវត្រឡប់មកកាន់សភាវិញ នៅថ្ងៃពុធនេះ ដើម្បីចូលរួមឆ្លើយសំណួររបស់គណៈកម្មការសភាអំពីតម្លាភាពនៃ បណ្តាញសង្គមគឺប្រព័ន្ធកម្មវិធីហ្វេសប៊ុក និង ការសម្ងាត់របស់អ្នកប្រើប្រាស់។
ក្រុមសមាជិកសភាចង់ឲ្យមានការការពារប្រសើរជាងមុន បន្ទាប់ពីមានការរំលោភ បំពានទិន្នន័យដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់សិបលាននាក់។
លោក Chuck Grassley ជាប្រធានគណៈកម្មការតុលាការនៃសភាអាមេរិកាំងខាង គណបក្សសាធារណរដ្ឋ បានថ្លែងថា៖ «វាពិតជាមានការរំលោភយ៉ាងច្បាស់ក្រឡែតលើសេចក្តីទុកចិត្តរបស់អតិថិជន ហើយនិងទៅលើការផ្ទេរទិន្នន័យដែលទំនងជាមិនត្រឹមត្រូវទៀត»។
លោក ម៉ាក ហ្ស៊ាគឺប៊ឺក បានថ្លែងថ្មីៗនេះថា៖ «វាជាកំហុសរបស់ខ្ញុំ ហើយខ្ញុំសុំទោស»។
ក្រុមសមាជិកព្រឹទ្ធសភាបានទាមទារឲ្យមានវិធានការពីនាយកគ្រប់គ្រង ហ្វេសប៊ុក។
លោក Bill Nelson មេដឹកនាំកំពូលនៃគណៈកម្មាការពាណិជ្ជកម្ម ខាងគណបក្សប្រជាធិបតេយ្យមកពី រដ្ឋ Florida បានថ្លែងថា ប្រសិនបើហ្វេសប៊ុកនិងក្រុមហ៊ុនប្រព័ន្ធ បណ្តាញសង្គមផ្សេងទៀតមិនរៀបចំឲ្យបានត្រឹមត្រូវតាមច្បាប់ទម្លាប់ទេ គ្មាននរណា ម្នាក់ក្នុងចំណោមពួកយើងអាចរក្សាការសម្ងាត់បានទេ៕