ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook សារភាព​កំហុស ប៉ុន្តែ​នៅ​តែ​ខ្វះខាត​តម្លាភាព​ពាក់ព័ន្ធ​នឹង​ឯកជនភាព


លោក Mark Zuckerberg ចាកចេញ​ពី​កិច្ចប្រជុំ​ជាមយ​នឹង​លោក Bill Nelson សមាជិក​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។
លោក Mark Zuckerberg ចាកចេញ​ពី​កិច្ចប្រជុំ​ជាមយ​នឹង​លោក Bill Nelson សមាជិក​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​សូមទោស​ចំពោះ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា​ការ «រំលោភ​លើ​សេចក្តី​ទុក​ចិត្ត» ពាក់ព័ន្ធ​នឹង​ការ​កេងប្រយោជន៍​ពី​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​មាន​ចំនួន​ជិត​៨៧លាននាក់​ដោយ​ក្រុមហ៊ុន Cambridge Analytica។ មាន​ការ​ចោទ​សួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ស្របពេល​ដែល​នាយកប្រតិបត្តិ​ក្រុមហ៊ុន Facebook ត្រៀម​ខ្លួន​ចូល​ធ្វើ​សក្ខីកម្ម​នៅមុខ​សភា​នៅក្នុង​សប្តាហ៍​នេះ។ ប៉ុន្តែ​ថា​តើ​សវនាការ​នេះ​នឹង​ជួយ​ផ្លាស់ប្តូរ​បញ្ហា​សិទ្ធិ​ឯកជនភាព​នេះ​ដែរ​ឬ​យ៉ាង​ណា​នោះ។

លោក Mark Zuckerberg អាច​សារភាព​ទទួល​កំហុស​នៅ​ពេល​លោក​ធ្វើ​ខុស។ លោក​បាន​និយាយ​ថា៖ «យើង​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​អ្វី​ដែល​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង។ នោះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ ហើយ​វា​ជា​កំហុស​របស់​ខ្ញុំ»។

លោកស្រី Sheryl Sandberg នាយក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុនFacebook ក៏​ចូលរួម​ទទួល​កំហុស​ដែរ។ អ្នកស្រី​បាន​និយាយ​ថា៖ «យើង​ពិត​ជា​បាន​ធ្វើ​កំហុស​មួយ​យ៉ាង​ធំ​ ហើយ​យើង​សារភាព​ទទួល​កំហុស​នេះ»។

ប៉ុន្តែ​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Facebook មិន​ទទួល​យក​កំហុស​ទាំងអស់​នោះទេ។ លោក Zuckerberg បាន​ថ្លែង​បន្ត​ថា៖ «ព័ត៌មាន​ភាគច្រើន​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​នៅក្នុង Facebook គឺ​ដោយ​សារ​តែ​ពួកគេ​ជា​អ្នក​យល់ព្រម​ចែកចាយ​វា​នៅ​លើ​បណ្តាញ​នេះ»។ លោកស្រី Sandberg បាន​និយាយ​ដូច្នេះ​ថា៖ «ទិន្នន័យ​ទាំងនោះ​គឺ​ជា​ព័ត៌មាន​ដែល​អ្នកប្រើបា្រស់​បាន​បញ្ជូល​វា​នៅក្នុង Facebook ជា​សាធារណៈ មាន​ន័យ​ថា​អ្នកណា​ក៏​អាច​មើល​ឃើញ​ដែរ»។

ហេតុផល​ទាំង​នេះ​ប្រហែល​ជា​អាច​បណ្តាល​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​នៅ​សប្តាហ៍​នេះ ខណៈ​ដែល​លោក Zuckerberg ត្រៀម​ខ្លួន​ចូល​ធ្វើ​សក្ខីកម្ម​នៅ​មុខ​សភា​ ចំពោះ​ការបណ្តោយ​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ Cambridge Analytica យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជិត៨៧លាននាក់​ទៅ​ប្រើប្រាស់​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន។

លោក JOSEPH JEROME មក​ពី​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ និង​ប្រជាធិបតេយ្យ​បាន​និយាយ​តាម​ប្រព័ន្ធ Skype ថា៖​ «នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​និយម​ប្រើប្រាស់​កម្មវិធី​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ជាច្រើន​ដូចជា Facebook និង​កម្មវិធី Software ជា​ច្រើន​ទៀត។ ហើយ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ទាំងនោះ​ផ្ទាល់។ ហើយ​ការត្រួត​ពិនិត្យ​លក្ខខណ្ឌ​ និង​ការ​អនុវត្ត​មិន​ដែល​បាន​ធ្វើ​នោះ​ទេ។ វា​នៅ​មាន​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ»។

នេះ​មាន​ន័យ​ថា​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មាន​ការ​ខាតបង់​តិចតួច​ប៉ុណ្ណោះ​ចំពោះកំហុស​របស់​ពួកគេ។ លោក JOSEPH JEROME បានថ្លែងបន្តថា៖
«គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​ហៅ​កាត់​ថា FTC បាន​ផាកពិន័យ​ក្រុមហ៊ុន Google ប៉ុន្តែ​បាន​ពិន័យ​ជា​ប្រាក់​តែ​២០លានដុល្លារ​តែ​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​ជឿ​ថា​ចំនួន​នេះ​ប្រហែល​ជា​ស្មើ​នឹង​ចំនួន​ពាក់​កណ្តាល​នៃ​ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុ​នេះ​រក​បាន

ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​អ្នក​ដឹង​ហើយ​ថា​ការ​ផាកពិន័យ​គឺ​គ្រាន់​តែ​ជា​ថ្លៃ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ»។

ការ​ធ្វើ​អាជីវកម្ម​នោះ​នៅ​តែ​ត្រូវ​ការ​ការ​ចែកចាយ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជាមួយ​នឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ដែល​ជា​ភាគី​ទីបី។ ទោះ​បី​ជា​ខ្វះ​តម្លាភាព​ក៏​ដោយ លោកស្រី Sandberg និយាយ​ហាក់​ដូចជា​គោលបំណង​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​គឺ​អស្ចារ្យ។ អ្នកស្រី SANDBERG ថ្លែង​បន្ថែម​ថា៖ «យើង​ជឿជាក់​លើ​ពិភពលោក​មួយ​ដែល​មនុស្ស​អាច​ចែក​រំលែក​ព័ត៌មាន​ និង​ចូលរួម​ជា​មួយ​គ្នា។ យើង​គ្រាន់​តែ​មិន​បាន​គិត​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​ការ​ប្រើប្រាស់​ក្នុង​ករណី​មិន​សមរម្យ​មួយ​ចំនួន​ប៉ុណ្ណោះ»។

នៅ​ក្នុង​សបា្តហ៍​នេះ​ ពួកគេ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​កាន់​តែ​តឹងរឹង​ជាង​មុន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG